គតិបណ្ឌិតចំនួន១០ឃ្លា ដែលអ្នកអាចសិក្សាពីអធិរាជរ៉ូម៉ាំង Marcus Aurelius
Marcus Aurelius គឺជាអធិរាជរបស់ចក្រភពរ៉ូម៉ាំងដែលបានគ្រងរាជ្យចាប់ពីឆ្នាំ១៦១ដល់ឆ្នាំ១៨០។ អធិរាជរបស់ចក្រភពរ៉ូម៉ាំងរូបនេះក៏ជាទស្សនវិទូស្តូអិក ដែលបានបង្រៀនថាផ្លូវឆ្ពោះទៅរកសេចក្ដីសុខសម្រាប់មនុស្សគឺនៅលើការទទួលយកខណៈពេលនីមួយៗនៅពេលវាបង្ហាញខ្លួនវាឡើងមក និងមិនត្រូវបណ្ដោយឲ្យខ្លួនឯងត្រូវបានគ្រប់គ្រងដោយសេចក្ដីតណ្ហានៅក្នុងភាពសប្បាយរីករាយ ឬដោយភាពភ័យខ្លាចក្នុងការឈឺចាប់នោះឡើយ។ ពីព្រោះពួកគេយល់ថាអ្វីៗចាក់ឫសគល់នៅក្នុងធម្មជាតិ ដើម្បីរស់នៅជីវិតមួយឲ្យបានល្អ បុគ្គលម្នាក់ត្រូវយល់ពីច្បាប់របស់ធម្មជាតិ។
ថ្ងៃនេះយើងបានដកស្រង់នូវសម្ដីដកស្រង់ចំនួន១០ឃ្លារបស់អធិរាជរ៉ូម៉ាំង Marcus Aurelius ដើម្បីឲ្យអ្នកបានស្វែងយល់ពីគតិបណ្ឌិតរបស់គាត់៖
១) «បើកាលណាអ្នកឲ្យតម្លៃទៅលើរបស់ដែលនៅក្រៅការគ្រប់គ្រងរបស់អ្នកកាន់តែខ្លាំង នោះការគ្រប់គ្រងដែលអ្នកមាននឹងមានកាន់តែតិចជាងមុន។»
២) «មិនមែនជាព្រឹត្តិការណ៍ខាងក្រៅនោះទេដែលរំខានពួកគេ តែគឺជាការយល់ឃើញរបស់ពួកគេទៅលើរឿងរ៉ាវទាំងនោះទៅវិញទេ។»
៣) «ស្ទើរតែគ្មានសម្ភារអ្វីមួយដែលចាំបាច់ត្រូវការសម្រាប់ជីវិតដ៏រីករាយមួយនោះឡើយ បើបុគ្គលនោះបានយល់ពីជីវិត។»
៤) «ទទួលយកភាពចម្រើនរុងរឿងនិងភាពមានបានដោយមិនមានភាពក្រអឺតក្រទម ហើយត្រូវត្រៀមខ្លួនជាស្រេចក្នុងការប្រលែងឲ្យវាទៅ។»
៥) «ទទួលយកដោយគ្មានការតម្កើងខ្លួន ប្រលែងចោលដោយមិនមានការជាប់ជំពាក់។»
៦) «ខ្ញុំស្វែងរកនូវអ្វីដែលល្អបំផុតតែត្រៀមខ្លួនជាស្រេចសម្រាប់អ្វីដែលផ្ទុយស្រឡះពីនេះ។»
៧) «តិចតួចណាស់ដែលចាំបាច់ត្រូវការសម្រាប់ធ្វើឲ្យជីវិតមួយរីករាយ។ វាសុទ្ធតែស្ថិតនៅខាងក្នុងខ្លួនអ្នកទាំងអស់ គឺនៅក្នុងរបៀបដែលអ្នកគិត។»
៨) «រស់នៅយ៉ាងមានក្ដីរីករាយគឺជាអំណាចនៅខាងក្នុងរបស់វិញ្ញាណ។»
៩) «ចូរកុំខ្ជះខ្ជាយពេលវេលាតទៅទៀតទៅលើការជជែកវែកញែកថាតើមនុស្សល្អគួរតែយ៉ាងដូចម្ដេច។ ចូរធ្វើជាមនុស្សដ៏ល្អម្នាក់វិញ។»
១០) «ភាពរុងរឿងគឺជារបស់ដែលទទេនិងមិនឋិតថេរមួយ ដែលផ្លាស់ប្ដូរញឹកញាប់ប្រៀបបាននឹងអាកាសធាតុ។»
ដោយ៖ ស្រីពៅ