អាជីវកម្ម​ថ្ម​កំបោរ​នៅ​ខេត្ត​កំពត​លើ​ទំហំ​ដី​ជាង​៤រយ​ហិកតា​ត្រូវ​បាន​ក្រសួង​គាំទ្រ​



បន្ទាប់​ពី​កិច្ច​ប្រជុំ​អន្តរក្រសួង​ដែល​ដឹកនាំ​ដោយ លោកជំទាវ ម៉ម ថានី​ រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន  ស្តីពី​ការពិនិត្យនិង​ផ្ដល់​យោបល់​លើ​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ និង​សង្គម​ពេញលេញ​ (ESIA) សម្រាប់​គម្រោង​អាជីវកម្ម​ថ្មកំបោរ លើ​ផ្ទៃដី​ទំហំ ៤៧៥ហិកតា របស់​ក្រុមហ៊ុន​ស៊ីម៉ង់ត៍​កម្ពុជា ចក្រី​ទីង  អង្គប្រជុំ​បាន​គាំទ្រ​ចំពោះ​គម្រោង​អាជីវកម្ម​ខាង​លើ។

អាជីវកម្ម​ថ្មកំបោរ​ខាង​លើ​នឹង​ដំណើរ​ការ​នៅ តំបន់​ភ្នំ​បោះ​ដំបង និង​ភ្នំ​ឈ្ងោក ក្នុង​ភូមិសាស្ត្រ​ឃុំ​កណ្តោល និង​ឃុំ​ត្រពាំងព្រីង ស្រុក​ទឹកឈូ ខេត្ត​កំពត របស់​ក្រុមហ៊ុន ស៊ីម៉ង់ត៍​កម្ពុជា ចក្រីទីង​(ម្ចាស់​គម្រោង) និង​សិក្សា​វាយ​តម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន និង​សង្គម​ពេញលេញ ដោយ​ក្រុមហ៊ុន​ទីប្រឹក្សា​ SBK Research and Development Co., Ltd. ។

ជា​លទ្ធផល​ អង្គប្រជុំ​ បាន​សម្រេច ដូច​ខាង​ក្រោម៖

1- គាំទ្រ​លើ​គម្រោង​អាជីវកម្ម​ថ្មកំបោរ របស់​ក្រុមហ៊ុន​ស៊ីម៉ងត៍​កម្ពុ​ជា​ចក្រីទីង

2- អង្គប្រជុំ​គាំទ្រ​រក្សា​ទុក​ភ្នំ​ឈ្ងោក​ទាំងមូល

3- ក្រុមហ៊ុន​ ពិចារណា​លើ​ការ​បង្កើន​លើ​មូលនិធិ​បរិស្ថាន​ និង​សង្គម ឱ្យ​បាន​សមរម្យ

4- សូម​សរសេរ​បន្ថែម​លម្អិត​លើ​ការ​គ្រប់គ្រង​ហានិភ័យ និង​ការ​ស្ដារ​បរិស្ថាន​ឡើងវិញ

5- ក្រុមហ៊ុន​ ត្រូវ​ដោះស្រាយ​ផល​ប៉ះពាល់​លើ​តំបន់​ដែល​ពាក់ព័ន្ធ​ជា​មួយ​ហេដ្ឋារចនាសម្ព័ន្ធ និង​ប្រជាជន

6- សូម​ក្រុមហ៊ុន​ទីប្រឹក្សា​ ពិនិត្យ​ឡើង​វិញ​នៅ​ត្រង់​ចំណុច​វិភាគ​សេដ្ឋកិច្ច​ និង​ផ្ទៀងផ្ទាត់​ឡើង​វិញ​នូវ​ទិន្នន័យ​ដែល​បាន​លើក​ឡើង​ក្នុង​របាយការណ៍

7- ក្រុមហ៊ុន​ទីប្រឹក្សា​ ត្រូវ​បញ្ចូល​បន្ថែម​លើ​បទដ្ឋាន​គតិយុត្ត(ច្បាប់ ប្រកាស គោលការណ៍​ណែនាំ​នានា) ដែល​បាន​ស្នើ​ឡើង​ដោយ​ស្ថាប័ន​ពាក់ព័ន្ធ

8- ក្រុមហ៊ុន និង​ក្រុមហ៊ុន​ទីប្រឹក្សា​ត្រូវ​កែ​សម្រួល​របាយការណ៍​ ស្រប​តាម​មតិយោបល់​ជា​វិជ្ជមាន​ និង​ស្មារតី​អង្គប្រជុំ​ទាំង​មូល ដើម្បី​ដាក់​បញ្ចូល​ទៅ​ក្នុង​របាយការណ៍​វាយ​ហេតុ​ប៉ះពាល់​បរិស្ថាន​ និង​សង្គម​ពេញ​លេញ​៕

 

រូបភាព៖ WMC

ដោយ៖ ជួប ស្រីរ័ត្ន

X
5s