កម្ពុជា-វៀតណាមគ្រោងបង្កើនទំហំពាណិជ្ជកម្មដល់៥ប៊ីលានដុល្លារនៅឆ្នាំ២០២០
ក្នុងពិធីខួបលើកទី៧៤ នៃទិវាឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាយសណ្ឋាគារ The Great Duke កាលពីពេលថ្មីៗនេះ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍មានប្រសាសន៍ថា កម្ពុជា និងវៀតណាម មានសុទិដ្ឋិនិយមក្នុងការសម្រេចបានគោលដៅនៃទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរចំនួន ៥ប៊ីលានដុល្លារអាមេរិក នៅឆ្នាំ២០២០។
ឯកឧត្ដមមានប្រសាសន៍ផងដែរថា កាលពីឆ្នាំ២០១៨កន្លងទៅទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបាន ៤,៧ប៊ីលានដុល្លារអាមេរិក។ ហើយនា៦ខែដើមឆ្នាំ២០១៩នេះ ទំហំពាណិជ្ជកម្មបានកើនដល់ ២,៧ប៊ីលានដុល្លារអាមេរិក។ ជាមួយគ្នានេះដែរ ប្រទេសទាំងពីរចង់សម្រេចគោលដៅ នៃទំហំពាណិជ្ជកម្មរបស់ប្រទេសទាំងពីរចំនួន ៥ប៊ីលានដុល្លារអាមេរិក នៅឆ្នាំ២០២០។
ឯកឧត្តមក៏បានជម្រាបផងដែរទាក់ទងនឹងវិស័យទេសចរណ៍ថា ៦ខែដើមឆ្នាំ២០១៩ នេះ ទេសចរវៀតណាមបានមកទស្សនាកម្ពុជាមានប្រមាណជាង ៤០ម៉ឺននាក់ និងរំពឹងថាទទួលបានប្រមាណ ៩០ម៉ឺននាក់នៅឆ្នាំ២០១៩ ទាំងមូល។ ឯកឧត្ដមក៏បានរំលឹកផងដែរថា វិស័យទេសចរណ៍កម្ពុជាបានបង្កើតប្រាក់ចំណូលចូលសេដ្ឋកិច្ចជាតិប្រមាណ ៤៣៧៥លានដុល្លារ ស្មើនឹង ១២,៧% នៃផលិតផលក្នុងស្រុកសរុប (GDP) និងបានបង្កើតការងារផ្ទាល់ជាង ៦២ម៉ឺននាក់ ស្មើនឹង ១៣% នៃការងារសរុប៕
ដោយ៖ ជួប ស្រីរ័ត្ន