កម្ពុជានាំចេញត្បូងនិងគ្រឿងអលង្ការសរុបជាទឹកប្រាក់ ២០លានដុល្លារអាមេរិក
នៅក្នុងពិធីសម្ពោធពិព័រណ៍គ្រឿងអលង្ការ និងសហគ្រិនស្ត្រីកម្ពុជាអន្តរជាតិ ឆ្នាំ២០១៩ កាលពីពេលថ្មីៗកន្លងទៅនាមជ្ឈមណ្ឌលសន្និសីទនិងពិព័រណ៍កោះពេជ្រ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ មានប្រសាសន៍ថា រយៈពេលប៉ុន្មានឆ្នាំនេះកម្ពុជាបាននាំចូលគ្រឿងអលង្ការពីក្រៅប្រមាណ៤០លានដុល្លារ ហើយយើងក៏អាចនាំចេញវិញចំនួន២០លានដុល្លារ ខណៈដែលពីមុនមកយើងមិនដែលបាននាំចេញទេ។
លោកទេសរដ្ឋមន្ត្រី មានប្រសាសន៍បន្ថែមថា «នៅពេលដែលយើងមិនបានគិតដិតដល់លើការកែច្នៃគ្រឿងអលង្ការក្នុងវិស័យឧស្សាហកម្ម និងសិប្បកម្ម ធ្វើឲ្យយើងបាត់បង់ឱកាសយ៉ាងច្រើន រហូតដល់កូនជាងនិងមេជាងរបស់យើងទៅធ្វើការនៅថៃអស់ ដូច្នេះយូរទៅថៃគេនឹងអាចផលិតនូវគ្រឿងអលង្ការដែលល្អទៅលក់នៅក្រៅ ដែលទាំងនោះសុទ្ធសឹងតែចេញពីស្នាដៃរបស់ខ្មែរ នេះជាអ្វីដែលយើងគួរពិចារណា»។
ដូច្នេះដើម្បីរួមចំណែកបង្កើនការនាំចេញត្បូង និងគ្រឿងអលង្ការកម្ពុជាទៅទីផ្សារបរទេស ឯកឧត្ដមបានលើកទឹកចិត្តឲ្យក្រសួងពាក់ព័ន្ធចំនួន៤ដែលរួមមាន ក្រសួងកិច្ចការនារី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងឧស្សាហកម្មនិងសិប្បកម្ម ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមគ្នាសហការជាមួយសមាគមសហគ្រិនស្ត្រីកម្ពុជា បើកជាសាលារៀនអំពីការច្នៃត្បូង និងគ្រឿងអលង្ការ ព្រោះនៅកម្ពុជាមិនទាន់មាននៅឡើយទេ៕
ដោយ៖ ជួប ស្រីរ័ត្ន