សម្ដីដកស្រង់ចំនួន១០ឃ្លា ដែលនិយាយអំពីការឈឺចាប់ពីការរំពឹងទុក
អ្វីៗនៅក្នុងលោកនេះមិនមែនចេះតែកើតឡើងទៅតាមចិត្តរបស់អ្នកនោះទេ។ ការរំពឹងទុកគឺជាប្រភពនៃសេចក្ដីទុក្ខ វាបានត្រឹមតែផលិតនូវសេចក្ដីអស់សង្ឃឹមរបស់អ្នកប៉ុណ្ណោះ។ ឯមនុស្សដែលគួរបន្ទោសមិនមែនជានរណាម្នាក់នោះទេ តែគឺជាខ្លួនឯងដែលបានដាក់ក្ដីរំពឹងទៅលើអ្វីមួយឬនរណាម្នាក់។ រឿងរ៉ាវកើតឡើងសុទ្ធតែមានហេតុរបស់វា។ មានពេលខ្លះមានតែការអត់ធ្មត់របស់អ្នកតែប៉ុណ្ណោះទើបអាចឲ្យអ្នកទទួលបាននូវអ្វីដែលអ្នកចង់បាន។ ថ្ងៃនេះយើងបានចងក្រងនូវសម្ដីដកស្រង់ចំនួន១០ឃ្លា ដែលនិយាយអំពីការឈឺចាប់ពីការរំពឹងទុក៖
១) «បើអ្នកមិនរំពឹងទុកអ្វីទាំងអស់ពីអ្នកដទៃនោះអ្នកនឹងគ្មានថ្ងៃខកចិត្តនោះឡើយ។» Sylvi Plath
២) «នៅពេលអ្នកឈប់រំពឹងទុកចង់ឲ្យអ្នកដទៃល្អឥតខ្ចោះ នោះអ្នកនឹងអាចចូលចិត្តគេជាគេពិតប្រាកដ។» Donald Miller
៣) «ខ្ញុំមិនមែននៅក្នុងពិភពលោកនេះដើម្បីរស់នៅទៅតាមការរំពឹងទុករបស់អ្នក ហើយអ្នកក៏មិនមែននៅក្នុងពិភពលោកដើម្បីរស់នៅទៅតាមការរំពឹងទុករបស់ខ្ញុំនោះដែរ។» Bruce Lee
៤) «បើអ្នកចំណាយពេលវេលារបស់អ្នកផ្ដោតទៅលើថាតើអ្នកដទៃគេគិតបែបណាចំពោះអ្នក តើអ្នកនឹងភ្លេចថាខ្លួនឯងជានរណាដែរទេ ? ចុះបើសិនជាមុខដែលអ្នកបង្ហាញទៅកាន់ពិភពលោកគឺគ្រាន់តែជារបាំងមុខហើយគ្មានអ្វីសោះនៅខាងក្រោមនោះ ?» Jodi Picoult
៥) «ការរំពឹងទុកប្រៀបបាននឹងផើងស្មូនដែលល្អប្រណិតមួយដូច្នោះ។ បើកាលណាអ្នកកាន់វាកាន់តែខ្លាំង នោះវានឹងអាចបាក់បែកកាន់តែងាយ។» Brandon Sanderson
៦) «គាត់បានហែលនៅក្នុងសមុទ្រនៃការរំពឹងទុករបស់អ្នកដទៃ ហើយមនុស្សតែងលិចលង់នៅក្នុងសមុទ្របែបនេះឯង។» Robert Jordan
៧) «សង្ឃឹមទុកនូវអ្វីដែលល្អបំផុត តែត្រូវត្រៀមខ្លួនរួចជាស្រេចសម្រាប់អ្វីដែលអាក្រក់បំផុត។» Benjamin Israeli
៨) «ខ្ញុំធ្លាប់រំពឹងទុកថាអ្នកនឹងយកផ្កាមកឲ្យខ្ញុំ តែពេលនេះខ្ញុំបានដាំវាខ្លួនឯងហើយ។» Rachel Wolchin
៩) «នៅពេលអ្នកប្រលែងការរំពឹងទុករបស់អ្នក អ្នកមានសេរីភាពក្នុងការរីករាយជាមួយនឹងអ្វីៗដែលជាវាពិតប្រាកដជាជាងជាអ្វីដែលអ្នកគិតថាវាគួរតែបែបនោះ។» Mandy Hale
១០) «សេចក្ដីសុខគឺជាការជ្រើសរើសមិនមែនជាលទ្ធផលនោះទេ។ គ្មានអ្វីមួយដែលអាចធ្វើឲ្យអ្នករីករាយបាននោះទេបើអ្នកមិនជ្រើសរើសរីករាយនោះ ហើយក៏គ្មាននរណាម្នាក់អាចធ្វើឲ្យអ្នករីករាយបានបើអ្នកមិនសម្រេចចិត្តថារីករាយនោះដែរ។ សេចក្ដីសុខមិនរត់មករកអ្នកនោះទេ វាអាចកើតឡើងចេញពីអ្នកប៉ុណ្ណោះ។» Ralph Marston
ដោយ៖ ស្រីពៅ