ចិន​នឹង​ផ្ដល់​ថវិកា​ជាង​៥លាន​ដុល្លារ​បង្កើត​មជ្ឈមណ្ឌល​បង្កាត់​ពូជ​ឈើ​ប្រណីត​នៅ​កម្ពុជា​



ឯកឧត្ដម Zhao Shucong នាយក​អង្គការ​លេខាធិការដ្ឋាន​បណ្ដាញ​អាស៊ី​ប៉ាស៊ីហ្វិក​សម្រាប់​ការ​គ្រប់គ្រង​ព្រៃឈើ​ដោយ​និរន្តរភាព (APFNet) ដែល​មាន​ស្នាក់​ការ​កណ្ដាល​នៅ​ទីក្រុង​ប៉េកាំង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុង​ឱកាស​ជួប​ជា​មួយ​ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ កាល​ពីពេល​ថ្មីៗ បាន​បង្ហាញ​អំពី​គោល​បំណង​សហការ​ជា​មួយ​ក្រសួង​ក្នុង​ការ​បង្កើត​មជ្ឈមណ្ឌល​បង្កាត់​ពូជ​ឈើ​សំខាន់​និង​មាន​តម្លៃ​ថ្លៃ​នៅ​កម្ពុជា។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​ក្រសួង​ កសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ។

បន្ថែម​ពី​នេះ ឯកឧត្ដម  Zhao Shucong បាន​លើក​ឡើង​ថា​ តាម​រយៈ​គម្រោង​នេះ ភាគី​ចិន​នឹង​ផ្ដល់​ថវិកា​ឧបត្ថម្ភ​ប្រមាណ​ ៥,៥លាន​ដុល្លារ​អាមេរិក​ ចំពោះ​ការ​អនុវត្ត​គម្រោង​នៅ​ឆ្នាំ​២០២០​ខាង​មុខ​នេះ។ ជា​ការ​ឆ្លើយ​តប ឯកឧត្ដម​រដ្ឋមន្ត្រី​កម្ពុជា បាន​សម្ដែង​នូវ​ការ​ស្វាគមន៍​ នឹង​អរគុណ​ចំពោះ​ភាគី​ចិន​ដែល​បាន​ជួយ​ឧបត្ថម្ភ​គាំទ្រ​ជា​បន្តបន្ទាប់​លើ​គម្រោង​អភិវឌ្ឍ​វិស័យ​ព្រៃឈើ​កម្ពុជា។ 

គួរ​បញ្ជាក់​ដែរ​ថា កិច្ច​សហប្រតិបត្តិការ​រវាង​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​អង្គការ APFNet បាន​ចាប់​ផ្ដើម​តាំង​ពី​ឆ្នាំ ២០០៨ ហើយ​គម្រោង​គាំទ្រ​មាន​ចំនួន ៤ គម្រោង​ដែល​មាន​ថវិកា​សរុប​ជាង ៧,៨លាន​ដុល្លារ​សហរដ្ឋអាមេរិក មាន​ជាអាទិ៍៖

ទី១​ស្ដី​ពី "មុខងារ​ចម្រុះ​នៃ​ការងារ​ស្ដារ​ព្រៃឈើ និង​ការ​គ្រប់គ្រង​តំបន់​ព្រៃឈើ​រិចរឹល​នៅ​កម្ពុជា" ទី​២ គម្រោង​ស្ដី​ពី "ការរៀបចំ​ផែនការ​គ្រប់គ្រង​ព្រៃឈើ​នៅ​តំបន់​ទី​ជម្រាល​ស្ទឹង​ព្រែក​ត្នោត​ផ្អែក​លើ​ផែន​ទេសភាព" ទី៣. គម្រោង​ស្តីពី "ការ​ធ្វើ​សមាហរ័ណកម្ម​នៃ​ការ​ធ្វើ​ផែនការ​គ្រប់គ្រង​ប្រព័ន្ធ​អេកូឡូស៊ី​ព្រៃឈើ​និង​គម្រោង​បង្ហាញ​នៅ​មហា​អនុតំបន់​មេគង្គ" ទី៤. គម្រោង​ស្តីពី "ការ​បង្កើត​មជ្ឈមណ្ឌល​បង្កាត់​ពូជឈើ​មាន​តម្លៃ​នៅ​កម្ពុជា" ក្នុង​នោះ គម្រោង​ទី១ និង​២ ត្រូវ​បាន​បញ្ចប់​ដោយ​ជោគជ័យ។ ចំពោះ​គម្រោង​ទី៣ កំពុង​អនុវត្ត និង​ទី៤ នឹង​ចាប់​ផ្តើម​អនុវត្ត​នៅ​ឆ្នាំ​២០២០ ខាង​មុខ​នេះ៕

ដោយ៖ ជួប ស្រីរ័ត្ន

 

 

X
5s