មុនចេញរកស៊ីអ្នកគួររៀនមើលកំហុសចំនួន៨ នេះរបស់អ្នករកស៊ីថ្មីថ្មោងឲ្យហើយសិនទៅ!
នៅពេលអ្នកក្លាយជាអ្នករកស៊ីថ្មីថ្មោង ច្បាស់ណាស់បទពិសោធន៍របស់អ្នកនៅក្មេងខ្ចី។ នៅក្នុងកាលៈទេសៈនេះ អ្នកមិនអាចមើលឃើញបញ្ហាប្រឈមផ្សេងៗបានគ្រប់ជ្រុងជ្រោយបានទេ។ អ្វីៗអ្នកត្រូវផ្តើមឡើងដោយការធ្វើជំនួញផង រៀនយកបទពិសោធន៍ផង ខណៈដែលច្រកទ្វាជោគជ័យ និងបរាជ័យកំពុងដើរទន្ទឹមគ្នា។
ដើម្បីអាចកាត់បន្ថយក៏ដូចជាចង់បង្ការហានិភ័យមិនឲ្យកើតមានឡើង ការរៀនស្វែងយល់ពីបទពិសោធន៍អ្នកធ្លាប់រកស៊ីកន្លងមក គឺជារឿងល្អបំផុតមួយ។ អ្នកទាំងនោះគឺជាគ្រូដ៏ល្អសម្រាប់ផ្តល់មេរៀនឲ្យអ្នកថា តើត្រូវត្រៀមខ្លួនអ្វីខ្លះដើម្បីចេញរកស៊ី? ធ្វើម៉េចទើបមិនឲ្យមានកំហុសកើតមានឡើង? ដូចខាងក្រោមនេះស្រាប់ អ្នកអាចរៀនសូត្របានពីបទពិសោធន៍របស់អ្នករកស៊ីថ្មីថ្មោងដែលច្រើនតែបង្កើតកំហុសរបស់ខ្លួនឡើងនៅពេលចាប់ផ្តើមចេញរកស៊ី៖
១.យល់ច្រឡំថា ការចំណាយដើមទុន និងពេលវេលាស្របតាមផែនការដែលបានគ្រោងទុក
មុននឹងចេញរកស៊ីស្តាប់ទៅ អ្នកហាក់ដូចជាមានគម្រោងផែនការគិតគូរល្អិតល្អន់ណាស់ថា តើត្រូវការដើមទុនប៉ុន្មាន? ប្រើពេលច្រើនប៉ុណ្ណាដើម្បីរកចំណូលត្រឡប់មកវិញ? ក៏ប៉ុន្តែនៅក្នុងទិដ្ឋភាពជាក់ស្តែង វាមិនដូចផែនការដែលអ្នកគ្រោងទុកទាំងស្រុងនោះទេ។ អ្នកអាចត្រូវការចំណាយច្រើនជាងនោះទ្វេដង ៣ ដង ឬ៤ដងក៏មាន ហើយការរកចំណូលត្រឡប់មកវិញ អាចប្រើពេលយូរហួសពីអ្វី ដែលអ្នកបានគិតទៀតផង។ ប្រការល្អ អ្នកគួរត្រៀមប្រាក់ទុកជាមុនឲ្យបានច្រើនកាន់តែល្អ ឬក៏ធ្វើការឲ្យគេបណ្តើរ ឆ្លៀតរកស៊ីបណ្តើរ។
២.រង់ចាំយូរពេកមិនព្រមចាប់ផ្តើមបើកអាជីវកម្ម
ការចំណាយពេលដើម្បីរៀបចំផែនការអាជីវកម្ម និងស្រាវជ្រាវទីផ្សារគឺជារឿងល្អមុនចាប់ផ្តើមអាជីវកម្មរបស់អ្នក។ ក៏ប៉ុន្តែមានសហគ្រិនថ្មីថ្មោងជាច្រើនបានបង្កើតកំហុសនៅទីនេះដោយបានបណ្តែតបណ្តោយពេលវេលាឲ្យទៅកន្លងផុត ឬរង់ចាំមានអ្វីៗគ្រប់យ៉ាងបានចាប់ផ្តើមចេញរកស៊ី។ សូមចាំថា ចង់បើកអាជីវកម្មមួយអ្នកមិន គួររង់ចាំភាពល្អឥតខ្ចោះនោះទេ។ អ្នកត្រូវចេញរកស៊ីផងរៀនសូត្រពីអតិថិជនផង។ អ្នកមិនអាចបង្កើតអាជីវកម្មល្អឥតខ្ចោះតាំងពីដំបូងដៃបានទេ ។ អ្វីដែលសំខាន់អ្នកត្រូវផ្តល់គុណតម្លៃអាជីវកម្មរបស់អ្នកដល់អតិថិជន និងឲ្យពួកគេបង្រៀនអ្នកវិញផងដែរពីអ្វីដែលពួកគេត្រូវការបំផុត។
៣. មិនបានស្រាវជ្រាវមើលគូប្រជែងរបស់ខ្លួនជាមុន
នេះជាកំហុសមួយទៀតរបស់អ្នកចង់រកស៊ីថ្មីថ្មោង។ ពួកគេប្រហែលជាគិតថា ផលិតផលរបស់ខ្លួននឹងមានគុណភាពល្អជាងគេ និងអាចមានអតិថិជនគាំទ្រច្រើនទាំងដែលខ្លួនឯងមិនទាន់បានស្គាល់ច្បាស់ពីគូប្រជែងរបស់ខ្លួនផងនោះ។ នៅពេលអ្នកមានផលិតផល ឬសេវាកម្មក្នុងដៃ អ្នកមិនមែនគិតតែធ្វើយ៉ាងណាបញ្ចុះបញ្ចូលអតិថិជនឲ្យទិញវាតែម្យ៉ាងប៉ុណ្ណោះនោះទេ។ ជាការពិត គូប្រជែងរបស់អ្នកសំខាន់ណាស់។ ចំណុចខ្លាំងរបស់ពួកគេ នឹងប្រាប់អ្នកឲ្យកែលំអចំណុចខ្សោយរបស់អ្នក។ បើអ្នកស្គាល់គូប្រជែងបានច្បាស់ អ្នកនឹងមានគំនិតច្នៃប្រឌិតថ្មីៗ ដើម្បីប្រកួតប្រជែងជាមួយពួកគេ។ គូប្រជែងនេះហើយក៏ជាអ្នកដែលអាចជួយកំណត់ថា អ្នកកំពុងឈរនៅទីតាំងកម្រិតណា។
៤.ងប់ងុលទៅនឹងគំនិតអាជីវកម្មរបស់ខ្លួនឯងពេក
មានស្ថាបនិកថ្មីៗមួយចំនួនខ្លះទៀតត្រូវបានគេមើលឃើញថា ងប់ងុលតែនឹងគំនិតរបស់ខ្លួនតែប៉ុណ្ណោះ ។ ជារឿយៗពួកគេមិនបានខិតខំប្រឹងប្រែងដើម្បីរកឲ្យឃើញថា នរណាខ្លះទៀតកំពុងស្រឡាញ់អ្វីដែលខ្លួនកំពុងចង់ធ្វើនោះ។ វាមិនមែនជារឿងអាក្រក់ពេកនោះទេដែលអ្នកដាក់ចិត្តស្រលាញ់មុខជំនួញរបស់អ្នក ក៏ប៉ុន្តែការមានគំនិតបែបនេះខ្លាំងពេកតែងតែធ្វើឲ្យអ្នកព្រងើយកន្តើយនឹងសញ្ញាព្រមានផ្សេងៗពីមជ្ឈដ្ឋានជុំវិញអ្នក។ សូមចាំថា ប្រសិនបើផលិតផល ឬសេវាកម្មរបស់អ្នកមិនបានទទួលការអូសទាញទេនោះ វាមិនមែនជាកំហុសរបស់អតិថិជនទេ តែវាជាកំហុសរបស់អ្នក។
៥.មិនចង់ផ្លាស់ប្ដូរគំនិតអាជីវកម្មតាមទីផ្សារ
វាជារឿងសំខាន់ណាស់ដើម្បីរក្សាគោលបំណងអាជីវកម្មរបស់អ្នក និងការមើលទីផ្សារ។ ក៏ប៉ុន្តែពេលខ្លះគំនិតអាជីវកម្មរបស់អ្នកមានសម្ពាធ ពោលគឺវាមិនត្រូវបានអនុវត្តដូចអ្វីដែលអ្នកសង្ឃឹមចង់បាន។ ដោយសារតែអ្នកងប់ងុល និងស្រលាញ់គំនិតអាជីវកម្មរបស់អ្នកខ្លាំងពេក អ្នកមានការខ្លាចរអាក្នុងការផ្លាស់ប្ដូរគំនិតអាជីវកម្មរបស់អ្នកឲ្យស្របទៅនឹងទីផ្សារ។ សូមចាំថា មុនដំបូង Youtube បង្កើតឡើងសម្រាប់តែជាគេហទំព័រឲ្យគូស្នេហ៍ណាត់ជួបបានឃើញមុខគ្នាប៉ុណ្ណោះ។ ប៉ុន្តែក្រោយមកទើបដឹងថា អ្នកប្រើប្រាស់មិនចង់បានបែបនេះឡើយ។ ពួកគេគ្រាន់តែចង់ផុស និងចែករំលែកវីដេអូតែប៉ុណ្ណោះ។ ជាលទ្ធផល ការផ្លាស់ប្ដូរមួយនេះធ្វើឲ្យ Youtube បង្កើតបានប្រវត្តិសាស្ត្រនឹកស្មានមិនដល់។
៦.មើលរំលងបញ្ហាផ្លូវច្បាប់
វាជារឿងល្អហើយដែលអ្នកអាចចាប់ដៃជាមួយមិត្តភក្ដិ បងប្អូន សាច់ញាតិ ឬមនុស្សមួយចំនួនទៀតធ្វើអាជីវកម្មរួមគ្នា។ អ្នកប្រហែលជាអាចគិតថា អ្នកមានទំនុកចិត្តគ្រប់គ្រាន់ក្នុងការរកស៊ីជាមួយពួកគេ។ ក៏ប៉ុន្តែបើទោះបីជាមនុស្សទាំងនោះស្រលាញ់ រាប់អាន ទុកចិត្ត និងជាមនុស្សជិតស្និទ្ធនឹងអ្នកកម្រិតណាក៏ដោយ អ្នកក៏មិនត្រូវមើលរំលងចំណុចមួយគឺការគាំពារផ្លូវច្បាប់ដើម្បីកំណត់ពីផលប្រយោជន៍របស់អ្នក និងអ្នកទាំងនោះ។ កិច្ចព្រមព្រៀងបង្កើតក្រុមហ៊ុន កិច្ចសន្យាការងារ កិច្ចសន្យាស្តីពីគោលការណ៍សម្ងាត់របស់ក្រុមហ៊ុន ជាដើម ត្រូវតែធ្វើឲ្យហើយតាំងពីដំបូងដៃមកម្ល៉េះ។ បើមិនដូច្នេះទេ ជម្លោះដោយសារតែទំនាស់ផលប្រយោជន៍នឹងកើតមានឡើង។
៧.ចង់ប្រមូលដើមទុនក្នុងចំនួនមួយដ៏ច្រើនបំផុត
សហគ្រិនថ្មីថ្មោងជាច្រើនបានបង្កើតកំហុសនៅទីនេះ។ ពួកគេយល់ថា ខ្លួនចាំបាច់ត្រូវប្រមូលដើមទុនឲ្យបានច្រើនបំផុតតាមដែលអាចធ្វើបាន។ ក៏ប៉ុន្តែបញ្ហាជាក់ស្តែងវាមិនអញ្ចឹងទេ។ អាជីវកម្មរបស់អ្នកនៅតូចនៅឡើយ ហេតុដូច្នេះវាជារឿងល្អហើយដែលអ្នកអាចរកចំណូលបានក្នុងចំនួនតូចណាមួយពីដើមដៃស្របតាមទំហំអាជីវកម្មរបស់អ្នក។ ជាទូទៅ អ្នកវិនិយោគចាប់អារម្មណ៍ចង់ដាក់ទុនរកស៊ីជាមួយអ្នកដោយសម្អាងថា តើអាជីវកម្មរបស់អ្នកល្អកម្រិតណា? មានអតិថិជនចាប់អារម្មណ៍ច្រើនអត់? មានសក្ដានុពលនៅលើទីផ្សារនៅពេលអនាគតអត់? បើអាជីវកម្មរបស់អ្នកមានសក្ដានុពលមែននោះ អ្នកមិនចាំបាច់ព្រួយបារម្ភរឿងប្រមូលដើមទុននោះឡើយ។ ពួកគេនឹងរកស៊ីជាមួយអ្នកជាមិនខាន។
៨.ឆាប់ចំណាយច្រើនពេក
អ្នកចង់បានកន្លែងធ្វើការដ៏ស្រស់ស្អាត ឬ ផ្តល់អាហារថ្លៃៗសម្រាប់ថ្ងៃត្រង់ឬ? បំភ្លេចរឿងនេះចោលទៅ! អ្នកនឹងត្រូវខ្សោះខ្លួននៅមុនពេលអ្នកអាចចាប់ផ្តើមដាក់លក់ដូចជាការត្រូវជួលបុគ្គលិកជាដើម។ អ្នកចង់បានបុគ្គលិកល្អៗមកធ្វើការពេញម៉ោង។ ក៏ប៉ុន្តែវានឹងមានបញ្ហាប្រសិនបើអ្នកមិនទាន់មានលុយគ្រប់គ្រាន់ដើម្បី បើកប្រាក់ខែឲ្យពួកគេ។ សូមរង់ចាំឲ្យមុខជំនួញរបស់អ្នកដើរបានស្រួលបួលសិនទៅ រហូតដល់ចំណុចមួយដែលអ្នកយល់ថា អ្នកមានលទ្ធភាពអាចជួលបុគ្គលិកបាន ចាំចំណាយតាមក្រោយ៕
ប្រភព៖ Businessinsider