ពិតជាដំណឹងល្អ! វិស័យជលផលកម្ពុជានឹងទទួលបានជំនួយគាំទ្រពី EU
នៅក្នុងជំនួបជាមួយ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩កន្លងទៅនាវិមានសន្តិភាព លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ដែលនឹងត្រូវបញ្ចប់អាណត្តិបានថ្លែងថា សហភាពអឺរ៉ុបនឹងផ្ដល់ជំនួយដល់ការគាំទ្រវិស័យជលផលកម្ពុជាប្រមាណជាង១០០លានដុល្លារអាមេរិក នាថ្ងៃពុធទី២១ ខែសីហា ឆ្នាំ២០១៩ខាងមុខនេះ។
នៅក្នុងជំនួបសម្ដែងការគួរសម លោកឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបលើកឡើងថា កន្លងមកសហភាពអឺរ៉ុបក៏បានផ្ដល់ជំនួយលើវិស័យសំខាន់ៗរបស់កម្ពុជាដូចជា វិស័យកសិកម្ម បម្រែបម្រួលអាកាសធាតុជាដើម។ មិនតែប៉ុណ្ណោះលោកថា សហភាពអឺរ៉ុបនឹងបន្តជួយដល់កម្ពុជាលើវិស័យព្រៃឈើ ដែលបច្ចុប្បន្នរដ្ឋាភិបាលកំពុងប្រយុទ្ធប្រឆាំង។
ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍មួយចំនួនពាក់ព័ន្ធនឹងដំណើរការរបស់តុលាការខ្មែរក្រហមដែលនឹងមកដល់ទីបញ្ចប់នៅពេលខាងមុខនេះ ហើយសម្តេចក៏បានអរគុណចំពោះ EU ដែលបានជួយវិភាគទានក្នុងការស្វែងរកយុត្តិធម៌ចំពោះប្រជាពលរដ្ឋកម្ពុជា ជាពិសេសមិនត្រឹមតែប្រជាពលរដ្ឋដែលបាត់បង់អាយុជីវិតប៉ុណ្ណោះទេ ថែមទាំងជួយដល់ប្រជាពលរដ្ឋរងគ្រោះដែលបានឆ្លងកាត់របបប្រល័យពូជសាសន៍នោះថែមទៀតផង៕
ប្រភព៖ Samdech Hun Sen, Cambodia Prime Minister