កម្រងសុភាសិតដែលប្រកបដោយគតិបណ្ឌិតចំនួន១០ ពីអាមេរិកជនជាតិដើម
អាមេរិកជនជាតិដើមឬពួកឥណ្ឌាក្រហម គឺជាក្រុមមនុស្សដំបូងបង្អស់ដែលបានមកដល់ទឹកដីដែលយើងសព្វថ្ងៃស្គាល់ថាសហរដ្ឋអាមេរិក ដែលយ៉ាងតិចអាចនឹង១៥០០០ឆ្នាំមុនឬយូរជាងនេះ។ ពួកគេមានការយល់ដឹងស៊ីជម្រៅអំពីជីវិតដែលអ្នកគួរសិក្សាស្វែងយល់ពីពួកគេ។ អត្ថបទថ្ងៃនេះយើងបានដកស្រង់នូវសុភាសិតចំនួន១០ឃ្លារបស់កុលសម្ព័ន្ធនេះដូចមាននៅខាងក្រោម៖
១) «បើអ្នកឆ្ងល់ជាញឹកញាប់ នោះកាដូនៃចំណេះដឹងនឹងមករកអ្នក។»
២) «វាមិនមានការស្លាប់នោះទេ គ្រាន់តែមានការផ្លាស់ប្ដូរពិភពលោកប៉ុណ្ណោះ។»
៣) «នៅពេលមនុស្សចេញឆ្ងាយពីធម្មជាតិ បេះដូងរបស់ពួកគេនឹងក្លាយជារឹង។»
៤) «គ្រប់សត្វទាំងអស់ដឹងច្រើនលើសពីអ្នកទៅទៀត។»
៥) «មុនពេលបរិភោគ ត្រូវចំណាយពេលសម្រាប់ផ្ដល់ការអំណរគុណដល់អាហារ។»
៦) «អ្នកមិនអាចដាស់មនុស្សដែលធ្វើពុតជាគេងលក់នោះទេ។»
៧) «ស្ដាប់ បើមិនដូច្នោះទេអណ្ដាតរបស់អ្នកនឹងធ្វើឲ្យអ្នកថ្លង់។»
៨) «ចូរមានការអត់ធ្មត់ចំពោះមនុស្សដែលបានវង្វេងផ្លូវ។ ភាពល្ងង់ខ្លៅ អំនួត សេចក្ដីក្រោធ សេចក្ដីច្រណែនឈ្នានីស និងភាពលោភលន់ កើតចេញមកពីវិញ្ញាណដែលបានវង្វេង។ ចូរបួងសួងសុំឲ្យពួកគេរកឃើញអ្នកនាំផ្លូវ។»
៩) «នៅពេលឈាមនៅក្នុងសរសៃឈាមរបស់អ្នកត្រឡប់ទៅកាន់សមុទ្រវិញ ហើយផែនដីដែលនៅក្នុងឆ្អឹងរបស់អ្នកត្រឡប់ទៅកាន់ដីវិញ នៅពេលនោះប្រហែលជាអ្នកនឹងដឹងថាដីនេះមិនមែនជាកម្មសិទ្ធិរបស់អ្នកនោះទេ តែអ្នកវិញទេទើបជាកម្មសិទ្ធិរបស់ដីនេះ។»
១០) «ចូរមានការជ្រើសរើសចំពោះការប្រយុទ្ធរបស់អ្នក ព្រោះពេលខ្លះសន្តិភាពប្រសើរជាងជ័យជំនះ។»
ដោយ៖ ស្រីពៅ