កម្ពុជា-ម៉ាឡេស៊ីនៅ​តែ​បន្ត​កិច្ច​សហប្រតិបត្តិការ​ល្អ​​ ខណៈទំហំ​ពាណិជ្ជកម្ម​កើន​ជាង​៤០០​លាន​ដុល្លារ​



សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ មាន​ប្រសាសន៍​ថា « បច្ចុប្បន្ន​កំពុង​មាន​កំណើន​ធុរកិច្ច​ម៉ាឡេស៊ី​ជា​ច្រើន​មក​កាន់​កម្ពុជា ហើយ​នៅ​ក្នុង​ឆ្នាំ​២០១៨ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​មាន​ចំនួន​ប្រមាណ​ជាង ៥០០​លាន​ដុល្លារ​អាមេរិក និង​ទើប​តែ​ឆមាស​ទី​១​ឆ្នាំ​២០១៩​ប៉ុណ្ណោះ ទំហំ​ពាណិជ្ជកម្ម​កើន​ឡើង​រហូត​ជាង​៤០០លានដុល្លារ​អាមេរិក»។

ការ​លើក​ឡើង​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​ "ចុះ​ហត្ថលេខា និង​អញ្ជើញ​ប្រកាស​ព័ត៌មាន​រួម"  នា​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​ទី០៣ ខែ​កញ្ញា ឆ្នាំ​២០១៩​នេះ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ជា​អធិបតី​ដោយ ឯកឧត្ដម មហាធា មហាម៉ាត់ (Mahathir Mohamad) នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី។ នេះ​បើ​តាមការ​ចេញ​ផ្សាយ​តាម​រយៈ​ហ្វេសប៊ុក​ផេក​របស់​ សម្ដេច​ ហ៊ុន សែន។

ជា​មួយ​គ្នា​នោះ​ផង​ដែរ សម្ដេច​នាយក​រដ្ឋមន្ត្រី បាន​លើក​ឡើង​ថា ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​រវាង​ប្រទេស​កម្ពុជា និង​ម៉ាឡេស៊ី សម្ដេច​ រួម​នឹង​ឯកឧត្ដម​មហាធា បាន​ឯកភាព​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​ប្រទេស​ទាំង​ពីរ​រិះរក​វិធី​ពង្រីក​សហប្រតិបត្តិការ​នៃ​វិស័យ​នេះ​បន្ថែម​ទៀត។ ជា​មួយ​គ្នា​នេះ​ផង​ដែរ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី មាន​បាន​លើក​ឡើង​ថា ក្នុង​នាម​ជា​ប្រទេស​ជិត​ខាង​គ្នា​ទំនាក់​ទំនង​ពាណិជ្ជកម្ម​គឺ​ជា​រឿង​សំខាន់ ហើយ​នៅ​ពេល​ត្រឡប់​ទៅ​វិញ​ឯកឧត្ដម​នឹង​ប្រាប់​ពលរដ្ឋ​ម៉ាឡេស៊ី​ថា​តើ​គួរ​ទិញ​អ្វី​បន្ថែម​ទៀត​ពី​កម្ពុជា៕

ដោយ៖ ជួប ស្រីរ័ត្ន

 

 

 

  

 

X
5s