ឈរ​ជើង​បាន​ជិត​២០​ឆ្នាំ! ការ​ពិត​ក្រុមហ៊ុន​ខន់ហ្វីរេល(Confirel)​ ផ្ដោត​លើ​ចំណុច​សំខាន់​ទាំង​នេះ​



បើ​និយាយ​ពី​ផលិតផល​ស្ករ​ត្នោត និង​ម្រេច​កំពត​ដែល​មាន​គុណភាព មនុស្ស​ភាគ​ច្រើន​នឹង​នឹក​ឃើញ​ដល់​ក្រុមហ៊ុន​ខន់ហ្វីរេល​ (Confirel)។ លោក ហ៊ីម ពិសិដ្ឋ អគ្គនាយករង​នៃ​ក្រុមហ៊ុន​ ខន់ហ្វីរេល បាន​លើក​ឡើង​ថា​ គិត​មក​ដល់​ពេល​នេះ​ក្រុមហ៊ុន​ខន់ហ្វីរេល ដំណើរការ​បាន​១៩​ឆ្នាំ​ហើយ​ ហើយ​អាច​ឈរ​មក​ដល់​ពេល​នេះ​បាន​ដោយ​សារ​ក្រុមហ៊ុន​តែង​គិត​ដល់ ប្រសិទ្ធភាព និង​ផលិតភាព។ ការ​លើក​ឡើង​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​វេទិកា​ផ្គូផ្គង​អាជីវកម្ម​សម្រាប់​សហគ្រាស​កែ​ច្នៃ​ចំណី​អាហារ និង​ផលិតផល​កសិកម្ម​២០១៩ នា​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ​កាល​ពី​ពេល​ថ្មីៗ។

 

លោក​អគ្គនាយករង ហ៊ីម ពិសិដ្ឋ បន្ត​លើក​ឡើង​ថា ក្រុមហ៊ុន​ដែល​ប្រៀប​បាន​នឹង​កូន​ក្រមុំ​អាយុ​ដែល​ទើប​ពេញ​វ័យ​នេះ តែង​ត្រូវ​បាន​វិនិយោគិន​មិន​តិច​ឡើយ​បាន​ចាប់​អារម្មណ៍​និង​ធ្វើ​ការ​ចរចា​ ជា​ពិសេស​គឺ​វិនិយោគិន​ធំៗ​ដែល​ចូល​មក​ពី​បរទេស​ ដែល​​តែង​គិត​ដល់​កូន​ក្រមុំ​អាយុ​១៩​ឆ្នាំ​នេះ​មុន​គេ។ លោក​ថា​ ប្រសិន​បើ​ក្រុមហ៊ុន​មិន​បាន​គិត​ដល់​ប្រសិទ្ធភាព​និង​ផលិតភាព​នៃ​ផលិតផល​ទេ​ ពិត​ជា​ឈរ​មិន​បាន​ដល់​ថ្ងៃ​នេះ​ទេ។

បន្ថែម​ពី​លើ​នេះ លោក ពិសិដ្ឋ ចែក​រំលែក​ថា បច្ចុប្បន្ន​ទីផ្សារ​កំពុង​តែ​ប្រកួត​ប្រជែង​ខ្លាំង ពិសេស​ជា​មួយ​ផលិតផល​បរទេស ដូច្នេះ​ប្រសិន​បើ​យើង​រត់​មិន​ទាន់​ទេ​យើង​នឹង​ដួល​ហើយ។ លោក​បាន​លើក​ជា​ឧទាហរណ៍​ថា កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​មាន​ក្រុមហ៊ុន​ទឹក​សុទ្ធ​ជា​ច្រើន​ដែល​បង្កើត​ឡើង​ហើយ​ក៏​ដួល​ទៅ​វិញ នៅ​សល់​តែ​ក្រុមហ៊ុន​ទឹក​សុទ្ធ​មួយ​ចំនួន​ដូច​ជា​ វីតាល់ និង Lyyon ជា​ដើម ​ដែល​លោក​ជឿ​ថា​ជា​ក្រុមហ៊ុន​ដែល​មាន​វិធីសាស្ត្រ រួម​ជា​មួយ​ស្តង់ដារ​នៃ​ការ​ផលិត​ខ្ពស់៕

ដោយ៖ ជួប ស្រីរ័ត្ន

X
5s