ក្រសួង​ត្រៀម​ថវិកា​ជាង​១០០​លាន​ដុល្លារ​ពង្រីក​និង​ស្ដារ​ផ្លូវ​ជាតិ​លេខ​៤​នា​ដើម​ឆ្នាំ​២០២០​



តាម​ប្រសាសន៍​របស់​ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​និង​ដឹក​ជញ្ជូន បាន​លើក​ឡើង​ថា​ ក្រសួង​និង​ត្រៀម​ថវិកា​ប្រមាណ ១១០​លាន​ដុល្លារ​អាមេរិក ដែល​ជា​កម្ចី​ពី​ធនាគារ​ពិភព​លោក សម្រាប់​ការ​ពង្រីកនិង​ស្ថាបនា​ផ្លូវ​ជាតិ​លេខ​៤។ ការ​លើក​ឡើង​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី បើក​ការដ្ឋាន​ជួសជុល​ផ្លូវ​ខេត្ត​ចំនួន​ពីរ​ខ្សែ គឺ​ផ្លូវ​លេខ​១៤៦ និង​ផ្លូវ​លេខ ១៤៨ នា​ខេត្ត​ព្រះសីហនុ កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ។

ឯកឧត្ដម រដ្ឋមន្ត្រី មានប្រសាសន៍​ថា សព្វ​ថ្ងៃ​ផ្លូវ​ជាតិ​លេខ​៤​មាន​ថ្នល់​កៅស៊ូ​ត្រឹម​តែ៧​ម៉ែត្រ​ប៉ុណ្ណោះ​ ដោយ​មាន​នៅ​សល់​ដី​ក្រហម​សងខាង​។ ដូច្នេះ​ដើម្បី​សម្រួល​ដល់​ការ​កកស្ទះ​ចរាចរណ៍ និង​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ ក្រសួង​នឹង​ធ្វើ​ការ​ពង្រីក ព្រម​ទាំង​ស្ដារ​ផ្លូវ​នេះ​ឡើង​វិញ​។ គម្រោង​នេះ​ត្រូវ​បាន​សិក្សា​ចប់​សព្វគ្រប់​អស់​ហើយ និង​គ្រោង​ដាក់​ឲ្យ​ដេញ​ថ្លៃ​នៅ​ ខែ​វិច្ឆិកា ឆ្នាំ​២០១៩​នេះ ព្រម​ទាំង​សម្រេច​បើក​ការដ្ឋាន​ស្ដារ​ផ្លូវ​នា​ដើម​ឆ្នាំ​២០២០​ខាង​មុខ។

ជា​មួយ​គ្នា​នេះ​ឯកឧត្ដម​ក៏​បាន​លើក​ផង​ដែរ​ថា ផ្លូវ​ល្បឿន​លឿន​១៩០​គីឡូម៉ែត្រ​ពី​ភ្នំពេញ​ទៅ​ក្រុង​ព្រះសីហនុ​ដែល​កំពុង​តែ​ដំណើរ​ការ​សាងសង់​ និង​ចំណាយ​ថវិកា​ចំនួន​២ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​នោះ​ គ្រោង​នឹង​បញ្ចប់​ដំណើរ​ការ​សាងសង់​នា​ខែ​កញ្ញា ឆ្នាំ​២០២២​ខាង​មុខ​នេះ៕

ដោយ៖ ជួប ស្រីរ័ត្ន

X
5s