សង្គម​រស់នៅ សង្គម​ការ​ងារ និង​សង្គម​គ្រួសារ​ គ្មានថ្ងៃជោគជ័យទេបើអ្នកនៅតែព្យាយាមចាប់កំហុសគ្នា​



រស់នៅក្នុងសង្គមមួយមិនថាជីវិតការងារ ជិវិតរស់នៅក្នុងគ្រួសារក្នុងសង្គម ឬជីវិតអាជីវកម្មទេ អ្នកមិនអាចរស់នៅតែម្នាក់ឯងបានទេ វាចាំបាច់បំផុតការប្រាស្រ័យទាក់ទងគ្នាជាមួយសមាជិកគ្រួសារ សមាជិកដែលជាក្រុមការងារ និងសមាជិកដែលជាដៃគូអាជីវកម្ម។ ការងាររបស់អ្នកនឹងមានដំណើរការទៅបានដោយរលូន បើម្នាក់ៗខិតខំសាមគ្គីគ្នា ចុះសម្រុងគ្នាជាធ្លុងមួយ ទោះមានគំនិតរាងខុសប្លែកគ្នាបន្តិច ក៏នៅតែរក្សាគោលដៅរួមដើម្បីសម្រេចវាបានជាមួយគ្នា។

តែការងារទាំងនោះនឹងមិនអាចមានពន្លឺនៃភាពជោគជ័យឡើយ បើម្នាក់ៗរស់នៅជាមួយគ្នាចាំចាប់កំហុសគ្នា មើលបំណាំ បង្កើតបញ្ហាឲ្យគ្នាទៅវិញទៅមក។ ហេតុអ្វីបានជាក្រុមការងាររបស់អ្នកមិនអាចទទួលបានជោគជ័យ? 

១) អ្នកគិតតែពីរឿងមុខមាត់ ខ្លាចម្នាក់នេះល្អជាង ខ្លាចម្នាក់នោះល្អជាង មិនគិតដល់ការបំពេញការងារ៖ ករណីនេះមិនមែនមានតែក្នុងរង្វង់បុគ្គលិកគ្នាឯងទេ តែពេលខ្លះរវាងអ្នកដឹកនាំ និងកូនចៅព្រោះមេខ្លាចកូនចៅពូកែជាង ត្រូវថ្នាក់លើបន្ទាប់មើលឃើញគុណសម្បត្តិ។ ហើយមួយទៀតកូនចៅច្រណែនមេរបស់ខ្លួនព្រោះការដាក់កំណត់ភាពតឹងរ៉ឹង ក៏ព្យាយាមចាប់កំហុសរាយការណ៍ទៅថ្នាក់លើជាការសងសឹកវិញ។

២) អ្នកគ្មានថ្ងៃអភិវឌ្ឍខ្លួនឯងបានឡើយ៖ អ្នកមានពេលឯណាមកអភិវឌ្ឍខ្លួន បើអ្នកចំណាយពេលវេលា ចំណាយកំលាំងនិងថាមពលរបស់អ្នកដើម្បីសំឡឹងរកចំណុចអាក្រក់មនុស្សជុំវិញខ្លួនបែបនេះ។ អ្នកភ្លេចគិតសូម្បីក្តីសុខរបស់ខ្លួនឯង ភ្លេចថាខ្លួនឯងដើរដល់ណា ហើយកំពុងបន្តដំណើរទៅណាទៀត។

៣) អ្នកនឹងក្លាយជាមនុស្សមានជំងឺផ្លូវចិត្ត៖ ព្រោះតែភាពចង្អៀតចង្អល់របស់អ្នកធ្វើឲ្យខួរក្បាលអ្នកគិតឃើញតែរឿងមិនល្អ រឿងដែលគ្មានប្រយោជន៍សម្រាប់ខ្លួនឯង សម្រាប់អាជីវកម្ម និងសង្គមជាតិ។ ភាពអវិជ្ជមានជាថ្មាំពុលចូលទៅបំផ្លាញខួរក្បាលរបស់អ្នក អ្នកនឹងជួបអារម្មណ៍តានតឹងជាប់ជានិច្ច មើលមិនឃើញពណ៌ដ៏ស្រស់ស្អាតនៃពិភពលោក ចងភ្ជាប់ខ្លួនជាមួយនឹងកំហឹងស្ទើរគ្រប់ពេល។

៤) អ្នកនឹងខាតបង់ច្រើនជាងចំនេញ៖ គិតមើលថាក្រុមការងារមួយដែលត្រូវធ្វើការងារជាមួយគ្នា តែសមាជិកក្នុងក្រុមមិនចុះសម្រុងគ្នាសោះ ទាមទាររកអ្នកថ្មី ឬផ្លាស់ប្តូរទៅក្រុមថ្មី។ អ្នកជាថ្នាក់ដឹកនាំក៏ដូចគ្នា បើគ្រាន់តែបុគ្គលិកសាងកំហុសបន្តិចបន្តួចហើយព្យាយាមចាប់ទោសអូសដំណើរ សួរថាពេលណាទើបគេមានពេលរៀនសូត្រពីការងារហើយជួយអ្នកក្នុងការរកប្រាក់ចំណូលបាន។ ពេលខ្លះដោយសារភាពមិនចុះសម្រុងគ្នានេះបានឈានដល់ការបញ្ឈប់ដោយរំពឹងថាមិនពិបាកទេដើម្បីស្វែងរកបុគ្គលិកថ្មី ជាក់ណាស់ថាងាយនឹងរក តែអ្នកត្រូវខាតពេលក្នុងការបណ្តុះបណ្តាល បង្វឹកការងារសារជាថ្មីឡើងវិញ សួរថាអ្នកណាដែលជាអ្នកខាតពិតប្រាកដ។

វិធីសាស្រ្តល្អបំផុតក្នុងនាមជាសហគ្រិន បើដឹងថាបុគ្គលិកកំពុងមានបញ្ហា ឬមានកំហុសគឺព្យាយាមលើកទឹកចិត្តដោយសារណែនាំពីកំហុស លើកទឹកចិត្តឲ្យគាត់កែប្រែខ្លួនឲ្យបានល្អឡើងវិញចាប់យកឱកាស និងរឿងល្អៗមកអនុវត្តដើម្បីអនាគតខ្លួនគាត់ផ្ទាល់។ និយាយប្រាប់គាត់ពីផលល្អ និងផលអាក្រក់នៃទង្វើរបស់គាត់ ហើយឲ្យគាត់ពិចារណាឡើងវិញ។ អ្នកធ្វើបែបនេះមានន័យថា អ្នកកំពុងព្យាយាមដុសខាត់ ជួសជុលអ្វីមួយដែលគ្រាន់តែខូចខាតបន្តិចបន្តួច ដើម្បីរក្សាតម្លៃនិងផលប្រយោជន៍ទាំងខ្លួនអ្នកនិងបុគ្គលិក៕

ដោយ៖ យ៉ាយ៉ា

 

X
5s