ធ្វើដូចម្ដេចទើបអាចបង្កើនប្រសិទ្ធភាពក្រុមការងារ? នាយិកាក្រុមហ៊ុនរំដួលប្រាប់វិធីសាស្ត្រ
«នៅពេលដែលយើងកំពុងដើរទៅរកក្ដីសុបិន វាពិតជារឿងចាំបាច់ណាស់ក្នុងការរកវិធីសាស្ត្រធ្វើឲ្យអ្នកដទៃជឿជាក់លើក្ដីសុបិនរបស់យើងជារួម ហើយខ្ញុំតែងតែនិយាយជាមួយនឹងក្រុមការងារថា បេសកកម្មដ៏ពិបាកកំឡុងពេលចាប់ផ្ដើមអាជីវកម្ម គឺធ្វើឲ្យមនុស្សជាច្រើនជឿជាក់លើក្ដីសុបិនមួយរួមគ្នា» នេះជាការលើកឡើងរបស់អ្នកស្រី នុត រត្ថា នាយិកានៃក្រុមហ៊ុន រៀបចំកម្មវិធី រំដួល (Romdoul)។
ការសហការគ្នាល្អរវាងបុគ្គលិក ឬក្រុមការងារ គឺជាកត្តាដ៏សំខាន់មួយក្នុងការជំរុញឲ្យអាជីវកម្ម ឬក្រុមហ៊ុនដើរទៅមុខដោយរលូន និងឆាប់រីកចម្រើន។ ជាមួយគ្នានេះ អ្នកស្រី នុត រត្ថា នាយិកាវ័យក្មេង បានចែករំលែកថា ការបណ្ដុះនូវកម្លាំងចិត្ត និងសាមគ្គីភាពគឺជាចំណុចសំខាន់ចម្បងដែលរុញច្រានឲ្យយើងឈានទៅសម្រេចក្ដីសុបិន។ ក្ដីសុបិននឹងអាចក្លាយទៅជាការពិតបានយ៉ាងរហ័ស ដរាបណាយើងស្វែងរកបានក្រុមការងារដែលត្រូវ ព្រមទាំងអាចធ្វើដំណើរទៅមុខជាមួយគ្នាបានដោយភាពជឿជាក់។ មានក្រុមការងារល្អ នឹងធ្វើឲ្យយើងអាចទៅមុខបានកាន់តែឆ្ងាយ។
នាយិកាឆ្នើមរូបនេះបន្ថែមថា ខណៈពេលដែលយើងកំពុងត្រួសត្រាយផ្លូវទៅកាន់ក្ដីសុបិន ពិតប្រាកដណាស់ថាយើងនឹងសាងនូវកំហុស ហើយនិងជួបឧបសគ្គ ដូច្នេះយើងត្រូវធ្វើយ៉ាងណាពន្យល់ណែនាំ លើកទឹកចិត្តបុគ្គលិក ឬក្រុមការងារ ឲ្យកែប្រែកំហុសទៅជាមេរៀន ឧបសគ្គទៅជាឱកាស និងរាល់ការបដិសេធន៍ទៅជាការអត់ធ្មត់ និងអភិវឌ្ឍន៍ ហើយចាំបាច់បំផុតត្រូវព្យាយាមរកវិធីសាស្ត្រយ៉ាងណាធ្វើឲ្យពួកគាត់មានមហិច្ឆតាធំ និងមានការជឿជាក់ក្នុងការបន្តដំណើរទៅកាន់ក្ដីសុបិនមួយរួមគ្នា។
ដូច្នេះ ជាម្ចាស់ក្រុមហ៊ុន ម្ចាស់អាជីវកម្ម ឬជាអ្នកដឹកនាំក្នុងកម្រិតណាមួយ យើងចាំបាច់ត្រូវចំណាយពេលក្នុងការស្វែងយល់ពីក្រុមការងាររបស់ខ្លួនឲ្យបានច្បាស់។ ត្រូវចេះផ្ដល់កម្លាំងចិត្ត ផ្ដល់ក្ដីសង្ឃឹម និងនៅជាមួយគាត់ ដើម្បីឲ្យគាត់ជឿថារាល់ការចូលរួម និងការខិតខំប្រឹងប្រែងរបស់គាត់ប្រាកដជាអាចធ្វើឲ្យពួកយើងសម្រេចបានជោគជ័យរួមគ្នា៕
ដោយ៖ ជួប ស្រីរ័ត្ន