សម្ដីដកស្រង់ចំនួន១០ឃ្លា ដែលបានប្រដូចទឹកទៅនឹងជីវិត
Dennis Rodman បាននិយាយថា «ជីវិតនេះប្រៀបបាននឹងអាងទឹកដូច្នោះ។ អ្នកជ្រមុជចូលទៅក្នុងទឹក តែអ្នកមិនមើលឃើញថាតើវាមានជម្រៅជ្រៅប៉ុណ្ណានោះទេ។» ក្នុងមួយឆាកជីវិតរបស់មនុស្សម្នាក់ៗ ពួកគេរៀនសូត្រមិនចេះអស់នោះឡើយពីមេរៀនជីវិត។ ជួបរឿងកាន់តែច្រើន ពួកគេមានការយល់ដឹងកាន់តែច្រើន។ មានរឿងខ្លះដែលពួកគេបានឆ្លងកាត់នៅក្នុងជីវិតក៏បានធ្វើឲ្យពួកគេផ្លាស់ប្ដូរទស្សនរបស់ពួកគេទៅលើជីវិតទាំងស្រុង។ រឿងខ្លះបានកែប្រែមនុស្សមួយចំនួនឲ្យក្លាយជាមានចិត្តតូចចង្អៀតជាងមុន ខ្វះក្ដីស្រឡាញ់ជាងមុន ឯរឿងខ្លះទៀតបង្រៀនពួកគេឲ្យក្លាយជាមនុស្សដែលមានក្ដីអំណត់ជាងមុន និងមានក្ដីស្រឡាញ់ជាងមុន។ អត្ថបទថ្ងៃនេះយើងបានសម្រិតសម្រាំងនូវសម្ដីដកស្រង់ចំនួន១០ឃ្លា ដែលបានប្រដូចទឹកទៅនឹងជីវិត៖
១) «គ្មានអ្វីដែលទន់និងបត់បែនជាងទឹកនោះទេ តែក៏គ្មានអ្វីដែលអាចប្រឆាំងនឹងវាបានដែរ។» ឡៅជឺ
២) «ដំណក់ទឹកតក់ៗអាចធ្វើឲ្យថ្មសឹកបាន។» Lucretius
៣) «នៅពេលអណ្ដូងរីងស្ងួត ទើបយើងនឹងដឹងពីតម្លៃរបស់ទឹក។» Benjamin Franklin
៤) «ជីវិតនេះប្រៀបបាននឹងអាងទឹកដូច្នោះ។ អ្នកជ្រមុជចូលទៅក្នុងទឹក តែអ្នកមិនមើលឃើញថាតើវាមានជម្រៅជ្រៅប៉ុណ្ណានោះទេ។» Dennis Rodman
៥) «ខ្ញុំគិតថាការសម្លឹងមើលទឹកគឺជាជីវិត ព្រោះមនុស្សម្នាក់អាចរៀនសូត្រពីវាបានច្រើនណាស់។» Nicholas Sparks
៦) «នៅពេលជីវិតបានដាក់ថ្មនៅកណ្ដាលផ្លូវជីវិតរបស់អ្នក ចូរធ្វើជាទឹក។ ដំណក់ទឹកដែលហូរតក់ៗមិនចេះឈប់នឹងធ្វើឲ្យសឹកសូម្បីតែថ្មដែលរឹងជាងគេបំផុត។» Autumn Morning Star
៧) «អ្នកមិនត្រូវបាត់បង់ជំនឿចិត្តនៅក្នុងមនុស្សជាតិនោះទេ។ មនុស្សជាតិប្រៀបបាននឹងមហាសមុទ្រ បើសិនជាពីរបីដំណក់របស់មហាសមុទ្រកខ្វក់ មហាសមុទ្រទាំងមូលមិនក្លាយជាកខ្វក់នោះឡើយ។» មហាត្មៈគន្ធី
៨) «ធ្វើឲ្យដូចជាទឹកដែលជ្រាបចូលទៅក្នុងស្នាមប្រេះ។ កុំក្អេងក្អាង តែត្រូវសម្របខ្លួនឯងទៅនឹងវត្ថុ ហើយអ្នកនឹងអាចស្វែងរកផ្លូវនៅជុំវិញវាឬតាមរយៈវាបាន។ បើគ្មានអ្វីមួយនៅក្នុងខ្លួនអ្នកដែលនៅរឹងទទឹង នោះរឿងខាងក្រៅនឹងបើកចំហពួកវាឲ្យអ្នក។» Bruce Lee
៩) «មនុស្សស្រីប្រៀបបាននឹងតែកញ្ចប់។ អ្នកនឹងមិនដឹងទេថានាងរឹងមាំប៉ុណ្ណារហូតទាល់តែអ្នកបានដាក់នាងនៅក្នុងទឹកក្ដៅ។» Eleanor Roosevelt
១០) «ជីវិតប្រៀបបាននឹងមហាសមុទ្រ។ វាឡើងទៅលើហើយចុះមកវិញ។» Vanessa Paradis
ដោយ៖ ស្រីពៅ