ក្រុមហ៊ុនមួយគ្រោងអភិវឌ្ឍន៍តំបន់ពាណិជ្ជកម្មនៅកោះរ៉ុងសន្លឹមលើផ្ទៃដីជាង១ពាន់ហិកតា
បន្ទាប់ពីបានសិក្សា និងវាយតម្លៃដោយក្រុមប្រឹក្សា អ ស៊ី ប៊ី ស៊ី ស៊ី លើផលប៉ះពាល់បរិស្ថាន អង្គប្រជុំដែលដឹកនាំដោយ ឯកឧត្តម សាបូ អូហ្សាណូរដ្ឋលេខាធិការនៃក្រសួងបរិស្ថាន បានយល់ព្រមចំពោះគម្រោងអភិវឌ្ឍន៍តំបន់ពាណិជ្ជកម្ម និងរមណីយដ្ឋានទេសចរណ៍ លើផ្ទៃដីសរុបទំហំ ១.០៦៦ហិកតា ដែលមានទីតាំងភូមិសាស្ត្រសង្កាត់កោះរ៉ុងសន្លឹម ខណ្ឌព្រះសីហនុ ក្រុងព្រះសីហនុ របស់ក្រុមហ៊ុន KOH RONG SANLOEM ISLAND RESORTS CO., LTD.។ នេះបើតាមក្រសួងបរិស្ថាន។
ជាលទ្ធផល ឯកប្រធានអង្គប្រជុំ បានសម្រេច ដូចខាងក្រោម៖
១. ជារួម អង្គប្រជុំមានការគាំទ្រសម្រាប់គម្រោង។
២. ក្រុមហ៊ុន ត្រូវរក្សាទុកព្រៃកោងកាងទាំងអស់ទៅតាមសំណើរបស់រដ្ឋបាលជលផល ព្រោះផ្ទៃដីព្រៃកោងកាង។ ហើយនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ត្រូវធ្វើលិខិតជូនដំណឹងស្ដីពីគម្រោងអភិវឌ្ឍន៍ទៅអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្ស និងតំបន់ឆ្នេរ ដើម្បីពិនិត្យ និងមានមតិយោបល់ជាមុនសិន។
៣. ក្រុមហ៊ុនម្ចាស់គម្រោង ត្រូវរង់ចាំការឯកភាព និងអនុញ្ញាតទៅលើប្លង់មេស្ដីពីការសាងសង់ពីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ជាមុនសិន មុននឹងចាប់ផ្ដើមសកម្មភាពសាងសង់ផ្សេងៗ។
៤. ក្រុមហ៊ុន ត្រូវអនុវត្ត និងគោរពតាមច្បាប់គ្រប់គ្រងតំបន់ការពារតំបន់ឆ្នេរ។
៥. កិច្ចគាំពារបរិស្ថាននៅតំបន់កោះរ៉ុងសន្លឹមនេះ បញ្ហាសំខាន់គឺការគ្រប់គ្រងសំណល់រឹង និងសំណល់រាវ។ ដូចនេះ ស្នើសុំឱ្យនាយកដ្ឋានគ្រប់គ្រងសំណល់រឹង ពិនិត្យមើលទៅលើបទដ្ឋានបច្ចេកទេសទុកដាក់ និងដឹកជញ្ជូនពីកោះរ៉ុងសន្លឹមមកដីគោក។ ចំពោះសំណល់រាវ យើងគាំទ្រឱ្យមានអាងប្រព្រឹត្តកម្មសំណល់រាវ ប៉ុន្ដែក្នុងដំណាក់កាលដំបូងដែលអាងប្រព្រឹត្តកម្មធំមិនទាន់សាងសង់រួច ក្រុមហ៊ុនត្រូវមានអាងប្រព្រឹត្តកម្មខ្នាតតូចដែលទទួលស្គាល់ដោយមន្ទីរបរិស្ថានខេត្តព្រះសីហនុ។ ក្រុមហ៊ុនមិនត្រូវបង្ហូរសំណល់រាវចូលសមុទ្រដោយមិនបានឆ្លងកាត់អាងប្រព្រឹត្តកម្មឡើយ។
៦. ក្រុមហ៊ុនម្ចាស់គម្រោង ត្រូវគិតគូរអំពីការរៀបចំបណ្ណ័ ប.ស.ស ជូនបុគ្គលិក និងកម្មករក្នុងគម្រោង៕
ដោយ៖ ជួប ស្រីរ័ត្ន