រដ្ឋាភិបាល​គាំទ្រ​គម្រោង​ជីក​យក​ប្រេង​ ឧស្ម័ន​លើ​​ផ្ទៃ​ដី​ជាង​៧​ពាន់​គីឡូ​ម៉ែត្រ​របស់​ក្រុមហ៊ុនមួយ​



បន្ទាប់​ពី​ការ​ស្នើ​សុំអនុញ្ញាត​លើ​គម្រោង​អភិវឌ្ឍន៍​ប្លុក​ប្រេង​ទី​៨ លើ​ដំណើរ​ការ​ស្វែង​រក​ប្រេង​និង​ឧស្ម័ន របស់​ក្រុមហ៊ុនAngkor Gold Corp  រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ខាង​លើ ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន EnerCam Resources Co. Ltd. (“EnerCam”)  អនុវត្ត​លើ​គម្រោង​លើ​ទំហំ​ដី​សម្បទាន​ ៧៣០០​គីឡូម៉ែត្រ​ក្រឡា។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​ក្រុមហ៊ុន​ Angkor Gold Corp កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ។

លោក Stephen Burega  នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ Angkor Gold Corp លើក​ឡើង​ថា Angkor គឺ​ជា​ក្រុមហ៊ុន​រុករក​ប្រេង​ដំបូង​គេ​បង្អស់​របស់​កាណាដា ដែល​ត្រូវ​បាន​ទទួល​ការ​យល់​ព្រម​លើ​គម្រោង​ស្វែង​រក​ប្រេង និង​ឧស្ម័ន​នៅ​កម្ពុជា។ ជា​មួយ​គ្នា​នេះ​លោក Mike Weeks ប្រធាន​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន  Angkor មាន​ប្រសាសន៍​ថា យើង​ពិត​ជា​រីករាយ​ចំពោះ​ទីតាំង​ដ៏​ល្អ​សម្រាប់​វិស័យ​ទាញ​យក​ប្រេង​ និង​ឧស្ម័ន​នៃ​អាស៊ីអាគ្នេយ៍ ហើយ​ក្រុមហ៊ុន​កំពុង​រង់ចាំ​ការ​ចរចា​លើ​កិច្ច​ព្រមព្រៀង​ចែក​រំលែក​ផលិតផល និង​ពិនិត្យ​ឡើង​វិញ​លើ​កម្រិត​រញ្ជួយ​ដី។

លោក ជៀប សួរ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត បាន​មានប្រសាសន៍ថា “យើង​ពិត​ជា​រីករាយ​ដែល​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​អង្គរ ក្នុង​ការ​អភិវឌ្ឍ​សក្ដានុពល​ប្រេង និង​ឧស្ម័ន​របស់​កម្ពុជា”៕ 

រូបភាព៖ PVN

ដោយ៖ ជួប ស្រីរ័ត្ន

X
5s