ត្រឹម៥ខែដើមឆ្នាំ២០១៩ទំហំពាណិជ្ជកម្មកម្ពុជានាំចេញទៅជប៉ុនកើនជិត២ពាន់លានដុល្លារ
គិតត្រឹមរយៈពេល៥ខែនាដើមឆ្នាំ២០១៩នេះ ទំហំពាណិជ្ជកម្មកម្ពុជាដែលបាននាំចេញទៅកាន់ទីផ្សារប្រទេសជប៉ុនបានកើនឡើងដល់ ១៧០០លានដុល្លារអាមេរិក ខណៈដែលក្នុងរយៈពេលដូចគ្នានេះទំហំពាណិជ្ជកម្មជប៉ុនចូលមកកម្ពុជាមានទំហំ ៤៤០លានដុល្លារ។ នេះបើតាមហ្វេសប៊ុកផេករបស់សម្ដេច ហ៊ុន សែន។
នៅក្នុងជំនួបជាមួយឯកឧត្ដម ហ៊ីដេហ៊ីសា អូរីណូអ៊ូជី(Hidehisa Hironouchi) ឯកអគ្គរាជទូតជប៉ុន សម្ដេច ហ៊ុន សែន បានមានប្រសាសន៍ថា ឆ្នាំ២០១៨កម្ពុជាបាននាំចេញទៅប្រទេសជប៉ុនក្នុងទំហំទឹកប្រាក់ប្រមាណ ១៦០០លានដុល្លារអាមេរិក ហើយនៅក្នុងឆ្នាំ២០១៩នេះវិញ រយៈពេលត្រឹមតែ ៥ខែប៉ុណ្ណោះ ទំហំពាណិជ្ជកម្មកម្ពុជានាំចេញទៅជប៉ុនបានកើនឡើងដល់ ១៧០០លានដុល្លារសហរដ្ឋអាមេរិក នេះគឺជាជោគជ័យដ៏ធំនៅក្នុងបេសកកម្មការទូតរវាងប្រទេសទាំងពីរ។
សម្ដេចមានប្រសាសន៍បន្តថា ការវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាលពីឆ្នាំ២០១៨ ជប៉ុនបាននាំចូលមកកម្ពុជាក្នុងទំហំប្រាក់ចំនួន៤៤០លានដុល្លារប៉ុណ្ណោះ ប៉ុន្តែក្នុងឆ្នាំ២០១៩នេះត្រឹមរយៈពេល៥ខែប៉ុណ្ណោះ ជប៉ុនបាននាំចូលមកកម្ពុជាចំនួន៤៤០លានដុល្លាររួចទៅហើយ។ ទំនាក់ទំនងពាណិជ្ជកម្មដែលកើនឡើងនេះគឺដោយសារតែកិច្ចខិតខំប្រឹងប្រែងរបស់ លោកឯកអគ្គរាជទូតជប៉ុន៕
រូបភាព៖ vayo
ដោយ៖ ជួប ស្រីរ័ត្ន