ស្ថាបនិក​វ័យក្មេង​ឦសាន​កាហ្វេ​ប្រាប់វិធីសាស្ត្រ​៣យ៉ាង ធ្វើ​ឲ្យ​អតិថិជន​ឆាប់​ស្គាល់​



អាជីវកម្ម​ដែល​ទើប​តែ​ចាប់​ផ្ដើម​ថ្មីថ្មោង​ អាច​និយាយ​ថា​វា​ពិបាក​បន្តិច​ហើយ​ក្នុង​ការ​ធ្វើ​ឲ្យ​អតិថិជន​ស្គាល់​នូវ​ម៉ាក​យីហោ​របស់​ខ្លួន។ ដូច្នេះ​តើ​ម្ចាស់​អាជីវកម្ម​គួរ​មាន​យុទ្ធសាស្ត្រ​យ៉ាង​ណា​ខ្លះ​ដើម្បី​ម៉ាក​យីហោ​របស់​ខ្លួន​ឆាប់​ទទួល​បាន​ការ​គាំទ្រ? ជា​ការ​ឆ្លើយ​តប​នឹង​សំណួរ​ សហគ្រិន​ស្ត្រី​វ័យ​ក្មេង កញ្ញា សុវណ្ណ ណាគ្រី ស្ថាបនិក​នៃ​ហាង​កាហ្វេ​ឦសាន បាន​ចែក​រំលែក​នូវ​វិធីសាស្ត្រ​ផ្ទាល់​ខ្លួន​ខាង​ក្រោម​នេះ។

 

សហគ្រិន​ស្ត្រី​ស្រស់​សោភា​រូប​នេះ​ប្រាប់​ថា ពី​មុន​ខ្មែរ​យើង​មួយ​ចំនួន​ហាក់​មិន​សូវ​ជា​គាំទ្រ​ម៉ាក​យីហោ​នៅ​ក្នុង​ស្រុក​ប៉ុន្មាន​នោះ​ទេ ហើយ​នេះ​ក៏​ជា​មូល​ហេតុ​មួយ​ដែល​ធ្វើ​ឲ្យ​កញ្ញា​សម្រេច​ចិត្ត​បង្កើត​ម៉ាក​យីហោ​ក្នុង​ស្រុក​ឡើង​ក្នុង​គោល​បំណង​ពង្រឹង​ការ​គាំទ្រ​ឡើង​វិញ។ បន្ទាប់​ពី​បង្កើត​ម៉ាក​យីហោ​ឡើង កាហ្វេ​ឦសាន​ចាប់​ផ្ដើម​ពង្រឹង​គុណភាព​ផលិតផល បូក​រួម​និង​ការ​វិច​ខ្ចប់​។ រហូត​មក​ដល់​រយៈ​ពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ​ឃើញ​ថា​អតិថិជន​បាន​ចាប់​ផ្ដើម​ទទួល​ស្គាល់។

កញ្ញា ណាគ្រី បន្ត​ថា​ចំណុច​ដែល​សំខាន់​មួយ​ទៀត​នោះ គឺ​ត្រូវ​ពង្រឹង​បុគ្គលិក​ ធ្វើ​យ៉ាង​ណា​ឲ្យ​ពួកគាត់​ច្បាស់​ពី​ផលិតផល​ដែល​យើង​លក់​ និង​មិន​ក្លែង​បន្លំ​គុណភាព​ទំនិញ។ ចំពោះ​កាហ្វេ​ឦសាន បុគ្គលិក​ត្រូវ​ដឹង​ថា​កាហ្វេ​ដែល​លក់​នោះ​យក​មក​ពី​កន្លែង​ណា​ខ្លះ មាន​ប្រភេទ​គ្រាប់​កាហ្វេ​អ្វី​ខ្លះ ហើយ​តើ​ត្រូវ​លក់​នៅ​ក្នុង​តម្លៃ​ប៉ុន្មាន ដូច្នេះ​ជា​រួម​ពួកគាត់​ត្រូវ​យល់​ច្បាស់​ពី​ចំណុច​សំខាន់​របស់​ផលិតផល។

ចំណុច​សំខាន់​ចុង​ក្រោយ​កញ្ញា​ប្រាប់​ថា ដោយ​សារ​បច្ចុប្បន្ន​ជា​សម័យ​កាល​បច្ចេកវិទ្យា​ដូច្នេះ​ ការ​ធ្វើ​ទីផ្សារ​ក៏​ចាំបាច់​ត្រូវ​ពឹង​ផ្អែក​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ផ្គួបផ្សុំ​ផង​ដែរ៕

ដោយ៖ ជួប ស្រីរ័ត្ន

X
5s