ក្រុមហ៊ុនថៃ N-Squared ត្រៀមបញ្ចេញផែនការធំក្នុងការពង្រីកទីផ្សាររបស់ខ្លួនក្នុងតំបន់ចុងឆ្នាំ ២០១៩ នេះ​



ក្រុមហ៊ុន N-Squared eCommerce ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ដំណោះស្រាយធ្វើទីផ្សារតាមបណ្ដាញអ៊ីនធឺណិត (eCommerce) ដែលមានមូលដ្ឋាននៅប្រទេសថៃបានប្រកាសផែនការក្នុងការពង្រីកទីផ្សារថ្មីទៅក្នុងប្រទេសវៀតណាមនិងឥណ្ឌូណេស៊ីនៅចុងឆ្នាំ ២០១៩ នេះ។

ក្រុមហ៊ុន N-Squared eCommerce ជាក្រុមហ៊ុនដែលបង្កើតឧបករណ៍និងបច្ចេកវិទ្យាសម្រាប់ទីផ្សារអាស៊ីអាគ្នេយ៍ដែលផ្តល់នូវសេវាកម្មដូចជាការគ្រប់គ្រងភ័ស្តុភារ ការគ្រប់គ្រង omnichannel សេវាកម្មអតិថិជន ការអភិវឌ្ឍគេហទំព័រនិងបច្ចេកវិទ្យា ការធ្វើទីផ្សារតាមអ៊ីនធឺណិត ការវិភាគទិន្នន័យ និងការពិគ្រោះយោបល់ជាដើម។ ហើយកាលពីដើមឆ្នាំនេះក្រុមហ៊ុននេះក៏បានចាប់ផ្តើមអភិវឌ្ឍដំណោះស្រាយជជែកតាមអ៊ិនធឺណិតដែលប្រើបច្ចេកវិទ្យា AI ដើម្បីទាញយកផលចំណេញពីការកើនឡើងពីការធ្វើពាណិជ្ជកម្ម។

ក្រុមហ៊ុននេះបាននិយាយថាខ្លួនបានរកប្រាក់ចំណូលបានចំនួន ៧៣៥ លានបាត (ឬប្រហែល ២៤ លានដុល្លារអាមេរិក) ជាមួយនឹងអត្រាកំណើនប្រចាំឆ្នាំ ២៤៦% ចាប់តាំងពីឆ្នាំ ២០១៥ មកនេះ។ ហើយដៃគូគ្រប់គ្រង N-Squared eCommerce លោក Nuttapon Boonpinon មានប្រសាសន៍ថា N-Squared eCommerce កំពុងមានគោលដៅបង្កើនអាជីវកម្មរបស់ខ្លួនឲ្យកើនទ្វេដងរហូតដល់ជាង ១.៤ ពាន់លានបាត (ជិត ៤៥ លានដុល្លារអាមេរិក) ក្នុងឆ្នាំនេះ។ ហើយក្រៅពីពង្រីកទីផ្សារថ្មីទៅក្នុងប្រទេសវៀតណាមនិងឥណ្ឌូនេស៊ី ក្រុមហ៊ុននេះក៍គ្រោងនឹងពង្រីកទីផ្សារក្រុមហ៊ុនបច្ចុប្បន្នរបស់ខ្លួននៅប្រទេសម៉ាឡេស៊ី សិង្ហបុរី និងហ្វីលីពីននៅចុងឆ្នាំនេះផងដែរ៕

ដោយ៖ នឿន វណ្ណៈ

 

 

 

X
5s