៨ខែឆ្នាំ២០១៩កម្ពុជានាំចេញអង្ករជាង៣៤ម៉ឺនតោន កើនឡើងតិចតូចបើធៀបនឹងឆ្នាំមុន
តាមរបាយការណ៍នាំចេញអង្ករ របស់លេខាធិការដ្ឋានច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ បានបង្ហាញថា ត្រឹមរយៈពេល៨ខែឆ្នាំ២០១៩នេះ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារក្រៅប្រទេសចំនួន ៣៤២,០៤៥តោន ដែលបានកើនឡើងត្រឹម ០,១% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨ ដែលកម្ពុជាយើងបាននាំចេញមានចំនួន ៣៤១,៦៣៨តោន។
របាយការណ៍ក៏បានបញ្ជាក់ដែរថា ប្រទេសដែលជាទីផ្សារធំសម្រាប់ការនាំចេញអង្កររបស់កម្ពុជាក្នុងរយៈពេល៨ខែឆ្នាំ២០១៩នេះគឺ ប្រទេសចិននៅតែឈរក្នុងលំដាប់ទីមួយ ដែលបាននាំចូលអង្ករកម្ពុជាចំនួន១៣ម៉ឺនតោន ទន្ទឹមគ្នានោះប្រទេសបារាំងបានឈរជាទីផ្សារធំលំដាប់លេខ១ក្នុងតំបន់អឺរ៉ុបដែលទទួលទិញអង្ករពីប្រទេសកម្ពុជាច្រើនជាងគេ មានចំនួន៥ម៉ឺនតោន។ ក្រៅពីនោះរួមមានប្រទេសហ្កាបុង ឈរលំដាប់ទី២ដែលទទួលទិញ២ម៉ឺនតោន, ប្រុយណេជាង១,៦តោន និងម៉ាឡេស៊ីជាង ១,៥ម៉ឺនតោន។
គួរបញ្ជាក់ផងដែរថា កាលពីឆមាសទី១ឆ្នាំ២០១៩ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិចំនួន ២៨១,៥៣៨តោន និងកើនឡើង ៣៧០ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨ ដែលការនាំចេញមានចំនួន ២៧១,៥៣៧តោន៕
ដោយ៖ ជួប ស្រីរ័ត្ន