ល្អ​ដែរ​ទេ បើ​សិន​ជា​​អ្នក​​ចង់​បង្កើត​​ជំនួញ​ជាមួយ​គូស្នេហ៍​របស់​អ្នក?​



ល្អ​ដែរ​ទេ បើ​សិន​ជា​​អ្នក​​ចង់​បង្កើត​​ជំនួញ​ជាមួយ​គូស្នេហ៍​របស់​អ្នក? គូ​ស្វាមីភរិយា​​ដ៏​មាន​ឥទ្ធិពល​នៅ​លើ​ពិភពលោក​គឺ​លោក Bill Gates និង​លោកស្រី  Melinda ​ដែល​ អ្នក​ទាំងពីរ​បាន​​​ជួបគ្នា​នៅ​ឯ​ក្រុមហ៊ុន​ Microsoft ក្នុង​ឆ្នាំ ​១៩៨៩ គឺ​ជា​ភស្តុតាង​មួយ​ស្រាប់​សម្រាប់​អ្នក។ អស់​រយៈពេល​ ១៩ ឆ្នាំ​ហើយ​ដែល​ប្តី​ប្រពន្ធ​មួយគូ​នេះ​បាន​ដឹកនាំ​ការងារ​រួមគ្នា​​មួយ​​ក្នុង​កិច្ចការ​​សប្បុរសធម៌​ដែល​មាន​ទឹក​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​តាមរយៈ​មូលនិធិ​​របស់​អ្នក​ទាំងពីរ​ Bill & Melinda Gates ។

ជា​ការ​ពិត​ណាស់​ ការ​ធ្វើជំនួញ​ជាមួយ​ដៃគូ​សំខាន់​របស់​អ្នក អាច​ផ្តល់​នូវ​ជម្រើស​ការងារ​​ល្អៗ​ជាច្រើន។  យោង​តាម​ការសិក្សា​មួយ​ពី​វិទ្យាស្ថាន​សេដ្ឋកិច្ច​ការងារ​របស់​​អាល្លឺម៉ង់​​បាន​បង្ហាញ​ថា  គូ​ស្វាមីភរិយា​​​​​​ជា​ច្រើន​​ដែល​បាន​​​ចាប់ដៃ​គ្នា​បង្កើត​ក្រុមហ៊ុន គឺ​ដោយសារតែ​​គូស្នេហ៍​ទាំង​នោះ​ចង់​ដោះស្រាយ​បញ្ហា​​រាំងស្ទះ​ការងារ​​ និង​​ចង់​បើក​ឱកាស​​ឲ្យ​មាន​ទំហំ​ហិរញ្ញវត្ថុ​កាន់តែ​​ធំ​ជាង​មុន​ជា​ពិសេស​សម្រាប់​ស្ត្រី​តែម្តង​។

យ៉ាងណាក៏ដោយ ដំណើរ​ជំហាន​រកស៊ី​ជាមួយ​គ្នា​នេះ វា​មិន​ងាយស្រួល​ដូច​អ្វី​ដែល​អ្នក​គិត​ឡើយ។ ហេតុដូច្នេះ​ហើយ ទើប​អ្នក​ត្រូវ​ស្វែង​យល់​ពី​គន្លឹះ​មួយ​ចំនួន​​ខាងក្រោម​ដែល​អ្នក​ត្រូវ​ដឹង និង​អនុវត្ត​ឲ្យ​បាន​​នៅ​ពេល​ដែល​អ្នក​សម្រេច​ចិត្ត​ថា ចាប់ដៃ​គ្នា​រកស៊ី​ហើយ​នោះ។ 

១.ញែក​ឲ្យ​ដាច់​​រវាង​ការងារ និង​កិច្ចការ​ផ្ទះ
ជំហាន​ដំបូង​គេ​បំផុត​ សំខាន់​ណាស់ ហើយ​អ្នក​ត្រូវ​កំណត់​ព្រំដែន​ការងារ​របស់​អ្នក និង​កិច្ចការ​ផ្ទះ​មិន​ឲ្យ​ជាប់​ពាក់ព័ន្ធ​គ្នា​ ​​ជា​ដាច់ខាត។ ការងារ​មុខ​ជំនួញ គឺ​ទាមទារ​ឲ្យ​អ្នក​ចំណាយ​ពេល​លើ​វា​ច្រើន​សឹងតែ ២៤ ម៉ោង​ក្នុង​មួយ​សប្តាហ៍​ជាមួយ​គូស្នេហ៍​របស់​អ្នក។ ​ប៉ុន្តែ​នៅ​ក្នុង​ការ​ទំនាក់ទំនង​គូស្នេហ៍ អ្នក​ក៏​ត្រូវ​បង្កើត​ភាព​ផ្អែមល្ហែម​របស់​អ្នក​ទាំងពីរ​ដែរ។ ហេតុដូច្នេះ​ហើយ អ្នក​ត្រូវ​បែងចែក​ពេលវេលា​សម្រាប់​ការងារ​របស់​អ្នក ហើយ​ពេល​ដែល​បំពេញ​ការងារ​របស់​អ្នក​រួច អ្នក​ក៏​ត្រូវ​មាន​ពេល​មួយ​ចំនួន​ទៀត​ដើម្បី​​យកចិត្តទុកដាក់​មើល​ថែរក្សា​គ្នា​ទៅវិញ​ទៅ​មក​ផង​ដែរ។ 

២.ខិតខំ​ប្រឹងប្រែង​រួមគ្នា
គ្មាន​​មុខ​ជំនួញ​ណាមួយ​ដែល​ជោគជ័យ​ដោយ​ងាយៗ​ទេ។ បើ​មិន​មាន​ឧបសគ្គ​នេះ ឧបសគ្គ​មួយ​ទៀត​នឹង​ចូល​មក​ដល់ គ្រាន់តែ​យូរ​និង​ឆាប់​តែ​ប៉ុណ្ណោះ។ អ្នក​អាច​ប្រឈម​នឹង​ស្ថានការណ៍​ថ្មីៗ​ ដែល​ពេល​ខ្លះ​ធ្វើ​ឲ្យ​អ្នក​ទាំងពីរ​អស់​សង្ឃឹម និង​តានតឹង​ខ្លាំង។ យ៉ាងណាមិញ អ្នក​ទាំងពីរ​ត្រូវតែ​យកឈ្នះ​លើ​បញ្ហា​​ទាំងនោះ​ដោយ​ត្រូវ​ប្រឹងប្រែង​ចាប់​ដៃ​គ្នា​បន្ត​ដំណើរ​ទៅមុខ​ជាមួយ​នឹង​យុទ្ធសាស្ត្រ ភាព​ច្នៃប្រឌិត និង​មធ្យោបាយ​ផ្សេងៗ​ដែល​ធ្វើ​ឲ្យ​អ្នក​ទាំងពីរ​អាច​សម្រេច​បាន​ភាព​ជោគជ័យ​រួមគ្នា។ 

​​៣.គោរព​ និង​ផ្តល់​តម្លៃ​ដល់​​ភាព​ជោគជ័យ​ដាច់ដោយឡែក​របស់​អ្នក​ទាំងពីរ
នៅ​ពេល​អ្នក​សង្កេត​មើល​ពី​ដំណាក់កាល​មួយ​ទៅ​ដំណាក់កាល​មួយ ​វា​អាច​នឹង​ធ្វើ​ឲ្យ​សមិទ្ធផល​ដាច់ដោយឡែក​មួយ​​របស់​អ្នក​ទាំងពីរ​បាត់បង់​យ៉ាង​ងាយស្រួល​​នៅ​ពេល​​ចាប់ដៃ​រកស៊ី​ជាមួយ​គ្នា។ ដូច្នេះ​ហើយ វា​ ជា​រឿង​សំខាន់ ​ណាស់​ដែល​អ្នក​ទាំងពីរ​ត្រូវ​គោរព អបអរ និង​ឲ្យ​តម្លៃ​ដល់​ភាព​ជោគជ័យ​​រៀងៗ​ខ្លួន​ណាមួយ​របស់​អ្នក​ទាំងពីរ។ ពេល​ខ្លះ​អ្នក​យល់​ថា ភាព​ជោគជ័យ​ណាមួយ​ជា​របស់​អ្នក ហើយ​ពេល​ខ្លះ​ទៀត​ជា​របស់​ដៃគូ​របស់​អ្នក។ អ្នក​ទាំងពីរ​​ក៏​ត្រូវការ​ពេល​​សម្រាប់​ភាព​ជា​ឯកជន​រៀងៗ​ខ្លួន។ អ្នក​ត្រូវ​ផ្តល់​តម្លៃ និង​គោរព​ដល់​ភាព​ជោគជ័យ​​ជា​ឯកជន​មួយ​នេះ ហើយ​​ត្រូវ​អបអរ​ដល់​ភាព​ជោគជ័យ​​ដៃគូ​របស់​អ្នក។ 

៤.យល់ស្រប​ទៅ​នឹង​ចំណុច​ខុសប្លែក​ពី​គ្នា 
បើ​ទោះបីជា​អ្នក​រកស៊ី​ជាមួយ​​គូស្នេហ៍​របស់​អ្នក​ឬ​អត់ អ្នក​ទាំងពីរ​គួរ​អភិវឌ្ឍ​គោលការណ៍​មួយ​​ក្នុង​ការ​បង្ការ​កុំ​ឲ្យ​មាន​ជម្លោះ​កើត​មាន​ឡើង។ ​នៅ​ក្នុង​ទំនាក់ទំនង​របស់​អ្នក​មិន​ថា ក្នុង​ការងារ ឬ​ជីវិត​គូស្នេហ៍ បញ្ហា​ខ្វែង​គំនិត​គ្នា ភាព​រកាំរកូស ការ​អាក់អន់ចិត្ត ជាដើម​នឹង​កើត​មាន​ឡើង​ទន្ទឹម​នឹង​គ្នា​នេះ។ ​ បញ្ហា​ទាំង​នេះ បើ​កើត​មាន​ឡើង​ច្រើន​ពេក វា​នឹង​ប៉ះពាល់​ដល់​​​ផលិតភាព​ក្នុង​​មុខ​ជំនួញ​របស់​អ្នក​ទាំងពីរ។ វា​ជា​រឿង​ល្អ​ដែល​អ្នក​ត្រូវ​បង្ការ​ជាមុន​ និង​បើក​ចិត្ត​ឲ្យ​ទូលាយ​​ទទួល​យក​ភាព​ខុសគ្នា​ប្លែក​គ្នា​នេះ។ សូម​ចាំ​ថា នៅ​ពេល​មាន​ជម្លោះ​កើត​មាន​ឡើង ការ​ពិភាក្សា​​គ្នា គឺ​ជា​ជំហាន​ដំបូង​ល្អ​ជាងគេ​បំផុត។

៥.ផ្តល់​ទំនុកចិត្ត​គ្នា​ទៅវិញ​ទៅ​មក
មិន​ខុស​អ្វី​ពី​ការ​រកស៊ី​ជាមួយ​អ្នកដទៃ​ដែរ ការ​ចាប់ដៃ​រកស៊ី​ជាមួយ​គូស្នេហ៍​របស់​អ្នក​មិនមែន​ត្រឹមតែ​ធ្វើ​ជា​គូស្នេហ៍​ល្អូកល្អើន​នឹងគ្នា​ទេ។ អ្នក​ទាំងពីរ​ត្រូវ​ធ្វើ​ជា​ដៃគូ​ជំនួញ​ដ៏​ស្មោះត្រង់​បំផុត ​​ផ្តល់​ទំនុកចិត្ត និង​ភាព​ជឿជាក់​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។ អ្នក​មិន​ត្រូវ​ធ្វើ​ឲ្យ​ភាគី​ណា​ម្នាក់​មាន​អារម្មណ៍​ថា ការ​ខិតខំ​ប្រឹងប្រែង ការ​លះបង់ និង​ភាព​ស្មោះត្រង់​របស់​ខ្លួន​ត្រូវ​បាន​​បំផ្លាញ​ឡើយ។ អ្នក​ត្រូវ​តែ​ធ្វើ​ឲ្យ​មាន​តុល្យភាព​ក្នុង​រឿង​នេះ។ 

៦.ផ្តល់​ពេលវេលា​សម្រាប់​​ភាគី​ម្នាក់ៗ​ឲ្យ​ធ្វើ​កិច្ចការ​ផ្សេង​រៀងៗ​ខ្លួន 
តាមពិត​ទៅ​អ្នក​ដឹង​ហើយ​ថា ការ​ចំណាយ​ពេល​នៅ​ជាមួយ​គ្នា គឺ​ជា​​រឿង​ចំាំ​បាច់​បំផុត​មួយ​សម្រាប់​ទំនាក់ទំនង​គូស្នេហ៍ ហើយ​វា​កាន់តែ​ចាប់អារម្មណ៍​​ជាង​នេះ​ទៅ​ទៀត​នៅ​ពេល​អ្នក​ទាំងពីរ​ចាប់ដៃ​បើក​ជំនួញ​រួមគ្នា។ ប៉ុន្តែ​នេះ​មិនមែន​មានន័យ​ថា គ្រប់ពេល ២៤ ក្នុង​មួយ​សប្តាហ៍ ឬ ៣៦៥ ថ្ងៃ​ក្នុង​មួយ​ឆ្នាំ អ្នក​ទាំងពីរ​ត្រូវតែ​នៅ​ជាមួយគ្នា​រហូត​ទេ។ អ្នក​ក៏​ត្រូវ​ការ​ពេល​ឯកជន ហើយ​ដៃគូ​របស់​អ្នក​ក៏​ដូច​គ្នា។ ពេល​ខ្លះ​អ្នក​ត្រូវ​ធ្វើ​ដំណើរ​ឆ្ងាយ​ពី​គ្នា ដើម្បី​ការងារ​ផ្សេងៗ​ដែល​ទាំងអស់​នេះ ជា​គោលការណ៍​​ត្រូវ​មាន​សម្រាប់​មនុស្ស​ម្នាក់ៗ៕ 

ប្រភព៖ CNBC 

X
5s