កម្ពុជាស្នើឲ្យកូរ៉េ ពិចារណាលើការនាំចូលផលិតផលកសិផលកម្ពុជាចូលទីផ្សារកូរ៉េបន្ថែម​



ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្នើឲ្យភាគីកូរ៉េ បន្តសិក្សាលើការនាំចូលនូវផលិតផលកសិផលរបស់កម្ពុជា ចូលទៅកាន់ទីផ្សារកូរ៉េ ដើម្បីជំរុញកំណើនពាណិជ្ជកម្ម ខណៈកម្ពុជាមានសក្តានុពលជាច្រើនទៅលើផលិតផលកសិកម្មដូចជាស្វាយជាដើម។

នៅក្នុងជំនួបពិភាក្សាការងារជាមួយ លោក អូ ណាក់យ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជាដែលចប់អាណត្តិនៅថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០១៩ នេះ សម្ដេចតេជោ បានជំរុញឲ្យភាគីទាំងពីរធ្វើយ៉ាងណាពង្រីក និងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យបានកាន់តែកើនឡើងថែមទៀត ដោយបានស្នើឲ្យភាគីកូរ៉េបន្តការនាំចូលនូវផលិតផលកសិផលរបស់កម្ពុជា ចូលទៅកាន់ទីផ្សារកូរ៉េ គ្រាដែលកម្ពុជាមានសក្តានុពលជាច្រើនទៅលើផលិតផលកសិកម្មដូចជាស្វាយជាដើម។

នៅក្នុងកិច្ចពិភាក្សានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានលើកនូវចំនុចមួយចំនួនដែលភាគីកម្ពុជា និងកូរ៉េត្រូវតែខិតខំពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការថែមទៀត ដូចជាកម្រិតទ្វេភាគីនៃប្រទេសទាំងពីរ ដោយធ្វើយ៉ាងណាឱ្យមានការបន្តពង្រីក និងពង្រឹងទ្វេភាគីឱ្យកាន់តែខ្លាំងក្លារឹងមាំថែមទៀត។

បច្ចុប្បន្ននេះមានប្រជាពលរដ្ឋខ្មែរជាង ៨ពាន់នាក់ដែលបានរៀបការជាមួយជនជាតិកូរ៉េ ហើយមានប្រមាណ ៤០០នាក់មានភរិយាជាជនជាតិកូរ៉េ ដូច្នេះមានន័យថាទំនាក់ទំនងរវាងប្រជាជន និងប្រជាជនមានការកើនឡើង។ សម្ដេចចង់ឃើញទំនាក់ទំនងទ្វេភាគីនេះមិនមែនត្រឹមតែការវិនិយោគសេដ្ឋកិច្ចពាណិជ្ជកម្ម ទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែចង់ឃើញទំនាក់ទំនងល្អរវាងប្រជាជន និងប្រជាជនមានការកើនឡើងថែមទៀត។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានលើកអំពី កិច្ចសហប្រតិបត្តិការផ្នែកអនុតំបន់មេគង្គកូរ៉េ ដែលសម្ដេចតេជោនាយករដ្ឋមន្ត្រីបានរីករាយដែលកូរ៉េសម្រេចទទួលយកអនុសាសន៍របស់សម្ដេចតេជោ ក្នុងការដំឡើងកម្រិតនៃកិច្ចសហប្រតិបត្តិការនិងយន្តការនេះ។

សម្តេចតេជោបានកត់សម្គាល់ថា កម្ពុជាបានទាញផលប្រយោជន៍ជាច្រើនទាំងកម្រិតទ្វេភាគីផង និងកម្រិតអនុតំបន់ផងដែរ ដោយសារតែកម្រិតអនុតំបន់មានគម្រោងជាច្រើនក្នុងកិច្ចដំណើរការជំរុញការអភិវឌ្ឍនៅក្នុងចំណោមប្រទេសមេគង្គរួមទាំងកម្ពុជាផងដែរ។

អំពីកិច្ចសហប្រតិបត្តិការក្នុងកម្រិតតំបន់រវាងអាស៊ានកូរ៉េវិញ ជាយន្តការដ៏សំខាន់គ្រាដែលកម្ពុជាជាប្រទេសសម្របសម្រួល ដោយសម្ដេចតេជោចង់ឃើញការរឹតចំណងមិត្តភាពបន្ថែមទៀតនៃការវិនិយោគពាណិជ្ជកម្មដើម្បីឲ្យឆ្លើយតបទៅនឹងកំណើនសេដ្ឋកិច្ច និងសង្គមសេដ្ឋកិច្ចអាស៊ានកូរ៉េថែមទៀត។

លោក អូ ណាក់យ៉ុង ឯកអគ្គរដ្ឋទូតកូរ៉េ បានបញ្ជាក់ថា ក្នុងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរមានការរីកចម្រើនយ៉ាងខ្លាំង និងមានការធ្វើទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តមប្រធានាធិបតីសាធារណរដ្ឋកូរ៉េមកកម្ពុជានៅក្នុងពេល ឯកឧត្តមធ្វើជាអគ្គរដ្ឋទូតនៅកម្ពុជា គឺបានជំរុញការងារទ្វេភាគីពិសេសលើពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ជាដើម។

លោក បានបញ្ជាក់ផងដែរថា នៅខែវិច្ឆិកានាពេលខាងមុខ អាស៊ាន និងកូរ៉េនឹងប្រារព្ធខួបនៃទំនាក់ទំនងនឹងគ្នានៅសាធារណរដ្ឋកូរ៉េ គ្រាដែលបច្ចុប្បន្ននេះកម្ពុជាជាប្រទេសសម្របសម្រួលកិច្ចសន្ទនាអាស៊ាន-កូរ៉េ។ ដូច្នេះហើយកម្ពុជាមានតួនាទីសំខាន់នៅក្នុងកិច្ចការងាររវាងអាស៊ាន និងកូរ៉េផងដែរ។

ពាក់ព័ន្ធជាមួយនឹងក្របខ័ណ្ឌអនុតំបន់ គឺមេគង្គ-កូរ៉េ កន្លងមកនេះគឺយើងមានយន្តការថ្នាក់រដ្ឋមន្ត្រីការបរទេសមេគង្គកូរ៉េ ដែលជាការផ្ដួចផ្ដើមរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានស្នើឲ្យយន្តការនេះកើនឡើងមួយកំរិតទៀតអោយយដល់ថ្នាក់កំពូល ហើយសាធារណរដ្ឋកូរ៉េ ទទួលយកនូវសំណើរបស់សម្ដេចតេជោផងដែរ។

 

គួររំម្លឹកដែរថា ឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មនៃប្រទេសទាំង២ មានចំនួនជាង៧៤៦លានដុល្លារ ក្នុងកម្ពុជានាំចេញទៅកូរ៉េចំនួនជាង២០២លានដុល្លារ ខណៈកូរ៉េនាំចូលមកកម្ពុជាវិញមានចំនួនជាង ៥៤៣លានដុល្លារ។

ទំនិញដែលកម្ពុជានាំចេញទៅកូរ៉េខាងត្បូងមានសំលៀកបំពាក់ គ្រឿងអេឡិកត្រូនិក ស្បែកជើង ភេសជ្ជៈ កាបូប កៅស៊ូ ឱសថ និងក្រដាសកាតុង ចំណែកទំនិញដែលកម្ពុជា នាំចូលពីកូរ៉េច្រើនបំផុតមាន ក្រណាត់ត្បាញ រថយន្តដឹកទំនិញ ភេសជ្ជៈ គ្រឿងអេឡិកត្រូនិក គ្រឿងម៉ាស៊ីន វត្ថុតុបតែងលម្អផ្ទះ ឱសថ សាប៊ូ និងផលិតផលប្លាស្ទិក៕

ដោយ៖ ស្រីពេជ្រ

X
5s