លោកត្រាំកំពុងរកវិធីទិញទឹកដី Greenland ពីដាណឺម៉ាក
លោកប្រធានាធិបតី ដូណាលត្រាំ កំពុងជំរុញឱ្យជំនួយការរបស់លោកស្វែងរកវិធីដើម្បីទិញដីកោះ Greenland ពីដាណឺម៉ាក (Denmark) នេះបើយោងតាមមនុស្សបីនាក់ដែលបានដឹងពីការពិភាក្សានេះ។
ចំណាប់អារម្មណ៍របស់លោកត្រាំចំពោះការចង់ទិញដីទឹកកកនេះបានចាប់ផ្តើមកាលពីឆ្នាំមុនដែលក្នុងការប្រជុំមួយក្នុងការិយាល័យ Oval លោកត្រាំបាននិយាយលេងសើចប្រយោលអំពីមានបំណងចង់ទិញ Greenland ដើម្បីយកធនធានធម្មជាតិនៅទីនោះ នេះបើយោងតាមមនុស្សម្នាក់ដែលបានចូលរួមក្នុងការប្រជុំនេះដែរ។
ក្នុងរយៈពេលមួយឆ្នាំចាប់តាំងពីពេលនោះលោកប្រធានាធិបតីក៍បានវិលត្រឡប់ទៅរកប្រធានបទនេះម្តងទៀតដោយសួរជំនួយការរបស់លោកថាតើរូបលោកអាចទិញ Greenland ពី Denmark ។ ទោះបីជាទីប្រឹក្សារបស់លោកមានការមន្ទិលសង្ស័យលើរឿងនេះពិតមែនក៍ដោយ ប៉ុន្តែពួកទីប្រឹក្សារបស់លោកយល់ព្រមស្វែងរកពីមធ្យោបាយក្នុងការសុំទិញដីកោះទឹកកកនេះពី Denmark ។ ការចាប់អារម្មណ៍របស់លោកក្នុងការទិញ Greenland ត្រូវបានគេរាយការណ៍ជាលើកដំបូងកាលពីថ្ងៃព្រហស្បតិ៍តាមសារព័ត៌មាន The Wall Street Journal ។
Greenland នេះជាប្រទេសស្វ័យភាពដោយគ្រប់គ្រងនិងមានរដ្ឋាភិបាលខ្លួនឯងហើយក៍ជាផ្នែកមួយនៃព្រះរាជាណាចក្រ Denmark ។ ហើយលោក Trump គ្រោងនឹងធ្វើទស្សនកិច្ចនៅខែកញ្ញាខាងមុខនេះដើម្បីជួបជាមួយនាយករដ្ឋមន្រ្តី Denmark គឺលោក Mette Frederiksen និងព្រះមហាក្សត្រិយានី Margrethe II និងមេដឹកនាំរបស់ Greenland និងកោះ Faroe Islands ៕
ដោយ៖ នឿន វណ្ណៈ