​​បើ​ចង់​​ជោគជ័យ​ក្នុង​ការ​ដាក់​ពាក្យ​រក​ការងារ​ធ្វើ ​​កុំ​ភ្លេច​សរសេរ​៤​ចំណុច​នេះ​ក្នុង​CV ​ឲ្យ​សោះ​​



ដើម្បី​ឲ្យ​ប្រវត្តិរូប​សង្ខេប​ (CV)របស់​អ្នក​ទទួល​បាន​ការ​ចាប់​អារម្មណ៍​​ពី​បណ្ដា​ក្រុមហ៊ុន​ផ្សេងៗ​ ​អ្នក​ត្រូវ​តែ​ចេះ​រៀប​ចំ​ឲ្យ​បាន​ស្អាត ​​និង​ ​​ត្រូវ​ដឹង​ថា ​អ្វី​គួរ​សរសេរ​ និង អ្វី​មិន​គួរ​សរសេរ​ ​ដើម្បី​ជៀសវាង​​ការ​វាយ​តម្លៃ​មិន​ល្អ​​ណា​មួយ​។ ​ ដូច្នេះ​ហើយ ​​​​ដើម្បី​​ឲ្យ​​អ្នក​ឆែក​មើល​ប្រវត្តិរូប​សង្ខេប​របស់​អ្នក​​​ចាប់​អារម្មណ៍​​ ​និង ​​​​មិន​អាច​​មើល​រំលង​​នោះ ​អ្នក​គួរ​តែ​​សរសេរ​ចំណុច​សំខាន់​ៗ​ទាំង​នេះ​ចូល​៖ ១) ​​ពិពណ៌នា​អំពី​​ប្រវត្តិ​ការងារ​របស់​អ្នក​​៖ ​ដើម្បី​​ទាក់ទាញ​ចំណាប់​អារម្មណ៍​​របស់​ក្រុមហ៊ុន​​ដែល​អ្នក​ដាក់​ពាក្យ​​នោះ ​​គឺ​ត្រូវ​តែ​មាន​ការ​ ពិពណ៌នា​អំពី​ការងារ​ប្រវត្តិ​ការងារ​របស់​អ្នក​ឲ្យ​​លម្អិត​ ​ព្រោះ​ការ​ធ្វើ​បែបនេះ​ ​អាច​​ឲ្យ​អ្នក​អាន​ប្រវត្តិរូប​របស់​អ្នក កាន់​តែ​ដឹង​ច្បាស់​អំពី​ប្រវត្តិ​ការងារ​​ ​​និង​ ​​​កិច្ចការ​សំខាន់ៗ​ដែល​អ្នក​បាន​ធ្វើ​។ ​​ត្រូវ​ចាំ​ថា ​ប្រវត្តិ​ការងារ​គឺ​សំខាន់​ជាង​គេ​បង្អស់​ ​ព្រោះ​បើ​អ្នក​មិន​លម្អិត​ឲ្យ​ច្បាស់​ទេ ​នោះ​ក្រុមហ៊ុន​​ថ្មី​ក៏​មិន​អាច​យល់​ច្រើន​ពី​អ្នក​ដែរ​។​​​​ ២)​ ព័ត៌មាន​ដែល​អាច​ទាក់ទង​បាន៖ បេក្ខជន​មួយ​ចំនួន​តែង​ភ្លេច​បន្ថែម​នូវ​អ៊ីមែល ​និង ​លេខទូរស័ព្ទ​ ​​​ឬ​ក៏​ពេល​ខ្លះ​ពួក​គេ​ដាក់​វា​នៅ​ខាង​ក្រោម​បង្អស់​ដែល​ធ្វើ​ឲ្យ​អ្នក​អាន​​ពិបាក​ស្វែងរក​។វា​ពិត​ជា​សំខាន់​ណាស់​នៅ​ពេល​ដែល​ក្រុមហ៊ុន​ចង់​ទំនាក់ទំនង​ទៅ​អ្នក។ ​ដូច្នេះ​ហើយ ​ទាំង​លេខ​ទូរស័ព្ទ​ ​និង ​​អ៊ីមែល​ត្រូវ​តែ​សរសេរ​នៅ​កន្លែង​ដែល​ងាយ​ឃើញ​។​ ៣) ភាព​ជោគជ័យ​ដែល​អ្នក​មាន៖ ​​​​សូម​កុំ​ភ្លេច​​សរសេរ​អំពី​ស្នាដៃ​ការងារ ​និង ភាព​ជោគជ័យ​​របស់​អ្នក​ដែល​ទទួល​បាន​ ​នា​ពេល​កន្លង​មក​​ទាំង​ផ្នែក​ការងារ ​និង ការ​សិក្សា​ ដើម្បី​​បញ្ជាក់​​ប្រាប់​ក្រុមហ៊ុន​ថ្មី​​ថា ​អ្នក​ពិត​ជា​មនុស្ស​មាន​សមត្ថភាព​ក្នុង​ការ​បំពេញ​ការងារ​ ​ហើយ​​​ក៏​អាច​ជួយ​ឲ្យ​ក្រុមហ៊ុន​ថ្មី​នោះ​សម្រេច​ការងារ​សំខាន់ៗ​ជាច្រើន​​ ដែល​បេក្ខជន​ផ្សេង​ទៀត​មិន​អាច​​ធ្វើ​បាន​។​​​​ ៤) ​ប្រើ​​Link​ទៅ​កាន់​ការងារ​ចាស់ៗ​របស់​អ្នក​៖ ​​​ប្រសិន​បើ​អ្នក​ធ្លាប់​​ចេញ​ផ្សាយ​ស្នាដៃ​មួយ​ចំនួន​​នៅ​លើ​គេហទំព័រ​ ​ដែល​អាច​ទាក់ទង​នឹង​ការងារ​ថ្មី​នោះ ​ដូច​ជា ​ការ​សរសេរ​តែងសេចក្ដី ​​ការ​ថតរូប​ ​អត្ថបទ​សារព័ត៌មាន​ផ្សេងៗ ​ឬ អត្ថបទ​ស្រាវជ្រាវ​ ​អ្នក​គួរ​តែ​ដាក់​Link ​​នៅ​ក្នុង​ប្រវត្តិរូប​ ​ដើម្បី​ងាយ​ស្រួល​ដល់​​ក្រុមហ៊ុន​ទាំង​នោះ ​អាច​ចូល​​ទៅ​មើល​ស្នាដៃ​ជាក់ស្ដែង​របស់​អ្នក​តែ​ម្តង​​៕​​​ ប្រែ​សម្រួល៖  ព្រំ ​សុវណ្ណកណ្ណិកា ប្រភព៖  time.com
X
5s