ជាមួយនឹងក្ដីសង្ឃឹមនិងចក្ខុវិស័យថ្មី ឥណ្ឌូនេស៊ីសម្រេចចិត្តរើផ្លាស់រាជធានីពី Jakarta ទៅ Borneo​



ប្រទេសឥណ្ឌូនេស៊ីនឹងរើផ្លាស់រដ្ឋធានីចាស់ពី Jakarta ទៅសាងសង់រដ្ឋធានីថ្មីនៅលើកោះ Borneo ដែលនឹងត្រូវសាងសង់នៅចន្លោះទឹកដីភាគខាងជើង Penajam Paser និង Kutai Kartanegara និងភាគខាងកើត Kalimantan ដើម្បីព្យាយាមបន្ធូរបន្ថយសម្ពាធលើការកកស្ទះនិងការលិចរដ្ឋធានីចាកាតា (Jakarta)។  នេះ​បើ​តាមសេចក្ដីរាយការណ៍ពីសារព័ត៌មាន The South China Morning Post។​

ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Wododo បានអោយដឹងថា ការផ្លាស់ទីលំនៅថ្មីនៅចម្ងាយប្រមាណ ១៤០០ គីឡូម៉ែត្រពី Jakarta នឹងជួយពង្រាយឥទ្ធិពលសេដ្ឋកិច្ចរបស់ប្រទេសមួយនេះទៅខាងក្រៅកោះចាវ៉ា (Java) ដែលជាកោះមានប្រជាជនច្រើនបំផុតនៅក្នុងប្រទេសមួយនេះ។ ការចំណាយលើការកសាងរដ្ឋធានីថ្មីត្រូវបានប៉ាន់ប្រមាណថានឹងត្រូវចំណាយដល់ទៅ ៤៦៦ លានលានរូពី (៣២.៨ ពាន់លានដុល្លារអាមេរិក) ដែលត្រូវការរយៈពេលដល់ទៅ ៤ ឆ្នាំនិងដីអភិវឌ្ឍន៍ប្រហែល ៤០០០០ ហិកតាសម្រាប់ចំនួនប្រជាជន ១.៥ លាននាក់។ ហើយគម្រោងធំរបស់ប្រទេសមួយនេះគឺសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាមុនសិនក្នុងឆ្នាំ ២០២១ ខាងមុខនេះ។ 

បើប្រៀបនឹងរដ្ឋធានីចាស់ ទីតាំងថ្មីនេះនឹងផ្ដល់សមិទ្ធផលយ៉ាងច្រើនព្រោះវាស្ថិតនៅកណ្តាលប្រទេសឥណ្ឌូនេស៊ីនិងនៅជិតតំបន់ទីក្រុង។ បន្ទុកទីក្រុង Jakarta កំពុងទទួលរងនៅពេលនេះគឺធ្ងន់ណាស់ដែលជាមជ្ឈមណ្ឌលអភិបាលកិច្ច ពាណិជ្ជកម្ម ហិរញ្ញវត្ថុ ពាណិជ្ជកម្ម និងសេវាកម្ម។ ជាមួយនឹងកំណើនប្រជាជនរហូតដល់ ៣០ លាននាក់រាជធានីចាស់នេះមានការកក់កុញជាមួយនឹងប្រជាជនដែលបានជះបញ្ហាធំៗចំបងមួយចំនួនដូចជាកង្វក់បរិស្ថាននិងការរាំងស្ទះចរាចរណ៍។

មិនត្រឹមតែប៉ុណ្ណោះទឹកដី Jakarta មួយភាគធំគឺជាតំបន់ទំនាបដែលអាចវាយលុកដោយទឹកជំនន់បានហើយអាចនឹងជួបគ្រោះទឹកលិចជន់ក្នុងពេលឆ្នាំ ២០៥០។ ប៉ុន្តែរាជធានីថ្មីគឺសេចក្ដីសង្ឃឹមថ្មីដែលអាចជួយដោះស្រាយបញ្ហាចំបងទាំងនេះព្រមទាំងជួយបង្កើនសេដ្ឋកិច្ចនិងកាត់បន្ថយចន្លោះជីវភាពរវាងអ្នកមាននិងអ្នកក្រ។

រឿង​ផ្លាស់ប្ដូររដ្ឋធានីនេះមិនមែនជា​រឿង​ចម្លែកនោះទេ។​ ជាក់ស្ដែងដូច​ករណី​ប្រទេសម៉ាឡេស៊ី និង​មីយ៉ាន់ម៉ា បាន​​​ធ្វើ​រួច​ទៅហើយ និងបណ្ដា​ប្រទេស​មួយ​ចំនួន​ទៀតដូច​ជា​ ប្រេស៊ី៏ល ប៉ាគីស្ថាន និង​នីហ្សេរីយ៉ា ក៏ជិតនឹងផ្លាសប្ដូររដ្ឋធានីបែបនេះដែរ៕​

ដោយ៖ នឿន វណ្ណៈ

 

X
5s