ចិនជាប់ជាប្រទេសដែលមានកាមេរ៉ាសុវត្តិភាពច្រើនជាងគេតាមទីសាធារណៈ សមាមាត្រមនុស្ស២នាក់មានកាមេរ៉ា១គ្រឿង​



យោងតាម Business Insider បានឲ្យដឹងថាទីក្រុងរបស់ប្រទេសចិនគឺមានភាពតានតឹងជាងគេបំផុតនៅលើពិភពលោកដោយមានកាមេរ៉ាសុវត្តិភាពស្ទើរតែគ្រប់ទីកន្លែង ហើយប្រសិនបើកាមេរ៉ាសុវត្ថិភាពត្រូវបានតំឡើងតាមអត្រាដែលបានគ្រោងទុកអាចរំពឹងថានឹងមានកាមេរ៉ាសុវត្ថិភាពតាមទីសាធារណៈមួយគ្រឿងសម្រាប់មនុស្សពីរនាក់នៅក្នុងឆ្នាំ ២០២០ នេះ។

នៅក្នុងចំណាត់ថ្នាក់ផ្អែកលើចំនួនកាមេរ៉ា CCTV គឺក្នុងការដាក់ពិន្ទុនៃចំនួនកាមេរ៉ាសុវត្ថិភាពសម្រាប់មនុស្ស ១០០០ នាក់គឺប្រទេសចិនមានទីក្រុងចំនួន ៨ ក្នុងចំណោមទីក្រុងទាំង ១០ ដែលមានការកាមេរ៉ាស៊ើបអង្កេតច្រើនជាងគេបំផុតនៅលើពិភពលោក។ ហើយទីក្រុងពីរផ្សេងទៀតគឺទីក្រុង London ស្ថិតនៅលំដាប់ទី ៦ និង Atlanta នៅសហរដ្ឋអាមេរិកស្ថិតនៅចំណាត់ថ្នាក់លេខ ១០ ។

តាមរបាយការណ៍របស់គេហទំព័រ Comparitech បានដាក់ខេត្តចិន Chongqing លើចំណាត់ថ្នាក់លេខមួយដែលមានកាមេរ៉ាជិត ២.៦ លានគ្រឿងឬ ១៦៨.០៣ កាមេរ៉ាសម្រាប់មនុស្ស ១០០០ នាក់ហើយដាក់ខេត្ត Sinchuan នៅលើចំណាត់ថ្នាក់លេខ ២ ដោយមានកាមេរ៉ា ១៥៩.០៩ សម្រាប់មនុស្ស ១០០០ នាក់។ ហើយក៏មានសេចក្ដីថ្លែងការថាប្រទេសចិនសព្វថ្ងៃនេះមានកាមេរ៉ាសុវត្ថិភាពដល់ទៅជាង ២០០ លានគ្រឿងដែលគេបានប៉ាន់ប្រមាណថានឹងមានការកើនឡើងជាង ២១៣ ភាគរយក្នុងឆ្នាំ ២០២២ ខាងមុខនេះរហូតដល់ទៅ ៦២៦ លានគ្រឿង។

ចំណែកឯទីក្រុង Shenzhen មានគំរោងតំឡើងកាមេរ៉ារហូតដល់ទៅ ១៦៦៨០.០០០ គ្រឿងក្នុងប៉ុន្មានឆ្នាំខាងមុខនេះដែលជាការកើនឡើងជាង ១១៤៥ ភាគរយបើប្រៀបធៀបទៅនឹងតួលេខសព្វថ្ងៃដែលមានចំនួនប្រមាណ ១៩២៩.៦០០ គ្រឿង។ ប្រសិនបើប្រទេសចិនទាំងមូលបង្កើនចំនួនកាមេរ៉ាសុវត្តិភាព ចំនួន ១១៤៥ ភាគរយ នោះមានន័យថានឹងមានកាមេរ៉ាសរុបជាង ២.២៩ ពាន់លានគ្រឿង ដែលសមាមាត្រនឹង ២គ្រឿងសម្រាប់មនុស្សម្នាក់៕

ដោយ៖ នឿន វណ្ណៈ

X
5s