ការវិវដ្តនៃវិស័យកសិកម្មរបស់ថៃ និងការប្រើបច្ចេកវិទ្យា (AI) នៅក្នុងកសិដ្ឋានឆ្លាតវៃ
យោងតាមរបាយការណ៍ពីអង្គការសហប្រជាជាតិបានឲ្យដឹងថា ចំនួនប្រជាជនលើពិភពលោកនឹងកើនដល់ ៩.៨ ប៊ីលាននាក់ (ប្រមាណ ២៩%) ក្នុងឆ្នាំ ២០៥០។ ដោយសារកំណើននេះវាអាចមានផលប៉ះពាល់មួយចំនួនទៅលើវិស័យកសិកម្មពិភពលោក ព្រោះការអភិវឌ្ឍតាមបណ្តាប្រទេសនីមួយៗ កាន់តែមានការកើនឡើង នាំឲ្យដីដាំដែលត្រូវប្រើសម្រាប់កសិកម្មនោះថយចុះ។
ប្រទេសថៃចាត់ទុកវិស័យកសិកម្មជាស្នូលនៃសេដ្ឋកិច្ចជាតិ ព្រោះវាបានផ្តល់ការងារប្រមាណ ៤០% ដល់ប្រជាជនក្នុងប្រទេស។ តែទោះបីជាផ្តល់ការងារដល់ប្រជាជនស្ទើរពាក់កណ្តាលក្តី តែវិស័យមួយនេះបានចូលរួមចំណែកក្នុងការបង្កើនកំណើនសេដ្ឋកិច្ចជាតិតែ ១០% ប៉ុណ្ណោះហើយវាក៏ចាប់ផ្តើមធ្លាក់ចុះបន្តិចម្តងៗ។
រដ្ឋាភិបាលថៃមិនបានឱបដៃមើលទេ តែគេបានធ្វើកំណែទម្រង់ប្រព័ន្ធដោយប្រើការអភិវឌ្ឍដោយបច្ចេកវិទ្យាទំនើបដើម្បីជួយដល់វិស័យកសិកម្ម។ បច្ចេកវិទ្យានៃការវិវដ្តថ្មីនេះគឺ ផ្តោតសំខាន់បំផុតលើប្រព័ន្ធស្រោចស្រព និងការដាក់ជីឲ្យបានត្រឹមត្រូវតាមកម្រិតស្តង់ដារ ដើម្បីអាចរក្សាជីជាតិ និងកម្រិតជាតិរ៉ែក្នុងដី មិនបាត់បង់គុណភាពដីដែលនឹងផ្តល់ទិន្នផលខ្ពស់ក្នុងមួយម៉ែតការ៉េ។
១) គម្រោងកសិកម្មជាក់លាក់ដែលថៃកំពុងសិក្សា និងប្រើប្រាស់
គម្រោងកសិកម្មជាក់លាក់គឺ ជាគំនិតគ្រប់គ្រងកសិកម្មដោយផ្អែកលើការវាស់វែង ការអង្កេតជាក់លាក់ និងធ្វើការបែងចែកលើប្រភេទដំណាំផ្សេងៗគ្នាជាការឆ្លើយតបក្នុងកាទទួលបានទិន្នផល។ គោលដៅនៃការស្រាវជ្រាវកសិកម្មដែលមានភាពជាក់លាក់គឺដើម្បីកំណត់ប្រព័ន្ធគាំទ្រដល់ការសំរេចចិត្ត (DSS) សម្រាប់ការគ្រប់គ្រងកសិកម្មទាំងមូល ជាមួយនឹងគោលដៅនៃការធ្វើឱ្យប្រសើរឡើងលើធាតុចូល (Input) ខណៈរក្សាធនធាន ឬវត្ថុធាតុដើមនៅដដែល។ ការផ្តោតសំខាន់នេះបែងជាដំណាក់កាលដូចជា៖
ក) ដំបូងគឺសំដៅដល់គ្រាប់ពូជដែលត្រូវដាំ ថាជាប្រភេទផ្ទុកសែនដែលអាចផ្តល់ទិន្នផលអតិបរមាឬយ៉ាងណា រួមនឹងអត្រាលូតលាស់ជាក់លាក់មួយ និងត្រូវបានដាំលើសណ្ឋានដីដែលត្រឹមត្រូវនឹងពូជនេះ។
ខ) ការជ្រើសរើសប្រភេទដីក៏ដូចគ្នា ព្រោះវាមានភាពទាក់ទងគ្នាខ្ពស់ក្នុងការផ្តល់ទិន្នផលអតិបរមាក្នុងមួយម៉ែត្រការ៉េ។
គ) ជីដែលត្រូវបានប្រើប្រាស់ ត្រូវតែត្រឹមត្រូវតាមប្រភេទដីដើម្បីអាចធានាបានថាដីតំបន់នោះនៅតែមានសុខភាពល្អ មានគុណភាបអាចបង្កបង្កើនផលបន្តទៀតបាន មិនត្រូវបានបំផ្លិចបំផ្លាញដោយុជីគីមីបន្ទាប់ពីធ្វើការដាំដំណាំពីរទីបីដងនោះទេ។
ទោះជាយ៉ាងណាក៏មិនអាចចៀសផុតពីការប្រើប្រាស់ថ្មាំសម្លាប់សត្វល្អិត និងថ្នាំសម្លាប់ស្មៅបានទេ ហើយក្នុងថ្នាំទាំងនោះមានផ្ទុកសារធាតុគីមីប្រមាណ ៦០% ទៅហើយ។ អ្វីដែលគេកំពុងសិក្សា និងព្យាយាមធ្វើបន្តគឺប្រើប្រាស់ជីដែលអាចជួយកែប្រែសត្វល្អិតទាំងនោះឲ្យទៅជាប្រយោជន៍ដល់ដំណាំ និងប្រើការកម្ចាត់តាមធម្មជាតិវិញ។
២) បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នឹងត្រូវយកមកប្រើប្រាស់ក្នុងវិស័យកសិកម្ម
ថៃកំពុងមានផែនការប្រើប្រាស់បច្ចេកវិទ្យា AI ក្នុងការអភិវឌ្ឍវិស័យកសិកម្មរបស់ខ្លួន ហើយកំពុងទាមទារឲ្យ និងលើកទឹកចិត្តឲ្យមានការចូលរួមយ៉ាងសកម្មពីកសិករនៅក្នុងស្រុកទាំងអស់ដើម្បីទទួលបានភាពជោគជ័យ និងអាចជម្រុញវិស័យកសិកម្ម ក៏ដូចជាកំណើនសេដ្ឋកិច្ចប្រទេសឡើងវិញ។ AI នឹងក្លាយជាឧបករណ៍ដ៏សំខាន់ និងមានឥទ្ធិពលដែលអាចជួយដល់ការរៀបចំ និងគ្រប់គ្រងលើភាពស្មុគស្មាញនៃកសិកម្មទំនើបមួយនេះ។
កសិករនឹងទទួលបានអត្ថប្រយោជន៍ជាច្រើន មិនត្រឹមតែពីការអនុវត្តផ្ទាល់នៅលើកសិដ្ឋានរបស់គេប៉ុណ្ណោះទេ តែ AI នឹងជួយដល់ការអភិវឌ្ឍលើគុណភាពគ្រាប់ពូជ ការការពារលើការដំដុះ និងអត្រានៃការបង្កកំណើតផង។ ទោះបីវានៅតែស្ថិតក្នុងតំណាក់កាលដំបូងក៏ដោយ ក៏វិធីទាំងនេះជាគោលដៅចំបងនៃការប្រើប្រាស់បច្ចេកវិទ្យាវៃឆ្លាត ហើយគេព្យាករណ៍ថាពេលខាងមុខវានឹងធ្វើឲ្យមានភាពល្អប្រសើរ និងភ្ញាក់ផ្អើលសម្រាប់វិស័យកសិកម្មនៅ ដែលនឹងជួយដឹកនាំប្រទេសថៃដើរលើផ្លូវឆ្ពោះទៅរកប្រសិទ្ធភាពនិរន្តរភាព និងឆ្លើយតបតម្រូវការស្បៀងអាហារពិភពលោកបានជាក់ជាមិនខាន៕
ដោយ៖ យ៉ាយ៉ា