ព្រះសមណគោតម៖ «ការចងចាំកំហុសអ្នកដទៃប្រៀបដូចទូលភ្នំភ្លើងលើក្បាលដូច្នេះដែរ។»​



លើលោកនេះមិនថាអ្នកជានរណា មកពីណាទេ សុទ្ធតែមានកំហុស។ បើគ្មានកំហុសទេគ្មាន ភាពរីកចម្រើន បើគ្មានកំហុស អ្នកមិនអាចរកផ្លូវឆ្ពោះទៅរកផ្លូវត្រូវបានឡើយ។ ប៉ុន្តែក្នុងសង្គមបច្ចុប្បន្ននេះនៅមានមនុស្សមួយចំនួនតូចដែលមានគំនិតអវិជ្ជមាន អគតិដែលចាំតែចាប់កំហុស និងចងចាំកំហុសអ្នកដទៃ ដើម្បីមុខមាត់ខ្លួន ឬភាពអត្មានិយមរបស់ខ្លួន បើទោះបីពេលខ្លះដឹងការពិតក៏ដោយតែប្រឹងនិយាយយកខ្លួនល្អ។ 

ព្រះសម្មាសម្មុទ្ធ ទ្រង់មានពុដ្ឋីកាថា៖ «ការចងចាំកំហុសអ្នកដទៃប្រៀបដូចទូលភ្នំភ្លើងលើក្បាលដូច្នេះដែរ។» មនុស្សដែលចាំតែចាប់កំហុស រកចន្លោះខ្វះខាតរបស់អ្នកដទៃ ក៏មួយថ្ងៃៗមិនធ្វើអ្វីទេ បើនិយាយអំពីលទ្ធផលការងារគឺសូន្យតែម្ដង ពីព្រោះខួរក្បាលរបស់ពួកមនុស្សទាំងនេះគឺប្រៀបដូចកាំមេរ៉ាសុវត្តិភាពដែលចាំតែឃ្លាំមើល២៤ម៉ោង។ ពេលខ្លះបើទោះបីជារកមិនឃើញកំហុសរបស់អ្នកដទៃក៏ដោយ ក៏ខ្លួននៅតែក្បត់ខួរក្បាលរបស់ខ្លួននិយាយបង្កាច់បង្ខូច និយាយបង្អាប់បង្អោន រំលឹកនូវកំហុសអតីតកាលដើម្បីបានជាលេសឲ្យគេមើលទៅម្នាក់នោះអាក្រក់។ មនុស្សប្រភេទនេះរស់នៅគ្មានក្ដីសុខទេ ក្បាលដូចទូលភ្នំភ្លើងអ៊ីចឹង។ 

សណ្ដានមនុស្សបែបនេះក្នុងខួរក្បាលពោរពេញទៅដោយភាពអវិជ្ចមាន ចាំតែរកល្បិចកល ដោយមិនខំប្រឹងយកខួរក្បាលទៅអភិវឌ្ឍន៍ រៀនសូត្រ ឬអានសៀវភៅបន្ថែមនោះទេ។ ខួរក្បាលពេញដោយគំនិតអគតិ ស្មោកគ្រោក។ មនុស្សប្រភេទនេះគ្មានថ្ងៃរីកចម្រើននោះឡើយ។ ពេលខ្លះពូកែខាងចាប់កំហុសអ្នកដទៃ រហូតភ្លេចមើលកំហុសរបស់ខ្លួន ចំណុចអាក្រក់របស់ខ្លួនថែមទៀតផង។ 

មនុស្សតែងតែបង្កើតកំហុស តែបើអ្នកវរល់ចាំតែចាប់កំហុស ចងចាំកំហុសរបស់អ្នកដទៃ នោះអ្នកគ្មានថ្ងៃរីកចម្រើននោះទេ។ កុំព្យាយាមចាប់កំហុសអ្នកដទៃ ឬចងចាំកំហុសរបស់អ្នកដទៃ តែអ្វីដែលត្រូវធ្វើគឺតាមរយៈការលះបង់ភាពអត្មានិយមរបស់ខ្លួន ក្រលែកមើលខ្លួនឯង មើលចំណុចខ្វះខាត ចំណុចអវិជ្ជមាន កំហុសរបស់ខ្លួនហើយខំប្រឹងកែប្រែ។ បើឃើញគេធ្វើល្អ សរសើរលើកទឹកចិត្តគេទៅ បំភ្លេចកំហុសគេទៅ។ លះបង់ខ្លះទៅ រក្សាចិត្តឲ្យស្ងប់៕

អត្ថបទដោយ៖ លង់ វណ្ណៈ

 

 

 

X
5s