មូលដ្ឋានគ្រឹះភាពជាអ្នកដឹកនាំចំនួន៦ ដែលអ្នកគួររៀនសូត្រតាមសត្វឥន្ទ្រីយ៍
ឥន្ទ្រីគឺជាសត្វស្លាបមួយប្រភេទដែលមនុស្សជាច្រើនធ្លាប់បានពិពណ៌នាថា វាមានលក្ខណៈពិសេស និងឥទ្ធិពលខុសពីសត្វស្លាបដទៃទៀតដោយសារតែវាអាចផ្តល់មេរៀនដ៏មានតម្លៃជាច្រើនសម្រាប់មនុស្សលោក។ មេរៀនមួយនៅក្នុងចំណោមមេរៀនទាំងនោះ គឺគោលការណ៍ភាពជាអ្នកដឹកនាំចំនួន ៦ចំណុច ដែលអ្នកអាចសិក្សាស្វែងយល់នៅខាងក្រោមនេះ៖
១. សត្វឥន្ទ្រីចូលចិត្តហោះហើរម្នាក់ឯង និងនៅរយៈកម្ពស់ខ្ពស់ៗ
នៅពេលអ្នកបានឃើញសត្វឥន្ទ្រីយ៍ហោះ អ្នកនឹងកត់សម្គាល់បានថា សត្វមួយនេះមិនចូលចិត្តហោះហើរដូចជាហ្វូងចាប ក្អែក និងបក្សីតូចៗដទៃទៀតនោះឡើយ។ វាចូលចិត្តហោះហើរម្នាក់ឯង និងនៅរយៈកម្ពស់ខ្ពស់ដែលកម្រមានសត្វផ្សេងទៀតធ្វើបានណាស់។
មេរៀនសម្រាប់រៀនសូត្រ៖ អ្នកគួរនៅឆ្ងាយពីក្រុមហ៊ុនមនុស្សដែលមានគំនិតអវិជ្ជមាន ឬចង្អៀតចង្អល់ ដែលអាចអូសទាញទម្លាក់អ្នកឲ្យបរាជ័យដូចពួកគេ។ ឥន្ទ្រីចូលចិត្តហោះហើរជាមួយសត្វឥន្ទ្រី។ មនុស្សជោគជ័យ ចូលចិត្តស្ថិតនៅជាមួយក្រុមមនុស្សជោគជ័យ។
២. សត្វឥន្ទ្រីមានចក្ខុវិស័យច្បាស់លាស់
ពួកវាមានសមត្ថភាពក្នុងការផ្ដោតសម្លឹងមើលទៅលើអ្វីមួយដូចជាចំណីរបស់វាដែលនៅឆ្ងាយៗរហូតដល់ចម្ងាយ ៥ គីឡូម៉ែត្រពីវា។ ទោះបីជាមានឧបសគ្គមករារាំងយ៉ាងណាក៏ដោយ ក៏សត្វឥន្ទ្រីមិនផ្លាស់ប្ដូរការផ្ដោតអារម្មណ៍របស់វាដែរ រហូតដល់វាអាចចាប់ចំណីរបស់វាបាន។
មេរៀនសម្រាប់រៀនសូត្រ៖ អ្នកត្រូវមានចក្ខុវិស័យច្បាស់លាស់ និងវែងឆ្ងាយដូចសត្វឥន្ទ្រីយ៍ ។ ទោះបីជាមានឧបសគ្គធំ ឬតូច អ្នកត្រូវផ្ដោតអារម្មណ៍យកចិត្តទុកដាក់នឹងគោលដៅរបស់អ្នកដែលអ្នកបានដៅទុកទើបអ្នកអាចទទួលបានភាពជោគជ័យ។ អ្នកត្រូវមានគោលដៅក្នុងជីវិត ហើយធ្វើដំណើរទៅកាន់គោលដៅនោះដោយប្រើចក្ខុវិស័យ និងសមត្ថភាពផ្ទាល់ខ្លួនរបស់អ្នក។
៣.សត្វឥន្ទ្រីចូលចិត្តស៊ីសាច់ស្រស់ មិនស៊ីសាច់ស្អុយរលួយ
ខុសពីសត្វផ្សេងៗទៀតដូចជាសត្វត្មាត ឥន្ទ្រីចូលចិត្តស៊ីសាច់ស្រស់ៗដែលវាចាប់បាន ។ វាមិនប៉ះពាល់សាច់សត្វងាប់ស្អុយរលួយមកធ្វើចំណីរបស់វាឡើយ។ វាចេញស្វែងរកចំណីយ៉ាងសកម្មជាពិសេសវាចូលចិត្តប្រមាញ់ដេញចាប់សត្វព្រៃថ្មីៗ។
មេរៀនសម្រាប់រៀនសូត្រ៖ កុំពឹងផ្អែកលើភាពជោគជ័យពីអតីតកាលរបស់អ្នក។ អ្នកមិនត្រូវនៅមួយកន្លែងនោះឡើយ យើអ្នកត្រូវបន្តស្វែងរកឱកាសថ្មីៗ និងយកជ័យជំនះទៅលើឧបសគ្គថ្មីៗ។ ទុកអតីតកាលរបស់អ្នកនៅកន្លែងមួយដែលជាអតីតកាល។ បទពិសោធន៍ ព័ត៌មាន ឬប្រវត្តិអតីតកាលច្រំៗដែលមិនមែនជារឿងល្អសម្រាប់អ្នកឡើយ។ អ្នកត្រូវប្រមាញ់យកព័ត៌មាន បទពិសោធន៍ និងចំណេះដឹងថ្មីជាប្រចាំ ជាពិសេសទាក់ទងទៅនឹងអាជីពរបស់អ្នក។
៤.សត្វឥន្ទ្រីពេញចិត្តទោះបីជាមានព្យុះមកដល់
ខុសពីសត្វផ្សេងៗទៀតដែលតែងរកទីជម្រក និងកន្លែងសុវត្ថិភាព សត្វឥន្ទ្រីយ៍ឯណេះវិញវាពេញចិត្តហោះហើរបង្ហាញមហិទ្ធិឫទ្ធិនៅពេលមានព្យុះបោកបក់ចូលមកដល់។ នៅពេលប្រឈមមុខទៅនឹងខ្យល់ព្យុះ វាហោះហើរនៅក្នុងរយៈកម្ពស់កាន់តែខ្ពស់ពីលើពពកព្យុះនោះទៅទៀត។ នេះនឹងអាចជួយឲ្យវាមើលឃើញឱកាសសម្លឹងបានវែងឆ្ងាយ និងមើលស្ថានភាពព្យុះកាន់តែច្បាស់ ព្រមទាំងអាចត្រដាងស្លាបសម្រាកសំកាំងនៅលើឱកាសទៀតផង។
មេរៀនសម្រាប់រៀនសូត្រ៖ នេះវាបានបង្រៀនថា អ្នកត្រូវរីករាយហ៊ានប្រឈមមុខទៅនឹងឧបសគ្គធំៗរបស់អ្នក។ អ្នកត្រូវចេះប្រើឧបសគ្គទាំងនោះដើម្បីបង្កើតឱកាសថ្មីៗដែលអាចធ្វើឲ្យអ្នកកាន់តែរឹងមាំ និងទទួលបានជោគជ័យជាងមុន។ អ្វីដែលអ្នកត្រូវធ្វើនៅក្នុងស្ថានភាពបែបនេះ គឺការអត់ធ្មត់ តស៊ូ និងបន្តដំណើរទៅមុខដោយស្នាមញញឹម។
៥.សត្វឥន្ទ្រីត្រៀមខ្លួនជានិច្ចសម្រាប់ការបណ្តុះបណ្តាលអភិវឌ្ឍសមត្ថភាព
នៅពេលដែលកូនៗរបស់វាអាចត្រៀមហោះហើរបាន សត្វឥន្ទ្រីយ៍ចាប់ផ្តើមកាយសំបុកចេញ ដើម្បីត្រៀមខ្លួនបង្រៀនកូនៗរបស់វាឲ្យចេះហើរ។ ពេលខ្លះបើទោះបីជាមិនទាន់អាចហោះហើរបាន វាក៏អាចបង្រៀនកូនៗរបស់វាឲ្យសាកល្បងហោះហើរនៅពេលមានករណីចាំបាច់។
មេរៀនសម្រាប់រៀនសូត្រ៖ ត្រង់នេះសត្វឥន្ទ្រីយ៍បង្រៀនអ្នកថា ដើម្បីទៅកាន់ពិភពលោកថ្មីមួយដែលល្អជាងនេះ អ្នកត្រូវក្លាហានក្នុងការផ្លាស់ប្ដូរអ្វីៗដែលអ្នកមាននៅថ្ងៃនេះ។ អ្នកត្រូវចាកចេញពីតំបន់សុវត្ថិភាពបច្ចុប្បន្នរបស់អ្នក។ អ្នកត្រូវសាកល្បងធ្វើអ្វីថ្មីៗ ដែលអ្នកមិនដែលជួបប្រទះ។ កុំឈរនៅមួយកន្លែង ត្រូវពង្រីកព្រំដែនសមត្ថភាពរបស់អ្នកនោះជីវិតអ្នកនឹងល្អប្រសើរជាងនេះ។
៦.នៅពេលវាអាយុកាន់តែចាស់ សត្វឥន្ទ្រីយ៍ចាប់ផ្តើមជម្រុះស្លាប ឬរោមចាស់ៗចោល
ដោយសារកត្តាអាយុ ស្លាបរបស់ឥន្ទ្រីយ៍ចាប់ផ្តើមខ្សោយ ហើយមិនបានខ្ពស់ និងលឿនដូចមុនទៀតទេ។ នេះអាចធ្វើឲ្យវាស្លាប់បាន។ ហេតុដូច្នេះហើយ វាក៏ធ្វើដំណើរទៅកន្លែងឆ្ងាយៗ ហើយនៅទីនោះ វាចាប់ផ្តើមបោចរោម បំបែកចំពុះ និងក្រញាំជាមួយនឹងផ្ទាំងថ្មរហូតដល់ខ្លួនវាទទេស្អាតដែលគេហៅថា ជាដំណើរបង្ហូរឈាម និងគួរឲ្យឈឺចាប់បំផុតមួយក្នុងជីវិតរបស់វា។ បន្ទាប់មកវាសម្ងំលាក់ខ្លួនរហូតដល់តែវាដុះរោម ចំពុះ និងក្រញាំថ្មី រួចហើយក៏បង្ហាញខ្លួនហោះហើរសាជាថ្មីបានកាន់តែខ្ពស់ និងលឿនជាងមុន។
មេរៀនសម្រាប់រៀនសូត្រ៖ ពេលខ្លះអ្នកត្រូវជម្រុះចោលទម្លាប់មិនល្អចាស់ៗដែលអាចអូសទាញអ្នកឲ្យបរាជ័យ។ អ្នកអាចថយក្រោយមួយជំហាន ឬនៅមួយកន្លែងដើម្បីសម្រាក និងពង្រឹងសមត្ថភាពខ្លួនឯងឲ្យកាន់តែខ្លាំងជាងមុន។ នៅក្នុងជីវិតរបស់អ្នក អ្នកមិនអាចខ្លាំងគ្រប់ពេល ហើយក៏មិនត្រូវបរាជ័យគ្រប់ពេលដែរ។ អ្នកជួបភាពបរាជ័យ ការខកចិត្ត អស់សង្ឃឹម ហើយក៏ត្រូវការពេលដើម្បីរៀនសូត្រ ពេលសប្បាយ និងមើលថែខ្លួនឯង ព្រមទាំងមនុស្សដែលអ្នកស្រលាញ់៕
ប្រភព៖ thegodspeople