Xiaomi, Oppo និង Vivo ហ៊ានសហការជាមួយគ្នាលើរឿងមួយនេះ ប៉ុន្តែហេតុអ្វីមិនហ៊ានសហការជាមួយ Huawei
ថ្មីៗនេះ ក្រុមហ៊ុន Xiaomi បានប្រកាសតាមរយៈគណនី WeChat ផ្លូវការរបស់ខ្លួនថាខ្លួនកំពុងសហការជាមួយក្រុមហ៊ុន Oppo និងក្រុមហ៊ុន Vivo ដែលក្រុមហ៊ុនទាំងពីរនេះស្ថិតនៅក្រោមដំបូលផ្ទះក្រុមហ៊ុនធំ BKK Electronics ដើម្បីបង្កើតបច្ចេកវិទ្យាផ្ទេរឯកសារពីស្មាតហ្វូនមួយទៅស្មាតហ្វូនមួយផ្សេងទៀតដែលអាចប្រើបានត្រឹមតែជាមួយឧបករណ៍ស្មាតហ្វូនពីក្រុមហ៊ុនបច្ចេកវិទ្យាទាំងបីនេះប៉ុណ្ណោះ។
ហើយប្រព័ន្ធបច្ចេកវិទ្យានៃការចែករំលែកនេះគឺស្រដៀងនឹងប្រព័ន្ធបច្ចេកវិទ្យាចែករំលែករបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple គឺកម្មវិធី Airdrop ដែលអាចអនុញ្ញាតិឲ្យទូរស័ព្ទស្មាតហ្វូន iPhone ពីរផ្សេងគ្នាអាចផ្ញើរសំណុំជារូបភាព វីឌីអូ និងឯកសារជាដើមតាមរយៈ Bluetooth និង Wifi ។ លក្ខណៈពិសេសនេះនឹងត្រូវបានបើកសម្រាប់ការសាកល្បង នៅចុងខែនេះប៉ុន្តែវាមិនមែនជាលើកទីមួយទេដែលអ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android មានសេវាកម្មរចនាតាមបែប AirDrop នេះ។
នៅឆ្នាំដដែរដែលក្រុមហ៊ុន Apple បានបើកដំណើរការកម្មវិធី AirDrop នោះគឺក្រុមហ៊ុន Google ក៏បានបញ្ចេញកម្មវិធី Android Beam ដែលមិនដូច AirDrop ទេគឺ Android Beam នេះពឹងផ្អែកលើ NFC (Near Field Communication) ហើយតម្រូវឱ្យអ្នកប្រើប្រាស់ដាក់ទូរស័ព្ទរបស់ពួកគេនៅជាប់ខ្នងគ្នាដើម្បីបង្កើតការភ្ជាប់ការចែករំលែកនេះ។ ចំពោះប្រព័ន្ធបច្ចេកវិទ្យាចែករំលែកថ្មីនេះរបស់ក្រុមហ៊ុនស្មាតហ្វូនចិនទាំងបីនេះគឺមានមុខងារថ្មីដែលពឹងផ្អែកលើប៊្លូធូស (Bluetooth) ហើយអាចទទួលបានអត្រាផ្ទេរ ២០ MB ក្នុងមួយវិនាទី។
កិច្ចសហការរវាងក្រុមហ៊ុន Xiaomi Vivo និង Oppo គឺជាកិច្ចសហការដ៏កម្រមួយរវាងដៃគូប្រកួតប្រជែងស្មាតហ្វូនរបស់ចិន។ ប៉ុន្តែតាមការយល់ឃើញនេះគឺអាចជារបត់ថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យាស្មាតហ្វូនទាំងនេះក្នុងការសហការគ្នាប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាស្មាតហ្វូនធំផ្សេងៗទៀតមានដូចជាក្រុមហ៊ុន Apple និងក្រុមហ៊ុន Samsung។ ប៉ុន្តែហេតុផលដែលក្រុមហ៊ុនស្មាតហ្វូនចិនទាំងនេះមិនហ៊ានសម្រេចចិត្តសហការជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយទៀតគឺ Huawei អាចមកពីក្រុមហ៊ុន Huawei កំពុងតែស្ថិតនៅក្នុងបញ្ជីខ្មៅរបស់អាមេរិក។ ដូចនេះក្រុមហ៊ុនស្មាតហ្វូនទាំងនេះប្រហែលជាចង់នៅឲ្យឆ្ងាយពីក្រុមហ៊ុន Huawei បន្តិចដើម្បីជៀសវាងខ្លាចក្រែងមានវាសនាដូច Huawei លើបញ្ជីខ្មៅអាមេរិកខណៈដែលអាមេរិកមិនទុកចិត្តបច្ចេកវិទ្យា Huawei ជាពិសេសគឺលើប្រព័ន្ធអ៊ិនធើណែត 5G ដែលក្រុមហ៊ុនបានអភិវឌ្ឍជាដើម។
ទោះយ៉ាងណាក្រុមហ៊ុន Xiaomi បាននិយាយថាខ្លួនទន្ទឹងរង់ចាំសហការជាមួយដៃគូជាច្រើនទៀតដែលជាការបើកលទ្ធភាពសម្រាប់យីហោកាន់តែច្រើនក្នុងការបញ្ចូលមុខងារថ្មីនាពេលអនាគតប៉ុន្តែក្រុមហ៊ុនចិនមួយនេះមិនបានប្រាប់ឲ្យច្បាស់ថានឹងមានក្រុមហ៊ុនបច្ចេកវិទ្យាស្មាតហ្វូនណាខ្លះទៀតទេដែលនឹងស្ថិតក្រោមរ៉ាដារបស់ខ្លួនក្នុងការសហការនេះ៕
ដោយ៖ នឿន វណ្ណៈ