Warren Buffett ថា៖ អភិវឌ្ឍជំនាញនេះ អ្នកនឹងមានអំណាចរកលុយកាន់តែខ្លាំងឡើង
ប្រសិនបើអ្នកចង់ដើរទៅមុខឲ្យបានឆ្ងាយជាងបច្ចុប្បន្នភាពរបស់អ្នក អ្នកត្រូវផ្ដោតលើជំនាញទំនាក់ទំនងរបស់អ្នក។ នេះជាដំបូន្មានរបស់មហាសេដ្ឋីអាមេរិក លោក Warren Buffett។
ថ្លែងនៅក្នុងបទសម្ភាសន៍មួយនៅពេលកន្លងទៅ មហាសេដ្ឋីវ័យ ៨៩ឆ្នាំរូបនេះបានលើកឡើងដូច្នេះថា៖« ការកែលំអបន្តិចបន្តួចនៅថ្ងៃនេះអាចធ្វើឲ្យអំណាចនៃការរកប្រាក់ចំណូលរបស់អ្នកក៏ដូចជាធ្វើអ្វីៗផ្សេងជាច្រើនទៀតនៅក្នុងជីវិតរបស់នឹង មានការប្រែប្រួលខុសប្លែកគ្នាយ៉ាងខ្លាំង»។
លោកបន្តថា ការអភិវឌ្ឍជំនាញទំនាក់ទំនងនឹងធ្វើឲ្យទ្រព្យសម្បត្តិរបស់អ្នកអាចកើនឡើងដល់ទៅ ៥០% នេះបើផ្អែកលើសម្ដីរបស់លោកដែលបានចែករំលែកនៅក្នុងបណ្ដាញទំនាក់ទំនងសង្គម LinkedIn កាលពីឆ្នាំទៅមិញ។
«នេះក៏ដោយសារតែការធ្វើឲ្យអ្នកដទៃដើរតាមគំនិតរបស់អ្នកគឺជារឿងចាំបាច់។ ឧទាហរណ៍ថា បើអ្នកធ្វើជាអ្នកលក់ អ្នកប្រាកដជាចង់ឲ្យអតិថិជនជឿតាមអ្នក។ បើអ្នកជាអ្នកគ្រប់គ្រងគេ អ្នកប្រាកដជាចង់ឲ្យអ្នកទាំងនោះដើរតាមគំនិតរបស់អ្នក»។ ប្រធានក្រុមហ៊ុន Berkshire Hathaway រូបនេះបានបញ្ជាក់បន្ថែម។
" នេះក៏ដោយសារតែការធ្វើឲ្យអ្នកដទៃដើរតាមគំនិតរបស់អ្នកគឺជារឿងចាំបាច់"
នៅមុនលោកឈានដល់អាយុ ២០ ឆ្នាំ លោក Warren Buffett មិនមែនជាមនុស្សដែលពូកែទំនាក់ទំនងនោះឡើយ។ លោកធ្លាប់បានសារភាពថា សូម្បីតែឡើងនិយាយជាសាធារណៈក៏លោកមិនចេះផង រហូតដល់លោកប្ដេជ្ញាចិត្តចំណាយលុយ ១០០ ដុល្លាររៀនវគ្គនិយាយជាសាធារណៈនេះនៅសាលា Columbia Business School។
លោកបានចែករំលែកបទពិសោធន៍របស់លោកដូច្នេះថា៖«នៅពេលខ្ញុំរៀនចប់វគ្គនេះ ខ្ញុំក៏បានទៅសាកលវិទ្យាល័យ Homaha។ នៅទីនោះខ្ញុំចាប់ផ្តើមបង្រៀននិស្សិតក្មេងៗ។ ខ្ញុំដឹងថាបើខ្ញុំអត់ចេះនិយាយនៅមុខហ្វូងមនុស្សបានទេ ខ្ញុំនឹងត្រឡប់ទៅរកកន្លែងដើមរបស់ខ្ញុំមិនខាន។ ខ្ញុំបានព្យាយាមរហូតមក រហូតមកដល់ឥឡូវ អ្នកមិនអាចបញ្ឈប់ខ្ញុំមិនឲ្យនិយាយបានទេ»។
មហាសេដ្ឋីមានប្រាក់ជិត ៨០ ពាន់លានដុល្លាររូបនេះបានចាត់ទុកថា វគ្គសិក្សា ១០០ ដុល្លារនេះ គឺជាការវិនិយោគល្អបំផុតដែលលោកមិនធ្លាប់បានជួបនៅក្នុងមួយជីវិតរបស់លោក ពីព្រោះវាបានជួយលោកប្រែក្លាយទៅជាបុគ្គលម្នាក់ពូកែដែលទំនាក់ទំនងរហូតមកដល់សព្វថ្ងៃនេះ៕
ប្រភព៖ CNBC