សូក្រាត៖ «មនុស្សខ្លាំងនិយាយពីគំនិត មនុស្សសាមញ្ញធម្មតានិយាយពីព្រឹត្តិការណ៍ មនុស្សចោលម្សៀតនិយាយដើមគេ»
មនុស្សមានច្រើនប្រភេទផ្សេងៗគ្នា ប៉ុន្តែអ្នកមិនពិបាកក្នុងវាស់ស្ទង់ថានរណាម្នាក់ជាមនុស្សមានគតិបណ្ឌិត ឬអត់នោះទេ ដោយគ្រាន់តែស្ដាប់ការនិយាយរបស់គេក៏អ្នកអាចវាយតម្លៃបានដែរ។
សូក្រាត ទស្សនវិទូបស្ចិមលោករបស់ក្រុងអាតែននៃក្រិកបុរាណ បានមានប្រសាសន៍ថា៖ «មនុស្សខ្លាំងនិយាយពីគំនិត មនុស្សសាមញ្ញធម្មតានិយាយពីព្រឹត្តិការណ៍ មនុស្សចោលម្សៀតនិយាយដើមគេ។»
នេះបង្ហាញថា មនុស្សដែលមានចំណេះដឹង មានគតិបណ្ឌិតមិនចំណាយពេលវេលាឥតប្រយោជន៍នោះទេ។ ពួកគេចូលចិត្តលើកឡើង និយាយអំពីគំនិត បញ្ចេញគំនិត ទស្សន និងរៀនសូត្រអំពីគំនិតរបស់អ្នកដទៃ ដើម្បីភាពរីកចម្រើន។
ប៉ុន្តែ មនុស្សសាមញ្ញធម្មតាចូលចិត្តចំណាយពេលទៅលើព្រឹត្តិការណ៍ រឿងនេះរឿងនោះ ដែលមិនសូវមានប្រយោជន៍។ មនុស្សប្រភេទនេះចំណាយពេលតាមដានព្រឹត្តិការណ៍ ហើយជ្រុលជ្រើមតាមព្រឹត្តិការណ៍ដោយមិនបានគិតពិចារណា។
ពេលខ្លះពពួកនេះជាមនុស្សតែស្ករ ដោយមិនបានថ្លឹងថ្លែងថាជារឿងមានប្រយោជន៍ឬអត់នោះទេ ដោយភាគច្រើនឃើញគេថា ថាតាមគេទាំងមិនដឹងអ្វីសោះក៏មាន។
ចំណែកមនុស្សគំនិតអន់ថយ ចូលចិត្តនិយាយដើមអ្នកដទៃ។ មនុស្សទាំងនេះរឿងនរណាក៏គាត់ដឹងដែរ ហើយពេលគាត់ដឹងហើយមាត់គាត់មិនមានគម្របនោះទេ។ ហើយមនុស្សសណ្ដាននេះដឹងហើយគាត់ចូលចិត្តនិយាយចាក់ពីក្រោយខ្នង អ្នកនេះអីចេះអីចុះ និយាយពន្លើស ឬតែងរកវិធីក្នុងការនិយាយបង្ខូចឈ្មោះនរណាម្នាក់។
ពពួកនេះមិនសូវនិយាយអំពីគំនិត ចែករំលែកគំនិតនោះទេ មនុស្សប្រភេទនេះតែងតែនាំអ្នកទៅរកភាពអវិជ្ជមាន។ ប្រសិនបើនៅជិតមនុស្សប្រភេទនេះ ពពួកនេះចូលចិត្តយករឿងអ្នកដទៃមកនិយាយ ដោយគេដឹងរឿងគ្រប់យ៉ាង។ មួយថ្ងៃៗគឺនាំរឿងមកដល់អ្នក មិនសូវជាប្រយោជន៍ប្រមាណទេ។
កុំចំណាយពេលនឹងរឿងឥតប្រយោជន៍ ហើយកុំពូកែសន្សំរឿងរបស់អ្នកដទៃពេក។ តែត្រូវរៀនចែករំលែកគំនិត ស្វែងរកដំណោះស្រាយ រៀនសូត្រពីគ្នាទៅវិញទៅមក។ រៀនបើកចិត្ត បើកគំនិត រៀនសូត្របន្ថែម៕
អត្ថបទដោយ៖ លង់ វណ្ណៈ