ហេតុអ្វីអ្នកត្រូវខ្លាចការប្រកួតប្រជែង និងការគំរាមកំហែង?
ក្នុងជីវិតមនុស្សត្រូវឆ្លងកាត់ការសិក្សា ធ្វើការងារ ប្រកបជំនួញ ដែលរឿងរ៉ាវទាំងនេះសុទ្ធតែត្រូវជួបនឹងការប្រកួតប្រជែងពីដៃគូ។
ការប្រកួតប្រជែង និងការគំរាមកំហែងពីដៃគូប្រកួតវាមិនមែនជារឿងមួយដែលមនុស្សគ្រប់រូបចង់បានទេ។ តែអ្នកដែលស្អប់ ឬមានភាពភ័យខ្លាចនឹងប្រឈមជាមួយការប្រកួតប្រជែង គឺជាមនុស្សមិនស្គាល់តម្លៃពិតនៃភាពថាការប្រកួតប្រជែង។ តាមពិតទៅទោះវាផ្តល់ផលលំបាកកដល់អ្នកច្រើនក៏ពិតមែន តែការប្រកួតប្រជែង និងការគំរាមកំហែងផ្តល់ប្រយោជន៍ដល់អ្នកច្រើនណាស់៖
១) មានការរីកចម្រើន
មិនថាតែក្នុងជីវិតរស់នៅ ឬការប្រកបរបរអាជីវកម្មទេ ពេលមានការប្រកួតប្រជែង អ្នកនឹងមានការអភិវឌ្ឍខ្លួនបានច្រើន។ អ្នកសិក្សាដែលមានការប្រកួតប្រជែងធ្វើឲ្យអ្នករៀនបានពូកែជាងមុន ទទួលបានចំណេះដឹងច្រើនជាងមុនដោយសារការខិតខំស្រាវជ្រាវបន្ថែម។ អ្នកជំនួញក៏ដូចគ្នាដែរ ពេលមានការប្រកួតប្រជែងអ្នកនឹងខិតខំអភិវឌ្ឍផលិតផលអ្នកឲ្យកាន់តែល្អប្រសើរដើម្បីរកកកន្លែងឈរជើងលើទីផ្សារ។
២) ទទួលបានតម្លៃជាងមុន
ការខិតខំអភិវឌ្ឍខ្លួនដើម្បីទទួលបានអ្វីដែលល្អប្រសើរ ហើយពេលអ្នកបានទទួលលទ្ធផលតបពិការខិតខំប្រឹងប្រកួតរបស់អ្នក អ្នកនឹងកាន់តែមានតម្លៃ ហើយក៏មានអ្នកទទួលស្គាល់តម្លៃអ្នកជាងមុនដែរ។
៣) ផលិតភាពកើនឡើង
ចំពោះអាជីវកម្មដែលមានការប្រកួតប្រជែង ពួកគេតែងមានការស្រាវជ្រាវច្រើននិងដិតដល់ជាងអ្នកដែលមិនចូលចិត្តការប្រកួតប្រជែង ហើយការស្រាវជ្រាវរបស់គេ ការខិតខំរបស់គេក៏នឹងជួយឲ្យគេអាចបង្កើនផលិតភាពកាន់តែច្រើនដែរ។
៤) ផ្តល់ជម្រើសច្រើនដល់អតិថិជន
អតិថិជនអាចទទទួលបានជម្រើសច្រើនលើផលិតផល នៅពេលដែលអាជីវកម្មក្នុងសេដ្ឋកិច្ចមានការប្រកួតប្រជែងច្រើន រួមជាមួយតម្លៃកាន់តែទាប ហើយជម្រើសផលិតផលមានកាន់តែច្រើន។
ឃើញទេថា ការប្រកួតប្រជែងផ្តល់ផលប្រយោជន៍ខ្លាំងយ៉ាងណាដល់ជីវិតរស់នៅ និង ជីវិតអាជីវកម្មវាជួយឲ្យអ្នកក្លាយជាមនុស្សដែលរឹងមាំ និងអាចជំនះឧបសគ្គចំពោះមុខបាន។ ដូច្នេះគ្មានអ្វីដែលជាហេតុផលនាំឲ្យអ្នកភ័យខ្លាចចចំពោះការប្រកួតប្រជែងនោះទេប្រសិនបើអ្នកពិតជាចង់អភិវឌ្ឍខ្លួន និងទទួលបានភាពជោគជ័យពិតមែន៕
ដោយ៖ យ៉ាយ៉ា