Bill Gates ថា ពិភពលោកអាចល្អប្រសើរជាងនេះបើមនុស្សរាប់លាននាក់ងាកមកអានសៀវភៅមួយនេះ
កំពូលមហាសេដ្ឋីមានជាងគេបំផុតទី២នៅលើពិភពលោកគឺលោក Bill Gates ដែលគេទទួលស្គាល់ថា ជាមនុស្សម្នាក់ដែលជក់ចិត្តនឹងការអានសៀវភៅរាប់មិនអស់ បានលើកឡើងថា ពិភពលោកនឹងមានការផ្លាស់ប្ដូរល្អប្រសើរជាងនេះ ប្រសិនបើមនុស្សរាប់លានអ្នកចាប់អារម្មណ៍ងាកមកអានសៀវភៅមួយនេះ។
បើតាមលោក Bill Gates សៀវភៅមួយក្បាលដែលលោកចង់ឲ្យមនុស្សរាប់មានអ្នកអានមានចំណងជើងថា "Factfulness: Ten Reasons We're Wrong About the World—and Why Things Are Better Than You Think” ឬ ប្រែថា "ការពិត៖ ហេតុផល ១០ យ៉ាងដែលយើងយល់ខុសពីពិភពលោក និងហេតុអ្វីបានជាអ្វីៗល្អប្រសើរជាងអ្វីដែលអ្នកគិត”។
សៀវភៅនេះនិពន្ធដោយមិត្តភក្ដិរបស់លោកគឺលោក Hans Rosling ដែលជារូបវិទូ អ្នកជំនាញស្ថិតិ អ្នកជំនាញផ្នែកសុខភាព និងជាវាគ្មិនល្បីល្បាញរបស់ស្វីស។ ក៏ប៉ុន្តែលោក Rosling មិនទាន់បានឃើញសៀវភៅរបស់លោកចេញផ្សាយជាសាធារណៈទេ ដោយហេតុថា លោកបានទទួលមរណភាពនៅក្នុងឆ្នាំ ២០១៧ ហើយកូនប្រសារប្រុសស្រីរបស់លោកជាអ្នកជួយនិពន្ធចងក្រងបញ្ចប់។
«សៀវភៅ Factfulness បង្ហាញពីរបៀបមើលពិភពលោកនៅក្នុងទិដ្ឋភាពផ្សេងគ្នា ដោយបានលាតត្រដាងពីសភាវគតិចំនួន ១០រារាំងយើងមិនឲ្យមើលឃើញនូវរឿងរ៉ាវការពិតរបស់ពិភពលោកដូចជា វាល្បួងយើងឲ្យយល់ច្រឡំ និងបែងចែកអ្វីៗទៅកាន់ផ្លូវ២ផ្សេងគ្នា។ នៅក្នុងសភាវគតិនីមួយៗ គាត់បានផ្តល់ដំបូន្មានអំពីរបៀបយកឈ្នះលើភាពលំអៀងចេញពីខ្លួនយើង»។ នេះបើតាមសំណេររបស់លោក Bill Gates ដែលបានសរសេរនៅក្នុងប្លុកផ្ទាល់ខ្លួនរបស់លោក។
ប៉ុន្តែលោកថា “ របកគំហើញដ៏ធំបំផុត” សម្រាប់លោកផ្ទាល់នៅពេលបានអានសៀវភៅរបស់លោក Rosling ដែលបានលើកឡើងពីចំណាត់ថ្នាក់ទ្រព្យសម្បត្តិ ៤ កម្រិតរបស់ពិភពលោក គឺកម្រិតទី១ ស្ថិតនៅក្នុងស្ថានភាពភាពក្រីក្រខ្លាំង។ កម្រិតនេះមានអ្នកដែលអាចរស់បានត្រឹមចំណូល ២ ដុល្លារក្នុងមួយថ្ងៃ ឬ ក៏តិចជាងនេះ ខណៈដែលចំណាត់ថ្នាក់ទ្រព្យសម្បត្តិរបស់អ្នកកម្រិតទី ៤ វិញ បានចំណាយប្រាក់ដល់ទៅជាង ៣២ ដុល្លារក្នុងមួយថ្ងៃ។ លោកបន្តថា ប្រជាជនសាកលលោកភាគច្រើន ឬ ៣ ពាន់លានអ្នក កំពុងរស់នៅក្នុងកម្រិតទី២ ដែលបានចំណាយចន្លោះពី ២ ទៅ ៨ ដុល្លារក្នុងមួយថ្ងៃ។
លោក Rosling លើកទឹកចិត្តឲ្យមនុស្សប្រើប្រាស់គំរូរបស់លោកជាជាងប្រើពាក្យដោយបែងចែកដូចជា “ អភិវឌ្ឍន៍” និង“ កំពុងអភិវឌ្ឍ” ពីព្រោះដូចមហាសេដ្ឋី Bill Gatesពន្យល់ស្រាប់គឺថា៖« វាពិបាកក្នុងការទទួលស្គាល់សង្គមមួយថា កំពុងមានវឌ្ឍនភាពបោះជំហានទៅមុខ ប្រសិនបើអ្នកបែងចែកពិភពលោកទៅជាប្រទេសអ្នកមាន និងប្រទេសក្រីក្រ។ នៅពេលដែលវាមានជម្រើសត្រឹមតែ ២ដូច្នេះ អ្នកទំនងជាគិតថា អ្នកដែលគ្មានគុណភាពជីវិតត្រឹមត្រូវមួយ គឺជា អ្នកក្រីក្រ»។
លោកបានបន្តទៀតថា៖« អ្នកដែលមានទ្រព្យសម្បត្តិស្ថិតនៅក្នុងកម្រិតទី ៤ ជួយអ្នកឲ្យយល់ថា មនុស្សដែលស្ថិតនៅក្នុងកម្រិតមធ្យមកំពុងតែមានទ្រព្យសម្បត្តិច្រើន។ សៀវភៅនេះល្អណាស់ ហើយវាមិនងាយស្រួលទេដើម្បីអាចឲ្យយើងរៀនសូត្រពីភាពចន្លោះប្រហោងរបស់ពិភពលោក។ ពិភពលោកនឹងកាន់តែល្អប្រសើរជាងនេះ បើមនុស្សរាប់មាននាក់បានអានសៀវភៅនេះ»៕
ប្រភព៖ CNBC