គិតត្រឹម៧ខែដើមឆ្នាំ២០១៩ទុនវិនិយោគវិស័យសំណង់កើនជាង៣៩%
យោងតាមរបាយការណ៍ប្រចាំខែកក្កដា ឆ្នាំ២០១៩ នៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម នឹងសំណង់ ដែលបានចេញផ្សាយកាលពីពេលថ្មីៗ បានបង្ហាញពីតម្លៃប៉ាន់ស្មាននៃទុនវិនិយោគលើវិស័យសំណង់កម្ពុជាដែលមានប្រមាណ ១ ១៧៣ ៧០៣ ៨៧៣ដុល្លារ បើធៀបនឹងខែកក្កដាឆ្នាំ២០១៨ មានតម្លៃស្មានទុនវិនិយោគប្រមាណ ៨៤៣ ១៧១ ៧៧៩ដុល្លារ ដែលបានកើនឡើងចំនួន ៣៩,២០%។
តាមរបាយការណ៍ខាងលើបានបង្ហាញថា ទិន្នន័យសំណង់នៅទូទាំងប្រទេសកម្ពុជាមានចំនួន ៥២៥ គម្រោង និងមានផ្ទៃក្រឡាកម្រាលសំណង់សរុបចំនួន ២ ១៦០ ៣៨៤ម២។ បច្ចុប្បន្នគម្រោងអាគារខ្ពស់ៗដែលមានចាប់ពី៥ជាន់ឡើងទៅមានចំនួន ៦៩អាគារ ដោយក្នុងនោះមាននៅខេត្តព្រះសីហនុចំនួន៤៣អាគារ។ គិតចាប់ពីខែកក្កដា ឆ្នាំ២០០០ មកខែកក្កដាឆ្នាំ២០១៩ ក្រសួងបានចេញលិខិតអនុញ្ញាតលើការសាងសង់ចំនួន ៤៦ ១៣០គម្រោង មានទំហំទន់សរុប ៤៦ ២៤៧ ៩០៣ ៦០២ ដុល្លារ។
តាមតួលេខដែលបង្ហាញដោយក្រសួងបានបង្ហាញពីភាពរីកចម្រើនគួរឲ្យកត់សម្គាល់នៃវិស័យសំណង់នៅកម្ពុជា ប៉ុន្តែទោះជាយ៉ាងនេះក្ដី វិស័យនេះក៏បានជួបនូវបញ្ហាប្រឈមមួយចំនួនផងដែរ តួយ៉ាងដូចជា ម្ចាស់គម្រោងមួយចំនួនមិនសហការ ការត្រួតពិនិត្យមួយចំនួននៅមានចន្លោះប្រហោង និងការដ្ឋានមួយចំនួនដំណើរការមុនចេញលិខិតអនុញ្ញាតជាដើម៕
ដោយ៖ ជួប ស្រីរ័ត្ន