ចង់ជោគជ័យពិតប្រាកដ អ្នកត្រូវប្រកួតប្រជែងជាមួយខ្លួនឯងឲ្យបានសិន
ក្នុងនាមជាសហគ្រិនមួយរូបដែលតែងទទួលបានភាពជោគជ័យពីមួយកម្រិតទៅមួយកម្រិត លោក សេង សុផល អគ្គនាយកក្រុមហ៊ុនរតនៈភូល បានចែករំលែកពីគន្លឹះមួយចំនួនដែលអាចនាំអ្នកទៅរកភាពជោគជ័យទាំងក្នុងដំណើរជីវិត និងដំណើរការអាជីវកម្ម។
តាមរយៈកិច្ចសម្ភាសន៍ជាមួយក្រុមការងារ BizKhmer លោកអគ្គនាយក សេង សុផល បានមានប្រសាសន៍ថា ការប្រកួតប្រជែងពិតប្រាកដដែលលោកតែងជម្នះបានគឺការប្រកួតប្រជែងជាមួយនឹងចំនុចខ្សោយរបស់ខ្លួនឯង។ ធ្លាប់មានជីវិតរស់នៅក្នុងគ្រួសារមួយដែលមានជីវភាពមិនធូរធារ ធ្លាប់ជួបបញ្ហាផ្នែកហិរញ្ញវត្ថុ ជាហេតុនាំឲ្យលោកត្រូវស្វែងរកការងារដើម្បីបំពេញតម្រូវការ និងផ្គត់ផ្គង់ការសិក្សា។
បន្ទាប់ពីបានចេញពីជីវិតសិក្សា និងបម្រើការងារអស់មួយរយៈ លោក សេង សុផល បានប្រើជំនាញស្ថាបត្យកម្មរបស់លោក រហូតមានក្រុមហ៊ុនចំនួន៣ និងមានសាខាក្រុមហ៊ុនអាងទឹកមួយកន្លែងទៀតដែលស្ថិតនៅក្នុងខេត្តសៀមរាបផងដែរ។ ទាំងអស់នោះដោយសារការមើលឃើញពីឱកាសខ្ពស់នៃវិស័យផ្គត់ផ្គង់សម្ភារៈអាងទឹក មានកម្រិតខ្ពស់ លោកក៏សម្រេចចិត្តបង្កើតក្រុមហ៊ុនអាងទឹកនោះឡើងនៅឆ្នាំ ២០១៥ រហូតដល់ទទួលបានជោគជ័យជាអ្នកផ្គត់ផ្គង់សម្ភារៈអាងទឹក និងមានការទទួលស្គាល់ពីអតិថិជនគ្រប់ទិសទីរហូតមកដល់បច្ចុប្បន្ននេះ ។
ឆ្លើយតបនឹងសំណួរមួយថា “តើការប្រកួតប្រជែង និងការគំរាមកំហែងណាខ្លះដែលលោកចាប់យកវាជាឱកាសអភិវឌ្ឍខ្លួន?” លោក សេង សុផល បានមានប្រសាសន៍ថា គ្រប់អាជីវកម្មគឺសុទ្ធតែមានការប្រកួតប្រជែង និងការគំរាមកំហែង តែការប្រកួតប្រជែងពិតប្រាកដដែលនាំឲ្យលោកអភិវឌ្ឍខ្លួនមកដល់សព្វថ្ងៃនេះ គឺការប្រកួតប្រជែងជាមួយខ្លួនឯង។
លោកបន្តថា ការប្រកួតប្រជែងនឹងខ្លួនឯងមិនមែនមានន័យថា យើងមិនមើលពីដៃគូប្រកួតយើងទេ តែអ្វីដែលយើងត្រូវធ្វើគឺដឹងពីដៃគូប្រជែងឲ្យបានច្បាស់ រកចំណុចខ្សោយរបស់ខ្លួនឲ្យឃើញ កែប្រែចំនុចខ្វះខាតទាំងនោះ និងព្យាយាមបំពេញសេវាកម្មជូនអតិថិជនឲ្យបានល្អបំផុត។ លោកបានបន្ថែមទៀតថា គូប្រកួតប្រជែងច្រើនយ៉ាងណាមិនសំខាន់ទេ តែអ្វីដែលសំខាន់គឺយើងស្គាល់ពួកគាត់ឲ្យអស់ ស្គាល់ខ្លួនឯងច្បាស់ ធ្វើអ្វីដែលជាអត្តសញ្ញាណរបស់យើង ដាក់កំណត់គោលដៅដែលយើងត្រូវដើរ សួរថាខ្លួនឯងចង់បានអ្វីក្នុងពេលនេះ ហើយបន្តទៅមុខ ៣ឆ្នាំ ៥ឆ្នាំ ឬ ១០ឆ្នាំ យើងចង់ឃើញខ្លួនឯងទៅជាអ្វី ហើយផ្លូវណាដែលយើងនឹងដើរដើម្បីបានទៅដល់គោលដៅមួយនោះ។ យកការស្រលាញ់ និងការតាំងចិត្តជាធំ ហើយព្យាយាមសម្រេចក្តីស្រមៃរបស់អ្នកតាមរយៈការខិតខំប្រឹងប្រែង អ្នកនឹងទទួលបានលទ្ធផលនៅថ្ងៃណាមួយជាក់ជាមិនខាន៕
ដោយ៖ យ៉ាយ៉ា