លោកស្រី កែវ សុម៉ានី ម្ចាស់ភោជនីយដ្ឋាន River Bay៖ យកក្តីស្រលាញ់មកបើកអាជីវកម្មទើបយើងមិនងាយបោះបង់ចោល​



អាជីវកម្មមួយ មុខរបរមួយដែលបុគ្គលម្នាក់បានចាប់បើកឡើងវាអាចមកពីកត្តាផ្សេងៗគ្នា។ អ្នកខ្លះចាប់យកអាជីវកម្មមួយព្រោះដើម្បីចិញ្ចឹមក្រពះទោះគាត់មិនសូវមានជំនាញលើអាជីវកម្មនោះ ក៏គាត់ត្រូវធ្វើវាដើម្បីចំណូល។ តែអ្នកខ្លះគាត់សម្រេចចិត្តបើកអាជីវកម្មមួយក៏ដោយសារតែតម្រូវការទីផ្សារ ពេលឱកាសហុចឲ្យគាត់ដឹងថាជំនាញនិង ដើមទុនដែលគាត់មានអាចសមល្មមនឹងទាញយកផលពីតម្រូវការនៃទីផ្សារមួយនោះ។ តែមានបុគ្គលមួយផ្នែកទៀតយកក្តីស្រលាញ់ ចំណង់ចំណូលចិត្តខ្លួនឯងមកវិនិយោគលើអាជីវកម្ម។ 

ពិតណាស់ ទោះបីសហគ្រិនឬម្ចាស់អាជីវកម្មទាំងអស់បើកដំណើរការអាជីវកម្មដោយហេតុផល និងកត្តាផ្សេងៗគ្នាដ៏ដោយ ក៏ពួកគាត់នៅតែមានគោលដៅរួមមួយដូចគ្នាគឺទទួលបានប្រាក់ចំណេញ និងចំណូលដើម្បីផ្គត់ផ្គង់ជីវភាព។ 

លោកស្រី កែវ សុម៉ានី ម្ចាស់ភោជនីយដ្ឋាន River Bay បានរៀបរាប់ថា លោកស្រីបើកអាជីវកម្មផ្នែកម្ហូបអាហារមួយនេះឡើងគឺដោយសារចិត្តស្រលាញ់ និងចំណង់ចំណូលចិត្តផ្នែកចម្អិនអាហារតាំងតែពីតូច ព្រោះលោកស្រីជាមនុស្សម្នាក់ដែលតែងចង់ឲ្យមនុស្សនៅជុំវិញខ្លួនបានទទួលទានអ្វីដែលឆ្ងាញ់។ លោកស្រីបានបន្តថា លោកស្រីធ្លាប់បរាជ័យម្តងរួចមកហើយនូវអាជីវកម្មផ្នែកម្ហូបអាហារនេះ តែលោកស្រីនៅតែជម្នះបើកវាម្តងទៀតក្នុងទម្រង់ថ្មី ហើយនេះដោយសារកម្លាំងនៃចិត្តស្រលាញ់។ អ្វីដែលជាកត្តាជំរុញឲ្យលោកស្រីមានថ្ងៃនេះ និងមិនបាក់ទឹកចិត្តចំពោះភាពបរាជ័យកន្លងមក ក៏ដោយសារលោកស្រីតែងចោទសួរខ្លួនឯងថា “ហេតុអ្វីកាលពីដំបូងចាប់ផ្តើមបង្កើតវាឡើង? គ្រាន់តែជួបបញ្ហាប៉ុននឹងចង់បោះបង់ក្តីស្រមៃខ្លួនឯងចោលមែនទេ? តើលែងចង់ធ្វើម្ហូបឆ្ងាញ់ៗជូនមនុស្សដែលខ្លួនស្រលាញ់ និងមនុស្សជុំវិញខ្លួនបរិភោគហើយឬយ៉ាងណា?”។ កត្តាជំរុញទាំងនេះហើយដែលបណ្តាចិត្តលោកស្រីឲ្យក្រោកឈរ ជម្នះរាល់បញ្ហាទាំងឡាយ រហូតអាចបើកភោជនីយដ្ឋាន River Bay បានដល់ទៅ ២ សាខា និងទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជន។

ដូច្នេះវាអាចបង្ហាញបានយ៉ាងច្បាស់ថា យកក្តីស្រលាញ់ យកចិត្តស្រលាញ់ទៅវិនិយោគលើការងារមួយ លើអាជីវកម្មមួយទើបអ្នកមិនងាយបោះបង់ចោលនៅពេលជួបរឿងបរាជ័យ។ ហើយកម្លាំងចិត្ត និងក្តីស្រលាញ់នេះក៏ជាអ្នកជំរុញឲ្យអ្នកខិតខំប្រឹងប្រែងរហូតទទួលបានជោគជ័យ បើទោះជាគ្មាននរណាចាប់លើកទឹកចិត្តអ្នកក៏ដោយ៕

ដោយ៖ យ៉ាយ៉ា

 

X
5s