លោកស៊ាង សុបញ្ញា៖ ទោះជាបុគ្គលិកក៏គួរតែមានទេពកោសល្យសហគ្រិនភាពដើម្បីភាពរីកចម្រើនដែរ​



គ្រប់គ្នាសុទ្ធតែបានដឹងហើយថា សហគ្រិនភាពឬភាពជាសហគ្រិនគឺជាដំណើរនៃការរៀបចំ ការបើកអាជីវកម្ម ឬការប្រតិបត្តិអាជីវកម្មថ្មីថ្មោងណាមួយសម្រាប់បុគ្គលមួយរូប។ បើក្រឡែកទៅមួយផ្នែកទៀតឲ្យស៊ីជម្រៅជាងនេះ ពាក្យថាសហគ្រិនភាពគឺជាការចាប់ផ្តើមអ្វីមួយជាមួយគំនិតច្នៃប្រឌិតខ្ពស់ ការស្រាវជ្រាវ បង្កើត ការហានប្រឈមមុខនឹងទទួលយកហានិភ័យ ដើម្បីបានផលចំណេញត្រលប់មកវិញ។

 

លោក ស៊ាង បញ្ញា អគ្គនាយករងសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានមានប្រសាសន៍ថា៖ សហគ្រិនជាបុគ្គលដែលពោរពេញទៅដោយគំនិតច្នៃប្រឌិតក្នុងការបង្កើតអ្វីមួយ មានចំណង់ចំណូលចិត្តក្នុងការស្រាវជ្រាវរកអ្វីថ្មីៗ ដើម្បីដោះស្រាយបញ្ហាដែលកំពុងកើតមានក្នុងសង្គម។ សហគ្រិនជាបុគ្គលដែលចេះបែងចែកធនធាន ធ្វើការសន្សំសំចៃ ប្រើប្រាស់ធនធានដែលមានឲ្យអស់ពីលទ្ធភាព ដើម្បីទទួលបានលទ្ធផលអតិបរមាត្រលប់មកវិញ។ 

 

លោកបន្តថា អ្វីដែលមានទាំងអស់ដែលបានលើកឡើងនេះនៃមិនមែនទាល់តែបុគ្គលម្នាក់ដែលជាអ្នករកស៊ី បើកអាជីវកម្មមួយទើបអាចយកវាទៅប្រើបានទេ តែមនុស្សគ្រប់គ្នាគួរបណ្តុះខ្លួនឯងនូវភាពជាសហគ្រិននេះ។ ដូចជាបុគ្គលិកក្រុមហ៊ុននីមួយៗ គាត់គួរមានគំនិតច្នៃប្រឌិតក្នុងការបំពេញការងារជាប្រចាំរបស់គាត់ ថាគាត់គួរធ្វើការងារមួយនេះដោយវិធីណាទើបអាចទទួលបានផលចំណេញ ទាំងការប្រើប្រាស់ធនធាន ការបែងចែកពេលវេលា។

 

ក្នុងការធ្វើការងារជាក្រុមលើគម្រោងមួយ តើគួរដាក់មនុស្សប៉ុន្មាននាក់ឲ្យសក្តិសមនឹងទំហំការងារនោះ ហើយលទ្ធផលដែលរំពឹងទុកវាអាចស៊ីគ្នាទៅនឹងចំណាយដែរឬទេ។ រាល់ធនធានដែលប្រើបើយើងគិតជាលុយវិញ តើវាអាចនឹងខ្ជះខ្ជាយ ឬជួយសន្សំបានកម្រិតណា។ គំនិតសហគ្រិនភាពវាជាគំនិតមួយដែលហ៊ានប្រថុយនឹងហានិភ័យ ព្រោះថាវាជាគំនិតច្នៃប្រឌិតថ្មីជាការសិក្សាថ្មីដើម្បីរកដំណោះស្រាយដែលកំពុងកើតមាន។ តែទន្ទឹមនឹងហានិភ័យនេះបើអ្នកធ្វើការវិភាគនិងពិចារណាត្រឹមត្រូវមុនពេលសម្រេចចិត្តនោះលទ្ធផលដែលទទួលបានក៏នឹងល្អជាងអ្នកដទៃដែរ ហើយកម្រិតនៃការអភិវឌ្ឍសមត្ថភាពរបស់អ្នកក៏កាន់តែប្រសើរឡើងដូចគ្នា។

 

ពេលអ្នកធ្វើវាបានវាបង្ហាញថាអ្នកជាបុគ្គលដែលមានភាពជាអ្នកដឹកនាំល្អ ហើយក្រុមហ៊ុនណាក៏សម្លឹង និងទាមទារចង់បានអ្នកដែរ។ មិនតែប៉ុណ្ណោះខ្លួនអ្នកកំពុងធ្វើដំណើរលើវិថីមួយឆ្ពោះទៅរកសហគ្រិនភាពសម្រាប់ខ្លួនឯងដែរនៅថ្ងៃអនាគត៕

ដោយ៖ យ៉ាយ៉ា

 

 

 

X
5s