ស្ថាបនិក “ពេទ្យយើង” វិវដ្តខ្លួនពីក្មេងស្រីធម្មតាក្លាយជាអ្នកព័ត៌មានវិទ្យាដ៏ពូកែរហូតបើកអាជីវកម្មធំមួយ
ក្រុមហ៊ុន ហ្វឺស វីម៉ិនថេក អេស៊ា (First Womentech Asia) ជាអ្នកបង្កើតកម្មវិធី “ពេទ្យយើង (Our Doctor)” ដែលនេះជាកម្មវិធីប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យឌីជីថលគ្រប់កម្រិត និងគ្រប់ផ្នែកសម្រាប់មន្ទីរពេទ្យរដ្ឋ និងមន្ទីរពេទ្យឯកជន ដែលធ្វើការគ្រប់គ្រងទិន្នន័យអ្នកជំងឺក្នុងនិងក្រៅ (OPD&IPD) គ្រប់គ្រងលើហិរញ្ញវត្ថុ ប៉ារ៉ាគ្លីនិក (អេកូ ពិនិយ្យឈាម CT Scan) គ្រប់គ្រងលើការស្តុកថ្នាំ ធានារ៉ាប់រងជាដើម។ កម្មវិធីពេទ្យយើងត្រូវបានទទួលស្គាល់ពីរដ្ឋាភិបាលពោលគឺក្រសួងសុខាភិបាលលើការគ្រប់គ្រងប្រតិបត្តិការមន្ទីរពេទ្យ ក៏ដូចជាទទួលបានពានរង្វាន់សហគ្រិនស្រ្តីឆ្នើមផ្នែកបច្ចេកវិទ្យារៀបចំដោយសហគមន៍អ្នកបច្ចេកវិទ្យានៃក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍។
ក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខមួយជាមួយក្រុមការងារ BizKhmer លោកស្រី ប៉ុង លីមសាន ស្ថាបនិក និងជាអ្នកបង្កើតកម្មវិធី “ពេទ្យយើង” បានជម្រាបថា ក្រុមហ៊ុន ហ្វឺស វីម៉ិនថេក អេស៊ា អាចចាត់ទុកថាជាក្រុមហ៊ុនដំបូងដែលរៀបចំប្រព័ន្ធគ្រប់គ្រងលើការងារផ្នែកសុខាភិបាល (Hospital Digitalize) បង្កើតដោយសា្នដៃកូនខ្មែរ ហើយក៏ជាសហគ្រិនស្រ្តីទៀត។ ចំណាយពេលរហូតទៅដល់ ៦ ឆ្នាំដើម្បីសិក្សាស្រាវជ្រាវពោលគឺចាប់ពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៦ ជាពេលដែលក្រុមការងារ ហ្វឺស វីម៉ិនថេក អេស៊ា ចាយលើការសិក្សាស្រាវជ្រាវសុទ្ធ បន្ទាប់មកទើបរៀបចំការបង្កើត ចងកូដ ស្រង់ស្ថិតិ និងណែនាំដល់មនុស្សជុំវិញខ្លួនពីអត្ថប្រយោជន៍នេះកម្មវិធីមួយនេះ។ ទម្រាំអាចឲ្យមន្ទីរពេទ្យនានាយល់ពីសារៈសំខាន់នេះការប្រើប្រាស់កម្មវិធីមួយនេះ វាមិនមែនជារឿងមួយងាយស្រួលឡើយ លោកស្រីត្រូវឆ្លងកាត់ការលំបាកជាច្រើនក្នុងការព្យាយាមពន្យល់ដល់អ្នកពាក់ព័ន្ធលើវិស័យសុខាភិបាល ដាក់ចេញការបណ្តុះបណ្តាលដល់បុគ្គលិកនៅមន្ទីរពេទ្យពីការប្រើប្រាស់ និងធ្វើយ៉ាងណាឲ្យគាត់ជឿជាក់លើប្រព័ន្ធគ្រប់គ្រងប្រតិបត្តិការមួយនេះ។
លោកស្រីបានបញ្ជាក់ថា ការពិតទៅអ្វីការដែលលោកស្រីបង្កើតកម្មវិធីគ្រប់គ្រងប្រតិបត្តិការក្នុងមន្ទីរពេទ្យនេះឡើងព្រោះលោកស្រីបានឃើញពីផលលំបាកមួយចំនួនក្នុងការរក្សាទុកឯកសារអ្នកជំងឺ វាត្រូវចំណាយពេលច្រើនណាស់ដើម្បីស្វែងរកឯកសារអ្នកជំងឺចាស់ៗ ដែលគាត់អញ្ជើញត្រលប់មកមន្ទីរពេទ្យវិញម្តងទៀតដោយសារវាកត់ត្រាលើក្រដាស ពេលខ្លះឯកសារទាំងនោះត្រូវបានបាត់បង់។ អ្នកជំងឺខ្លះធ្លាប់មានប្រតិកម្មជាមួយប្រភេទឱសថមួយចំនួនហើយគ្រូពេទ្យក៏បានកត់ត្រាទុកដែរ តែដោយសារមានឯកសារច្រើនពេកនាំឲ្យគាត់មិនអាចដឹងពីប្រវត្តិថ្នាំរបស់អ្នកជំងឺជាក់លាក់ ព្រោះវេជ្ជបញ្ជាដែលធ្លាប់ចេញជូនអ្នកជំងឺត្រូវបានបាត់។
ទាំងនេះជាកត្តាជម្រុញឲ្យលោកស្រីសម្រេចចិត្តបង្កើតកម្មវិធីគ្រប់គ្រងមួយនេះឡើង គឺក្នុងគោលបំណងជួយដោះស្រាយបញ្ហាលំបាកទាំងសម្រាប់អ្នកជំងឺ និងការលំបាករបស់មន្ទីរពេទ្យដូចគ្នា ស្របពេលដែលលោកស្រីជាស្រ្តីមួយរូបជាអ្នកជំនាញខាងព័ត៌មានវិទ្យា (IT) ផងនោះ។ ជាលទ្ធផលអ្វីដែលជាការខិតខំប្រឹងប្រែងរបស់លោកស្រី និងការចង់ជួយដោះស្រាយបញ្ហាលំបាកក្នុងសង្គមមិនឥតប្រយោជន៍ និងមិនធ្វើឲ្យលោកស្រីអស់សង្ឃឹមឡើយ។ កម្មវិធីពេទ្យយើងរបស់លោកស្រី បានជួយសម្រួលដល់ការលំបាកក្នុងមន្ទីរពេទ្យនានាបានច្រើន ដែលបច្ចុប្បន្នមានមន្ទីរពេទ្យចំនួន ១១១ ហើយបានទទួលយកសេវាកម្មពីក្រុមហ៊ុនលោកស្រី ក្នុងនោះមានទាំងមន្ទីរពេទ្យរដ្ឋគឺមន្ទីរពេទ្យអង្គឌួងដែលជាមន្ទីរពេទ្យរដ្ឋទី១ និងមន្ទីរពេទ្យឯកជនជាច្រើន។
ទោះជាអាចទទួលបានជោគជ័យលើឆាកជាតិ និងឈានទៅចូលរួមប្រកួតលើឆាកអន្តរជាតិក្នុងពេលឆាប់ៗនេះក្តី លោកស្រី លីមសាន នៅតែបន្តសកម្មភាពដើម្បីអាចដាក់ដំណើរការគ្រប់គ្រងប្រព័ន្ធមន្ទីរពេទ្យឌីជីថលនេះដល់គ្រប់មន្ទីរពេទ្យទាំងអស់ពិសេស ទាំងថ្នាក់ខេត្ត ថ្នាក់ស្រុក ថ្នាក់ជាតិនិងមណ្ឌលសុខភាពទាំងអស់ឲ្យបានគ្រប់ដើម្បីសម្រួលការងារដល់សង្គមជាតិយើង។ ពិតជាមោទនភាពណាស់ដែលកូនខ្មែរ ហើយក៏ជាសហគ្រិនស្រ្តីទៀត តែអាចនាំមោទនភាពជូនប្រទេសលើវិស័យបច្ចេកវិទ្យា និងអាចឈានដល់ការប្រកួតលើឆាកអន្តរជាតិ៕
ដោយ៖ យ៉ាយ៉ា