រដ្ឋាភិបាល​គ្រោង​សង់​ផ្លូវ​ថ្មើរ​ជើង​ថ្មី​បង្អួត​សម្រស់​ទន្លេ​៤​មុខ​ដល់​ទេសចរ​អន្តរជាតិ​



ដើម្បី​ចូលរួម​ចំណែក​លើក​ស្ទួយ​វិស័យ​ទេសចរណ៍ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ចាប់​ផ្ដើម​លើក​គម្រោង​បង្កើត​កញ្ចប់​ទេសចរណ៍​មួយ​កន្លែង​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ។  ជា​មួយ​គ្នា​នេះ​ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​សម្រេច​បង្កើត​ក្រុម​ការងារ​ពិសេស​មួយ​ ដើម្បី​ចុះ​សិក្សា​ពី​បញ្ហា​ផ្សេងៗ​ជុំវិញ​ការ​បង្កើត​ផ្លូវ​ថ្មើរ​ជើង​ថ្មី​មួយ​នេះ។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​ក្រសួង​ព័ត៌មាន។ 

ផ្លូវ​ថ្មើរ​ជើង​តាម​ដង​ទន្លេ​នេះ​នឹង​សាងសង់​ចេញ​ពី មុខ​ប្រៃសណីយ៍​ឆ្ពោះ​ទៅ​មុខ​ព្រះ​បរម​រាជវាំង ដើម្បី​ទាក់​ទាញ និង​បំពេញ​តម្រូវ​ការ​របស់​ទេសចរណ៍​អន្តរជាតិ ដែល​អនុញ្ញាត​ឲ្យ​ពួក​គាត់​បាន​ដើរ​ស្រូប​យក​ខ្យល់​អាកាស​បរិសុទ្ធ និង​ទស្សនា​ទិដ្ឋភាព​ដ៏​ស្រស់​ត្រកាល​នៃ​ទន្លេ​៤​មុខ​របស់​កម្ពុជា។ 

ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​ក្រុម​ការងារ​បច្ចេកទេស​របស់​សាលា​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​០៥ ខែ​កក្កដា ឆ្នាំ​២០១៩​នេះ ឯកឧត្ដម ខួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ គម្រោង​បង្កើត​ផ្លូវ​ថ្មើរ​ជើង​នេះ​និង​ក្លាយ​ជា​កញ្ចប់​ទេសចរណ៍​ថ្មី​សម្រាប់​រាជធានី​ភ្នំពេញ។ ក្នុង​នោះ​ដែរ​ឯកឧត្ដម​បាន​ណែនាំ​ឲ្យ​ក្រុម​ការងារ ​សិក្សា​ពី​ពេលវេលា​ ប្រព័ន្ធ​បញ្ចៀស​ចរាចរណ៍ និង​កន្លែង​ចំណត​ឲ្យ​បាន​ត្រឹម​ត្រូវ ដើម្បី​ឲ្យ​កញ្ចប់​ទេសចរណ៍​ថ្មី​នេះ​អាច​ដំណើរ​ការ​ទៅ​មុខ​ដោយ​រលូន និង​គ្មាន​ការ​រំខាន​ដល់​ពលរដ្ឋ។

កន្លង​មក​ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ ធ្លាប់​បាន​បញ្ជាក់​ថា ផ្លូវ​ថ្មើរជើង​នេះ​នឹង​បើក​ចំនួន​៣​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍ គឺ​ក្នុង​ថ្ងៃ​សុក្រ សៅរ៍ និង​អាទិត្យ ដែល​មិន​អនុញ្ញាត​ឲ្យ​មាន​យាន​ជំនិះ​ឆ្លង​កាត់​ឡើយ ពោល​គឺ​សម្រាប់​តែ​ថ្មើរជើង​ប៉ុណ្ណោះ។ 

គួរ​បញ្ជាក់​ថា គម្រោង​បង្កើត​កញ្ចប់​ទេសចរណ៍​ថ្មើរ​ជើង​នេះ​ធ្វើ​ឡើង​ក្រោម​កិច្ច​សហការ​រវាង​សាលា​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ក្រសួង​ទេសចរណ៍​ ក្រោម​ការ​ចង្អុល​បង្ហាញ​ដោយ​ ឯកឧត្ដម​ឧបនាយក​រដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រី​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ៕

X
5s