ភាពស្មោះត្រង់ ការទទួលខុសត្រូវ និងចែករំលែកជាដើមទុនធំ និងប្រសើរបំផុតសម្រាប់ភាពជោគជ័យ
បើកដំណើរការក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈអាងទឹក និងថែទាំអាងទឹក តាំងពីពាក់កណ្តាលឆ្នាំ ២០១៥ មក លោក សេង សុផល អគ្គនាយកក្រុមហ៊ុនរតនៈភូល បានទទួលការគាំទ្រពីអតិថិជនកាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
កត្តាដែលនាំឲ្យលោកទទួលបានការគាំទ្រច្រើនពីសំណាក់អតិថិជនបែបនេះ ក៏ដោយសារការប្រកាន់ខ្ជាប់នូវភាពទទួលខុសត្រូវ ។ លោក សេង សុផល បានមានប្រសាសន៍ថា ភាពទទួលខុសត្រូវក្នុងនាមជាម្ចាស់អាជីវកម្ម និងភាពទទួលខុសត្រូវក្នុងនាមជាថ្នាក់ដឹកនាំដែលលោកតែងធ្វើវា បានជម្រុញឲ្យលោកមានថ្ងៃនេះ ទោះបីក្នុងឆ្នាំដំបូងនៃដំណើរការអាជីវកម្ម ក្រុមហ៊ុនលោករកគម្រោងសើ្ទរតែមិនបាន៥ គម្រោងផងនោះក្នុងមួយឆ្នាំ ។ លោកបានបន្តទៀតថា កាលណាម្ចាស់អាជីវកម្មមានភាពទទួលខុសត្រូវក្នុងខ្លួន រួមផ្សំជាមួយក្តីស្រលាញ់ និងទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន នោះនឹងមានឱកាសបើកអាជីវកម្មមួយមិនខាន ទោះបីមានដើមទុនតិចតួចមិនគ្រប់គ្រាន់ក្តី។
ភាពទទួលខុសត្រូវដែលលោកប្រើក្នុងអាជីវកម្មនោះគឺ ការបំពេញចិត្តអតិថិជនដោយលទ្ធផលជាជាងការយកហេតុផលដើម្បីដោះសារ ព្រោះលោកយល់ថាការរក្សាទំនុកចិត្តតាមរយៈការបង្ហាញលទ្ធផលជូនអតិថិជននេះជាគុណតម្លៃដែលក្រុមហ៊ុនរតនៈភូលអាចចងចិត្តអតិថិជនបាន។ ចំពោះការគ្រប់គ្រងបុគ្គលិកក៏ដូចគ្នា លោក សេង សុផល ក៏បានបញ្ជាក់ដែរថា ម្ចាស់ក្រុមហ៊ុនប្រៀបដូចជាម្តាយឪពុក ហើយបុគ្គលិកប្រៀបដូចជាកូនចៅនៅក្នុងបន្ទុក ។ ហើយភាពស្និតស្នាល ការដឹងពីសុខទុក្ខរបស់បុគ្គលិកជារឿងមួយដែលម្ចាស់ក្រុមហ៊ុនត្រូវធ្វើ និងបង្ហាញពីភាពទទួលខុសត្រូវក្នុងនាមជាអ្នកដឹកនាំ។
នៅមិនទាន់អស់នៅឡើយទេ បើទោះបីជាក្រុមហ៊ុនរតនៈភូលជាក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈអាងទឹក និងថែទាំងអាងទឹកក៏ពិតមែន តែជាក់ស្តែងលោកត្រូវការទិញសម្ភារៈពីអ្នកផ្គត់ផ្គង់ដូចគ្នា។ លោកបានបញ្ជាក់ថា យើងជាអ្នកទិញក៏ត្រូវមានតួនាទីទទួលខុសត្រូវលើការរក្សាទំនាក់ទំនងជាមួយអ្នកផ្គត់ផ្គង់ដែរ ព្រោះបើគ្មានអ្នកផ្គត់ផ្គង់អាជីវកម្មយើងក៏មិនអាចដំណើរការទៅមុខបានរលូនឡើយ។ ភាពទទួលខុសត្រូវក្នុងនាមជាអ្នកទិញគឺ យើងត្រូវមានការកំណត់ចំនួន និងរយៈពេលទិញទំនិញពីអ្នកផ្គត់ផ្គង់ឲ្យបានជាក់លាក់មិនថាក្នុងឬ ក្រៅប្រទេស ជៀសវាងម្តងទិញ ម្តងបញ្ឈប់ស្រេចតែនឹងចិត្ត ក៏ដូចជាការទូទាត់យឺតយ៉ាវច្រើនដងពេកដែលនាំឲ្យមានផលប៉ះពាល់ដល់ដំណើរការអាជីវកម្ម៕
ដោយ៖ យ៉ាយ៉ា
ដើមទុនសម្រាប់អាជីវកម្ម