Samsung គ្រោងនឹងបញ្ចេញស្មាតហ្វូនដែលមានបច្ចេកវិទ្យាថ្មថ្មីដែលសាកពេញប្រើពេលតិចជាង ៣០ នាទី
យោងតាមអ្នកបង្ហាញគ្រឿងអេឡិចត្រូនិចល្បីមួយរូបឈ្មោះ Evan Blass នៅលើបណ្តាញសង្គម Twitter បានអោយដឹងថា Samsung នឹងបញ្ចេញទូរស័ព្ទស្មាតហ្វូនដំណើរការដោយបច្ចេកវិទ្យាថ្ម graphene ដែលអាចសាកបានពេញក្នុងរយៈពេលក្រោម ៣០ នាទីក្នុងឆ្នាំ ២០២០ ឬប្រហែលជា ២០២១ ខាងមុខនេះ។
សព្វថ្ងៃនេះទូរស័ព្ទស្មាតហ្វូនជាច្រើនដំណើរការដោយបច្ចេកវិទ្យាថ្ម Lithium-ion ដែលអាចសាកថ្មពេញក្នុងរយៈពេលមួយម៉ោងឬកន្លះម៉ោង។ ប៉ុន្តែយោងតាមក្រុមហ៊ុនបច្ចេកវិទ្យាយក្យ Samsung បានប្រកាសថាបច្ចុប្បន្ននេះឆ្នាំងសាកល្បឿនលឿនបំផុតគឺជាឆ្នាំងសាកល្បឿន 45W របស់ស្មាតហ្វូន Note 10 ដែលអាចសាកថ្មស្មាតហ្វូនមួយនេះពេញក្នុងរយៈពេលជាងមួយម៉ោង។ នេះគ្រាន់តែជាសេចក្ដីអះអាងរបស់ក្រុមហ៊ុន Samsung ប៉ុណ្ណោះដែលមិនទាន់មានការធ្វើតេស្តបញ្ជាក់ពីសេចក្ដីអះអាងនេះនៅឡើយទេ។
កាលពីឆ្នាំ ២០១៧ ក្រុមហ៊ុន Samsung បានប្រកាសថាខ្លួនកំពុងអភិវឌ្ឍបច្ចេកវិទ្យាថ្ម graphene របស់ខ្លួនដោយនិយាយថា តាមទ្រឹស្តីវិទ្យាសាស្ត្រថ្ម graphene ត្រូវការពេលតែជាង ១២ នាទីប៉ុណ្ណោះដើម្បីសាកថ្មពេញ។ បច្ចេកវិទ្យាថ្មថ្មីនេះមានស្រទាប់អាតូមកាបូនតែមួយស្រទាប់នៃក្រាហ្វិច (graphite) ដែលមានប្រសិទ្ធភាពជាងទង់ដែង ១០០ ដងក្នុងការចម្លងចរន្តអគ្គិសនី។ ហើយវាក៏ផ្ទេរថាមពលលឿនជាងស៊ីលីកុន (silicon) ១៤០ ដងផងដែរដែលស៊ីលីកុននេះកំពុងប្រើប្រាស់ក្នុងបច្ចេកវិទ្យាលីចូម (lithium) ក្នុងពេលបច្ចុប្បន្ននេះ។
ដោយ៖ នឿន វណ្ណៈ