ស្ថាបនិក "ពេទ្យយើង" យកការឈឺចាប់ប្រែជាឱកាស និងតស៊ូរហូតទទួលលទ្ធផលមិននឹកស្មាន
ឆាកជីវិតមនុស្សម្នាក់ៗកើតមកមិនដូចគ្នាឡើយ អ្នកខ្លះកើតមកមានសំណាងរស់នៅស្រណុកសុខស្រួល ខណៈដែលមនុស្សមួយចំនួនទៀតត្រូវហែលឆ្លងនូវឧបសគ្គជាច្រើនក្នុងជីវិត។ តួយ៉ាងលោកស្រី ប៉ុង លឹមសាន ស្ថាបនិកនៃអាជីវកម្ម "ពេទ្យយើង" ធ្លាប់បានឆ្លងកាត់ភាពលំបាកតាំងពីខ្លួននៅជាកុមារីតូចម្នាក់។ ប៉ុន្តែភាពឈឺចាប់និងឧបសគ្គជីវិតទាំងនោះហើយ ដែលជាចំណុចចាប់ផ្ដើម និងបានរុញច្រានឲ្យស្ត្រីជនបទម្នាក់នេះក្លាយជាសហគ្រិនស្ត្រីឆ្នើមដែលសង្គមទទួលស្គាល់។
នៅក្នុងកិច្ចសម្ភាសន៍ លោកស្រី ប៉ុង លឹមសាន ប្រាប់ថា លោកស្រីបានចាប់យកជំនាញព័ត៌មានវិទ្យា (IT) ហើយកាលជំនាន់នោះមនុស្សស្រីដែលរៀនជំនាញនេះត្រូវបានអ្នកដទៃមាក់ងាយ ប៉ុន្តែលោកស្រីមិនចុះចាញ់ឡើយ ព្រមទាំងបានតបតវិញដោយការខិតខំប្រឹងប្រែង។ ដោយសារតែក្ដីស្រលាញ់ចំពោះសង្គមជាតិ ជាពិសេសប្រជាជនខ្មែរ រួមនឹងការមើលឃើញទុក្ខលំបាកនិងបញ្ហាប្រឈមខ្លាំងចំពោះស្ត្រីនៅពេលដែលសម្រាលបុត្រ លោកស្រីបានយកជំនាញដែលខ្លួនមាន បង្កើតជាកម្មវិធីគ្រប់គ្រងមន្ទីរពេទ្យដោយប្រព័ន្ធឌីជីថល ឈ្មោះថា "ពេទ្យយើង" នេះឡើង។
អាជីវកម្មមួយនេះមិនងាយស្រួលឡើយ លោកស្រីចំណាយពេលសិក្សាស្រាវជ្រាវនិងតស៊ូរហូត ៦ឆ្នាំទើបអាចធ្វើឲ្យកម្មវិធីនេះលេចជារូបរាងឡើង។ ការខិតខំប្រឹងប្រែងពិតជាមិនធ្វើឲ្យមនុស្សខកបំណងឡើយ "ពេទ្យយើង" បានឈ្នះការប្រកួតថ្នាក់ជាតិក្នុងកម្មវិធី «ការជ្រើសរើសបេក្ខភាពអាជីវកម្ម» ដែលរៀបចំដោយ ក្រុមហ៊ុនបណ្ដុះបណ្ដាលសហគ្រិនភាព IMPACT HUB កាលពីពេលថ្មីៗនេះ។ បច្ចុប្បន្នលោកស្រីរួមនឹងក្រុមការងារកំពុងត្រៀមខ្លួនប្រកួតថ្នាក់អន្តរជាតិនាប្រទេសស្វីសក្នុងពេលឆាប់ៗខាងមុខ ដែលនេះជាដំណឹងដ៏គួរឲ្យមានមោទនភាពណាស់សម្រាប់ប្រជាជាតិខ្មែរ។
លោកស្រី ប៉ុង លឹមសាន «ឈឺខ្លាំង ឈឺចាំ ជាចំណុចដែលធ្វើឲ្យយើងប្រឹងនិងរឹងមាំ»៕
ដោយ៖ ជួប ស្រីរ័ត្ន