ស្ថាបនិកឦសានកាហ្វេ៖ បុគ្គលិកតិចមិនមែនជាបញ្ហាទេ សំខាន់បុគ្គលិកមានជំនាញ​



ធនធានមនុស្សជាកត្តាចំបងដែលជួយឲ្យដំណើរការអាជីវកម្មទទួលបានភាពជោគជ័យ ឬជួបការបរាជ័យ។ អាជីវកម្មដែលអាចបន្តដំណើររបស់ខ្លួនលើផ្លូវឆ្ពោះទៅរកភាពជោគជ័យ គឺមានធនធានមនុស្ស ឬបុគ្គលិកប្រកបដោយជំនាញ និងមានការសហការគ្នាបានល្អក្នុងក្រុម។

ឦសានកាហ្វេ ជាយីហោកាហ្វេក្នុងស្រុកមួយបើកដំណើរការដោយកូនខ្មែរ និងជាសហគ្រិនស្រ្តីវ័យក្មេងស្រស់សោភាមួយរូបគឺកញ្ញា សុវណ្ណ ណាគ្រី

 

បើកដំណើរការអាជីវកម្មលើវិស័យកាហ្វេអស់រយៈពេលជាងបី (៣) ឆ្នាំ បច្ចុប្បន្នឦសានកាហ្វេ មានបុគ្គលិកតែ ៩ នាក់ប៉ុណ្ណោះសរុបទាំង ២ សាខា។ ទោះបីទំហំក្រុមការងារនៅតូច សមាជិកតិច តែហាងឦសានកាហ្វេនៅតែអាចឈរជើងបានក្នុងការប្រកួតប្រជែងលើទីផ្សារ ដោយសារបុគ្គលិកដែលបំរើការក្នុងហាងម្នាក់ៗសុទ្ធតែយល់ច្បាស់ពីការងារ។ ការបណ្តុះបណ្តាលបុគ្គលិកជាប្រចាំ ជារឿងមួយដែលឦសានកាហ្វេមិនដែលមើលរំលង ហើយបុគ្គលិកក្នុងហាងឦសានកាហ្វេគ្រប់គ្នាមានទម្លាប់ទទួលខុសត្រូវ និងមានជំនាញលើការងារច្រើនមុនមិនមើលបំណាំថា បំពេញតែការងារណាដែលជាតួនាទីរបស់ខ្លួនហើយការងារអ្នកដទៃមិនទទួលដឹងឮនោះឡើយ។

 

កញ្ញា សុវណ្ណ ណាគ្រី បានឲ្យដឹងថា បុគ្គលិកម្នាក់ត្រូវកាន់ការងារច្រើន ស្តាប់ទៅដូចជាហត់បន្តិច តែមិនមែនថាគាត់ត្រូវធ្វើការច្រើនគ្រប់មុនរហូតទេព្រោះការងារត្រូវដាក់កាលវិភាគ និងធ្វើការផ្លាស់ប្តូរគ្នាប្រចាំថ្ងៃ។

កញ្ញាក៏បានបញ្ជាក់បន្ថែមទៀតថា បុគ្គលិកក្នុងហាងគ្រប់គ្នាសុទ្ធតែចេះឆុងកាហ្វេ ចេះលីង និងចេះប្រើម៉ាស៊ីនលីងកាហ្វេ សូម្បីការជួសជុលម៉ាស៊ីនក៏បុគ្គលិកស្រីៗក្នុងហាងឦសានកាហ្វេអាចធ្វើបានដែរ។ “សមាជិកក្រុមការងាររបស់ឦសានកាហ្វេតិចពិតមែន តែបើម្នាក់ៗមានជំនាញ និងយល់ច្បាស់ពីការងារក្នុងហាងវាមិនមែនជារឿងដែលគួរឲ្យព្រួយបារម្ភពីដំណើរការអាជីវកម្មទេ  ទោះបីថ្ងៃខ្លះមានសមាជិកណាម្នាក់អវត្តមានដោយជាប់ធុរៈ ក៏មិត្តរួមការងារផ្សេងទៀតអាចបន្តដំណើរការក្នុងហាងបានដោយមិនមានការស្ទះការងារឡើយ” ស្ថាបនិករូបនេះបានបន្ថែម។ 

ការងារនឹងសម្រេចទៅដល់គោលដៅនៅពេលសមាជិកក្នុងក្រុមសុទ្ធតែមានជំនាញ យល់ច្បាស់ពីការងារ ចេះចែករំលែកបទពិសោធន៍ឲ្យគ្នាទៅវិញទៅមក និងមានកិច្ចសហការគ្នាជាធ្លុងមួយ៕

ដោយ៖ យ៉ាយ៉ា

 

X
5s