អ្នកនិពន្ធដែលសម្ភាសន៍បុគ្គលល្បីៗជាង១ពាន់នាក់ ប្រាប់ថា ចង់ជោគជ័យត្រូវមានជំនាញមួយនេះ
នៅពេលបច្ចុប្បន្ននេះ វាពិតជាងាយស្រួលខ្លាំងណាស់ដែលអារម្មណ៍របស់អ្នកនឹងងាយប្រែប្រួលភ្លាមៗក្នុងមួយប៉ប្រិចភ្នែក។ ប៉ុន្តែប្រសិនបើអ្នកចង់ជោគជ័យតាំងពីវ័យក្មេងទៅ មានជំនាញមួយដែលអ្នកត្រូវការជាចាំបាច់។ នោះគឺ "ការផ្ដោតអារម្មណ៍ ឬ Focus”។ នេះបើយោងតាមការលើកឡើងរបស់លោក Richard St.John អ្នកនិពន្ធដ៏ល្បីមួយដែលធ្លាប់បានសម្ភាសន៍បុគ្គលជោគជ័យក្នុងលោកជាង ១ ពាននាក់។
លោក Richard St.John ដែលធ្លាប់បានសម្ភាសន៍មហាសេដ្ឋីអាមេរិក Bill Gates មហាសេដ្ឋីអង់គ្លេស Richard Branson និងមហាសេដ្ឋីល្បីៗជាច្រើនទៀតនោះបានលើកឡើងដូច្នេះថា៖ «ការផ្ដោតអារម្មណ៍យកចិត្តទុកដាក់ គឺជាជំនាញសំខាន់ខ្លាំងណាស់។ វាជាអាថ៌កំបាំងមួយដែលនាំឲ្យមនុស្សជាច្រើនជោគជ័យ។ មនុស្សដែលផ្ដោតអារម្មណ៍បានល្អ គឺជាមនុស្សទទួលបានជោគជ័យទាំងវ័យក្មេង»។
លោកបន្ថែមថា នៅពេលអ្នកនៅក្មេង អ្នកអាចមានអារម្មណ៍រវើរវាយស្រពិចស្រពិលមិនច្បាស់ខ្លួនឯង ចង់ធ្វើនេះចង់ធ្វើនោះនៅក្នុងពេលតែមួយ។ ក៏ប៉ុន្តែរឿងដ៏សំខាន់ដែលអ្នកចាំបាច់ត្រូវមាន គឺត្រូវផ្តោតជ្រើសរើសរឿងមួយ ហើយរឿងនោះគឺជាអ្វីមួយដែលអ្នកមានមហិច្ឆតាចង់ធ្វើបំផុត។
ថ្វីត្បិតតែការផ្ដោតអារម្មណ៍ធ្វើអ្វីមួយជារឿងសំខាន់ អ្នកនិពន្ធរូបនេះយល់ឃើញថា មនុស្សជាច្រើនមិនចាប់អារម្មណ៍ទៅនឹងជំនាញមួយនេះទេ។ នៅក្នុងបទសម្ភាសន៍របស់លោកជាមួយបុគ្គលជោគជ័យ និងមហាសេដ្ឋីកំពូលៗនៅក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ លោកបានឲ្យដឹងថា បុគ្គលទាំងនោះកម្រនឹងនិយាយពីរឿងប្រាក់ជាសំខាន់ណាស់។ បុគ្គលទាំងនោះលើកឡើងតែចំណាប់អារម្មណ៍ការងារដែលជាមហិច្ឆតារបស់ពួកគេ។
ទន្ទឹមនឹងគ្នានេះ អ្នកនិពន្ធខាងលើក៏បានលើកឡើងទៀតថា បុគ្គលជោគជ័យមិនមែនជាមនុស្សដែលពូកែគ្រប់យ៉ាងបានទេ។
«បុគ្គលជោគជ័យមិនមែនជាមនុស្សពូកែគ្រប់យ៉ាងទេ។ ពួកគេខ្លាំងខាងអ្វីមួយ ហើយអោបក្រសោបជំនាញបន្ទាប់បន្សំផ្សេងទៀតនៅពេលជាមួយគ្នានោះ។ បើអ្នកផ្ដោតអារម្មណ៍លើរឿងច្រើនពេកក្នុងពេលតែមួយ អ្នកមិនអាចមានពេលគ្រប់គ្រាន់ដើម្បីធ្វើរឿងអស្ចារ្យរបស់អ្នកបានទេ!»។ លោក Richard St.John បញ្ជាក់៕
ប្រភព៖ cnbc