ក្រុមហ៊ុនមួយគ្រោងចំណាយទុនជិត៣០០លានដុល្លារអភិវឌ្ឍតំបន់ទេសចរណ៍ខេត្តកោះកុង
កោះកុងគឺជាខេត្តភាគនិរតីនៃប្រទេសកម្ពុជា ដែលតែងទាក់ទាញភ្ញៀវទេសចរណ៍ទាំងជាតិនិងអន្តរជាតិមកលេងកម្សាន្តឥតដាច់ ដោយសារតែភាពស្រស់ត្រកាលនៃសម្រស់ និងភោគផលធម្មជាតិយ៉ាងសម្បូរបែបនៃខេត្តនេះ។ ទន្ទឹមនោះក្រុមហ៊ុន ZHENG HENG (CAMBODIA) CO., LTD គ្រោងនឹងអភិវឌ្ឍន៍លើមជ្ឈមណ្ឌលទេសចរណ៍ ក្រោមទុនវិនិយោគប្រមាណ ២៩២លានដុល្លារអាមេរិក។ គម្រោងខាងលើត្រូវបានទទួលការអនុម័តពី គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា( CDC )។
គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលទេសចរណ៍នេះមានឈ្មោះថា “តារាសាគរ ឈូងសមុទ្រវែង” ដោយក្នុងនោះគ្រោងនឹងអភិវឌ្ឍន៍ទៅលើ សណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន៧០០បន្ទប់, មជ្ឈមណ្ឌលពាណិជ្ជកម្ម រមណីយដ្ឋានទេសចរណ៍ សួនកម្សាន្ត ហេដ្ឋារចនាសម្ព័ន្ធ រួមនឹងគម្រោងផ្សេងៗមួយចំនួនទៀត។ តាមរយៈគម្រោងនេះដែរ ត្រូវបានរំពឹងថាអាចផ្ដល់ការងារឲ្យពលរដ្ឋបានចំនួន ២.១១៦កន្លែង។
ទីតាំងវិនិយោគនៃគម្រោងនេះមានទីតាំងភូមិសាស្ត្រស្ថិតនៅ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ដែលមានក្រុមហ៊ុន ZHENG HENG (CAMBODIA) CO., LTD ជាម្ចាស់គម្រោង៕
រូបភាព៖ Facebook
ដោយ៖ ជួប ស្រីរ័ត្ន