ដីឡូតិ៍​នៅភ្នំ​បូកគោ​កំពុង​ត្រូវ​ប៉ាន់! ក្រសួង​ដែនដី​ប្រកាស​ឲ្យ​ពលរដ្ឋខ្មែរ​មាន​លទ្ធភាព​ចូលរួម​ទិញ​



ថ្លែង​នៅ​ក្នុង​សិក្ខា​សាលា​ស្ដី​អំពី «ការ​ផ្សព្វផ្សាយ​ប្លង់គោលប្រើប្រាស់ដី​គម្រោង​អភិវឌ្ឍន៍​ទី​ក្រុងបូកគោ និងអភិវឌ្ឍន៍​វិស័យទេសចរណ៍» នា​ព្រឹក​ថ្ងៃ​ទី៩ ខែ​កក្កដា ឆ្នាំ​២០១៩​កន្លង​ទៅ ឯកឧត្ដម​ឧប​នាយក​រដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋ​មន្រ្តី​ក្រសួង​ដែនដី​នគរូបនីយកម្ម​និង​សំណង់ បាន​លើក​ទឹក​ចិត្ត​ឲ្យ​ពលរដ្ឋ​ដែល​មាន​លទ្ធភាព ចូលរួម​ទិញ​ដីឡូតិ៍​នៅ​តំបន់​ភ្នំ​បូកគោ ខណៈ​តំបន់​នេះ​នឹង​ត្រូវ​អភិវឌ្ឍន៍​ក្លាយ​ជា ក្រុង​បូកគោ និង​អភិវឌ្ឍន៍​លើ​វិស័យ​ទេសចរណ៍។ នេះ​យោង​តាម​ការ​ផ្សាយ​របស់​ក្រសួង​ព័ត៌មាន។

តាម​ប្រភព​ខាង​លើ​បាន​ឲ្យ​ដឹង​ថា តំបន់​ភ្នំ​បូក​ជា​ទីតាំង​ល្អ​ដែល​មាន គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ជា​ទី​ក្រុង​រដ្ឋបាល​ដែល​មាន​ដូច​ជា អគារ​រដ្ឋបាល លំនៅឋាន អគារ​សេវាកម្ម សាលា​ក្រុង ប្រៃសណីយ៍ អគារ​សុរិយោដី វត្តអារាម ព្រះវិហារ​កាតូលិក គិលានដ្ឋាន ប៉ុស្តិ៍​នគរបាល ទី​បញ្ជាការ​យោធា សណ្ឋាគារ ស្ថានីយ​ទឹក​ស្អាត ស្ថានីយ​អគ្គិសនី និង​ទំនប់ទឹក។ ដូច្នេះ​ក្រសួង​លើក​ទឹក​ចិត្ត​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដែល​មាន​លទ្ធភាព​ ចូល​រួម​ទិញ​នឹង​សង់​លំនៅឋាន​ទេសចរណ៍ និង​ប្រកប​អាជីវកម្ម​ផ្សេងៗ។

ឯកឧត្ដម​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា រយៈ​ពេល​១០​ថ្ងៃ​នេះ​គម្រោង​លក់​បាន​៤០០០ឡូតិ៍​ហើយ​សម្រាប់​កូន​ខ្មែរ និង​ចាប់​ពី​ពេល​នេះ​ទៅ​សប្ដាហ៍​ក្រោយ​គឺ​ត្រូវ​ជំរុញ​ឲ្យ​លក់​បាន ១០០០០ឡូតិ៍​បន្ថែម​ទៀត​សម្រាប់​កូន​ខ្មែរ។ «បើ​អត់​មាន​ថវិកា​ក្នុង​ការ​សាងសង់​គឺ​ទៅ​លំហែ​កាយ​ចង​តង់​ ដាំ​បន្លែ​ហូប​ខ្លួនឯង ថ្ងៃ​ណា​មាន​លុយ​យើង​សង់​ចង្ក្រាន​បាយ​មុន​ហើយ​ត​មក​មុខ កុំ​ឲ្យ​មាន​ពាក្យ​ថា​ បូកគោ​សុទ្ធ​តែ​វៀតណាម សុទ្ធ​តែ​ចិន ឥឡូវ​បូកគោ​សម្រាប់​កូន​ខ្មែរ កូន​ខ្មែរ​ត្រូវ​តែ​មាន​ការ​គាំទ្រ»។

X
5s