ឃ្លាដកស្រង់ពីសៀវភៅល្បីៗលើពិភពលោកចំនួន៧ឃ្លា ដែលនិយាយអំពីជីវិត
ថ្ងៃនេះយើងបានដកស្រង់នូវឃ្លាពីសៀវភៅល្បីៗពីជុំវិញពិភពលោកចំនួន៧ឃ្លា ដែលនិយាយអំពីជីវិតដូចនៅខាងក្រោមនេះ:
១) «មនុស្សគ្រប់គ្នាសុទ្ធតែមានពិភពលោកសម្ងាត់នៅក្នុងខ្លួនពួកគេ។ គឺគ្រប់គ្នាទាំងអស់ គឺគ្រប់មនុស្សទាំងអស់នៅលើពិភពលោក មិនថាពួកគេមើលទៅខាងក្រៅហាក់ដូចជាមនុស្សដ៏គួរឲ្យធុញទ្រាន់យ៉ាងណានៅក៏ដោយ។ នៅខាងក្នុងខ្លួនពួកគេមានពិភពលោកដែលមិនអាចស្រមើស្រមៃចេញ ពិភពលោកដ៏គួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង គួរឲ្យស្ងើច ពិភពលោកឆ្កួតឡប់ និងអស្ចារ្យ ហើយមិនមែនមានពិភពលោកតែមួយនោះទេ តែគឺរាប់រយ ឬប្រហែលជាអាចដល់រាប់ពាន់ផង។» ដកស្រង់ចេញពីសៀវភៅ Game of You ដោយ Neil Gaiman
២) «ខ្ញុំមិនស្គាល់មនុស្សដែលល្អឥតខ្ចោះនោះទេ ខ្ញុំគ្រាន់តែស្គាល់មនុស្សដែលមិនល្អឥតខ្ចោះតែនៅតែមានតម្លៃនឹងទទួលក្ដីស្រឡាញ់។» ដោយ John Green
៣) «មានពេលខ្លះទន់ខ្សោយនិងស្លេកស្លាំង ឯមានពេលខ្លះវិញរឹងមាំនិងភ្លឺត្រចះត្រចង់។ ព្រះចន្ទយល់ពីរបៀបក្នុងការធ្វើជាមនុស្ស។» ដកស្រង់ចេញពីសៀវភៅ Autumn Leaves ដោយ Andre Gide
៤) «គ្មានអ្វីដែលផ្អែមល្ហែមនៅក្នុងពិភពលោកដ៏ស្រងេះស្រងោចនេះជាងសំឡេងរបស់មនុស្សដែលអ្នកស្រឡាញ់ហៅឈ្មោះអ្នកនោះទេ។» ដកស្រង់ចេញពីសៀវភៅ The Tale of Despereaux ដោយ Kate DiCamillo
៥) «មានរឿងជាច្រើនដែលអាចទៅរួចឲ្យតែអ្នកមិនបានដឹងថាវាមិនអាចទៅរួច។» ដកស្រង់ចេញពីសៀវភៅ The Phantom Tollbooth ដោយ Norton Juster
៦) «មនុស្សគិតថាសុបិនមិនពិតនោះទេក៏ព្រោះតែវាមិនត្រូវបានបង្កើតឡើងដោយរូបធាតុ ឬភាគល្អិត។ សុបិនគឺជាការពិត តែពួកវាត្រូវបានបង្កើតឡើងដោយទស្សនការយល់ឃើញ ដោយរូបភាព ដោយការចងចាំ ដោយការលេងពាក្យ និងដោយក្ដីសុបិនដែលបានបាត់បង់។» ដកស្រង់ចេញពីសៀវភៅ Sandman ដោយ Neil Gaiman
៧) «ពិភពលោកអាចនឹងបាក់បែកអស់ ប៉ុន្តែក្ដីសង្ឃឹមមិនមែនជារឿងឆ្កួតនោះឡើយ។» ដោយ John Green
ដោយ៖ ស្រីពៅ