ពីអាជីវកម្មមានត្រឹម៧តុ ក្លាយជាភោជនីយដ្ឋាន២សាខាធំៗ សហគ្រិនគំរូបង្កើបប្រាប់វិធីសាស្ត្រ
ទោះធ្លាប់បរាជ័យជាមួយការបើកអាជីវកម្មដំបូងក្ដី ប៉ុន្តែលោកស្រី កែវ សុម៉ានី ម្ចាស់ភោជនីយដ្ឋាន River Bay មិនបាក់ទឹកចិត្តចំពោះការធ្វើអាជីវកម្មឡើយ។ ផ្ទុយទៅវិញ លោកស្រីបានយកភាពបរាជ័យទាំងនោះប្រែក្លាយជាបទពិសោធន៍ពង្រឹងខ្លួនឯង បន្ទាប់មកក៏ចាប់ផ្ដើមអាជីវកម្មថ្មីមួយទៀតដែលដំបូងមានត្រឹមតែ៧តុប៉ុណ្ណោះ រហូតវិវត្តក្លាយជាភោជនីយដ្ឋានដែលមាន ២សាខាធំៗ និងមានបុគ្គលិករហូតដល់ ៩៥នាក់។
ក្នុងកិច្ចសម្ភាសន៍ជាមួយ Bizkhmer សហគ្រិនស្ត្រីគំរូលោកស្រី កែវ សុម៉ានី ចែករំលែកថា ចំណុចចម្បងដំបូងដែលលោកស្រីតែងគិតនៅពេលចាប់ផ្ដើមអាជីវកម្មគឺ ការចេះជ្រើសរើសទីតាំង។ លោកស្រីបានចាប់ផ្ដើមអាជីវកម្មផ្នែកចំណីអាហារដែលមានត្រឹម៧តុនេះ ដំបូងឡើយគឺស្ថិតនៅមជ្ឈមណ្ឌលកោះពេជ្រ ដែលជាទីតាំងដ៏ល្អមួយនិងកំពុងអភិវឌ្ឍន៍ ពិសេសគឺមានភ្ញៀវទេសចរណ៍ជាច្រើនមកកម្សាន្ត។ ម្យ៉ាងទៀតទោះជាអាជីវកម្មលោកស្រីជាតូបតូចៗក្ដី ប៉ុន្តែទីនោះមានចំណតយានយន្តសមរម្យដែលបានបង្កភាពងាយស្រួលដល់ភ្ញៀវ។
ចំណុចសំខាន់ទី២ លោកស្រីលើកឡើងថា ម្ចាស់អាជីវកម្មត្រូវចេះរៀបចំផែនការអាជីវកម្មឲ្យបានច្បាស់លាស់នៅពេលដែលចាប់ផ្ដើមធ្វើអាជីវកម្មដំបូង។ ផែនការអាជីវកម្មត្រង់ចំណុចនេះគឺចង់បង្ហាញថា ម្ចាស់អាជីវកម្មត្រូវសិក្សាទៅលើ ផ្នែកហិរញ្ញវត្ថុ ផ្នែកធនធានមនុស្ស រួមផ្សំនឹងជំនាញក្នុងការធ្វើទីផ្សារផងដែរ។
បន្ថែមលើចំណុចសំខាន់ទាំងពីរខាងលើ ម្ចាស់ភោជនីយដ្ឋានរូបនេះប្រាប់ថា ភោជនីយដ្ឋានរបស់លោកស្រីតែងសិក្សាលើកម្រិតជីវភាពរបស់ប្រជាជនកម្ពុជា ពិសេសលើកត្តាប្រាក់ចំណូល ពោលគឺធ្វើយ៉ាងណាដើម្បីឲ្យតម្លៃអាចសមស្របទៅនឹងជីវភាពរបស់អតិថិជន ដើម្បីឲ្យពួកគាត់អាចជួបជុំក្រុមគ្រួសារ មិត្តភក្តិ ប្រកបដោយភាពរីករាយ។
ឆ្លើយតបដោយទឹកមុខញញឹមលោកស្រី សុម៉ានី បន្តប្រាប់ថា ទោះបីជាអាជីវកម្មក្នុងវិស័យចំណីអាហារមានច្រើន ព្រមទាំងមានការប្រកួតប្រជែងខ្លាំងក៏ដោយ តែអ្វីដែលសំខាន់ឲ្យតែយើងអាចរក្សាបាននូវអត្តសញ្ញាណរបស់ខ្លួនឯង មានន័យថា ទាំងតម្លៃ រសជាតិ អនាម័យ បរិយាកាសល្អ រួមនឹងសេវាកម្មល្អផងនោះ លោកស្រីជឿថាអាជីវកម្មរបស់លោកស្រីនឹងនៅតែអាចឈរជើងលើទីផ្សារបាន៕
ដោយ៖ ជួប ស្រីរ័ត្ន